អន្តរជាតិ
ក្រសួងការពារជាតិអាម៉េរិកមិនបញ្ជាក់អំពីកងកម្លាំងពិសេសអាមេរិកនៅកោះតៃវ៉ាន់
11, Oct 2021 , 8:29 am        
រូបភាព
រូបថតដែលផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយោធាតៃវ៉ាន់នេះ បង្ហាញពីរថក្រោះចាញ់គ្រាប់ក្នុងពេលធ្វើសមយុទ្ធយោធានៅក្រុង Taichung កោះតៃវ៉ាន់ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។ Military News Agency via AP
រូបថតដែលផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយោធាតៃវ៉ាន់នេះ បង្ហាញពីរថក្រោះចាញ់គ្រាប់ក្នុងពេលធ្វើសមយុទ្ធយោធានៅក្រុង Taichung កោះតៃវ៉ាន់ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។ Military News Agency via AP
ដោយ: VOA
មន្រ្តីក្រសួងការពារជាតិអាមេរិកកំពុងបដិសេធមិនបញ្ជាក់អំពីរបាយការណ៍ដែលថា កងកម្លាំងអាមេរិកនៅកោះតៃវ៉ាន់ បង្ហាត់កងទ័ពតៃវ៉ាន់ដោយសម្ងាត់ ដើម្បីត្រៀមខ្លួនក្នុងករណីមានការវាយប្រហារពីប្រទេសចិន។

កាសែត The Wall Street Journal កាលពីថ្ងៃព្រហស្បតិ៍បានរាយការណ៍ថា ក្រសួងការពារជាតិស.រ.អា.មានកងទ័ពប្រតិបត្តិការពិសេសប្រមាណជាង២០នាក់ដែលកំពុងធ្វើការជាមួយអង្គភាពមួយចំនួននៃកងកម្លាំងប្រដាប់អាវុធតៃវ៉ាន់ ខណៈកងម៉ារីនអាមេរិកាំងមួយក្រុមកំពុងបណ្តុះបណ្តាលកងកម្លាំងផ្សេងទៀតអំពីយុទ្ធសាស្ត្រលើសមុទ្រ។ មន្រ្តីសហរដ្ឋអាមេរិកដែលប្រាប់កាសែត The Wall Street Journal  ដោយមិនបញ្ចេញឈ្មោះបាននិយាយថា កងកម្លាំងអាម៉េរិកបានចូលរួមក្នុងប្រតិបត្តិការហ្វឹកហ្វឺនយ៉ាងហោចណាស់មួយឆ្នាំចុងក្រោយនេះ។ មន្រ្តីក្រសួងការពារជាតិស.រ.អា. នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធមិនបញ្ជាក់អំពីរបាយការណ៍នេះទេ ទោះបីជាយ៉ាងណា អ្នកនាំពាក្យម្នាក់បាននិយាយថា ទំនាក់ទំនងអាម៉េរិក-តៃវ៉ាន់ «នៅតែប្រឆាំងការគំរាមកំហែងនាពេលបច្ចុប្បន្ន បង្កឡើងដោយសាធារណរដ្ឋប្រជាមានិតចិន»។ លោក John Supple អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបានប្រាប់វីអូអេក្នុងសេចក្តីថ្លែងការណ៍មួយថា សាធារណរដ្ឋប្រជាមានិតចិនបានបង្កើនកិច្ចប្រឹងប្រែងបំភិតបំភ័យនិងដាក់សម្ពាធលើកោះតៃវ៉ាន់ និងសម្ព័ន្ធមិត្ត និងដៃគូដទៃទៀត រួមទាំងបង្កើនសកម្មភាពយោធានៅតំបន់ជុំវិញកោះតៃវ៉ាន់ នៅសមុទ្រចិនខាងកើត និងនៅសមុទ្រចិនខាងត្បូង ដែលយើងជឿជាក់ថា នាំឱ្យមានអស្ថិរភាពនិងបង្កើនហានិភ័យនៃការវាយតម្លៃខុស»។ លោកបានបន្ថែមថា «សហរដ្ឋអាមេរិកមានការចាប់អារម្មណ៍ចំពោះសន្តិភាព សន្តិសុខនិងស្ថិរភាពឥណ្ឌូ-ប៉ាស៊ីហ្វិក រួមទាំងនៅច្រកសមុទ្រតៃវ៉ាន់។ យើងជំរុញឱ្យរដ្ឋាភិបាលក្រុងប៉េកាំងគោរពការប្តេជ្ញាចិត្តរបស់ខ្លួន រកដំណោះស្រាយដោយសន្តិវិធីចំពោះការខ្វែងគំនិតគ្នាតាមច្រកសមុទ្រ ដូចមានចែងនៅក្នុងសេចក្តីថ្លែងការណ៍រួមទាំងបី»។ នៅពេលត្រូវបានសួរអំពីរបាយការណ៍របស់ The Wall Street Journalអ្នកតំណាងការិយាល័យធំរបស់តៃវ៉ាន់នៅសហរដ្ឋអាម៉េរិកបានប្រាប់វីអូអេថា ខ្លួនមិនមានយោបល់អ្វីទេ។ សមាជិកសភាអាម៉េរិកជាច្រើននាក់នៅថ្ងៃព្រហស្បតិ៍បាននិយាយថា ពួកគេក៏មិនអាចបញ្ជាក់ថា តើកងកម្លាំងពិសេសអាមេរិកកំពុងធ្វើការបណ្តុះបណ្តាលនៅកោះតៃវ៉ាន់ដែរ ឬយ៉ាងណាទេ យ៉ាងណាពួកគេបានសម្តែងការគាំទ្រចំពោះបេសកកម្មដែលត្រូវបានរាយការណ៍នេះ។ មន្រ្តីអាមេរិកបានសម្តែងការព្រួយបារម្ភកាន់តែខ្លាំងឡើងៗនាពេលថ្មីៗនេះ ដោយនិយាយថា អាកប្បកិរិយារបស់ចិនចំពោះកោះតៃវ៉ាន់កាន់តែគឃ្លើននិងប្រទូសរាយ។ ការព្រួយបារម្ភនេះកើនឡើង ដោយសារក្រុងប៉េកាំងលុកលុយម្តងហើយម្តងទៀត ដោយបានបញ្ជូនយន្តហោះយោធាជាង ១៥០ គ្រឿងចូលទៅក្នុងដែនអាកាសតៃវ៉ាន់ក្នុងរយៈពេលជាច្រើនថ្ងៃនេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានសម្តែងការខឹងសម្បាយ៉ាងឆាប់រហ័សចំពោះរបាយការណ៍ដែលថា កងកម្លាំងពិសេសអាមេរិកកំពុងបំពេញបេសកកម្មបណ្តុះបណ្តាលសម្ងាត់នៅតៃវ៉ាន់។ លោក Hu Xijin និពន្ធនាយកសារព័ត៌មាន Global Times របស់គណបក្សកុម្មុយនិស្តចិនបានសរសេរនៅលើ Twitter កាលពីថ្ងៃព្រហស្បតិ៍ថា«ហេតុអ្វីមានតែដប់ម្ភៃនាក់? ហេតុអ្វីបានជាសម្ងាត់?»។ ប៉ុន្តែហាក់ដូចជាមានការខិតខំប្រឹងប្រែងខ្លះដើម្បីបំបាត់ភាពតានតឹងខ្លះ។អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ឱ្យមានកិច្ចពិភាក្សាជាមួយរដ្ឋាភិបាលក្រុងប៉េកាំង។ លោកនិយាយថា គោលបំណងគឺ«កាត់បន្ថយចំណុចកកិត»។ ទោះយ៉ាងណា ក្នុងពេលជាមួយគ្នានេះដែរ លោក Price បាននិយាយថា តៃវ៉ាន់មានតួនាទីសំខាន់នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយលោកបានអញ្ជើញសម្ព័ន្ធមិត្តអាមេរិកចូលរួម«ពង្រីកទំនាក់ទំនងរឹងមាំជាមួយតៃវ៉ាន់»៕ (Nike Ching អ្នកឆ្លើងឆ្លងព័ត៌មានវីអូអេនៅក្រសួងការបរទេសស.រ.អា.រួមចំណែកក្នុងសេចក្តីរាយការណ៍នេះ ហើយព័ត៌មានខ្លះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Reuters) អានព័ត៌មានផ្ទាល់លើ VOA (https://khmer.voanews.com/a/pentagon-wont-confirm-us-special-forces-in-taiwan/6262830.html)

© រក្សាសិទ្ធិដោយ thmeythmey.com