ជាតិ
សេដ្ឋកិច្ច
លោក ប៉ាន សូរស័ក្តិ ៖ ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក កំពុង​ជួយ MSMEs នៅ​កម្ពុជា
11, Oct 2021 , 10:57 am        
រូបភាព
លោក  ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ រូបថត៖ MoC
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ រូបថត៖ MoC
ភ្នំពេញ៖ ការផ្លាស់ប្តូរ​ឌីជីថល(Digital Transformation) និង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-commerce) កំពុង​ជួយ​ជំរុញ​ផលិតភាព និង​ភាពប្រកួតប្រជែង​របស់​សហគ្រាស​មីក្រូធុន​តូច និង​មធ្យម (MSMEs) នៅ​កម្ពុជា។  នេះជាការលើកឡើងរបស់លោក  ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម។

 
​បើតាមលោក  ប៉ាន សូរស័ក្តិ បច្ចុប្បន្ន រដ្ឋាភិបាល​កម្ពុជា កំពុងរៀបចំ និង​ពង្រឹង​គោលនយោបាយ ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត និង​វិធានការ​ពាក់ព័ន្ធ​នានាស្តីពីការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(E-commerce) ដើម្បី​ពន្លឿន​ការអភិវឌ្ឍ​វិស័យសហគ្រាស​មីក្រូ ធុន​តូច និង​មធ្យម (MSMEs)ឱ្យបាន​ជោគជ័យ ប្រកប​ដោយ​ចីរភាព និង បរិយាបន្ន។​
 
រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មរូបនេះ  បានថ្លែងនៅក្នុង​​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី១៥ នៃ​សន្និសីទ​សហប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ (UNCTAD 15) នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស តាម​ប្រព័ន្ធ​វីដេអូ កាលពីថ្ងៃទី៨តុលា ឆ្នាំ២០២១ ដូច្នេះ៖ «ការផ្លាស់ប្តូរឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បាន និងកំពុងជួយជំរុញផលិតភាព និងភាពប្រកួតប្រជែងរបស់សហគ្រាសមីក្រូ ធនតូច និងមធ្យម (MSMEs) ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា»។
 
តែយ៉ាងណាមិញ ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ឌីជីថលនេះ ​ក៏​បាន​ពង្រីក​គម្លាត​ឌីជីថល​រវាង​ប្រទេស​អភិឌ្ឍន៍ និង​ប្រទេស​កំពុងអភិវឌ្ឍន៍។  ជាពិសេស​នោះគឺប្រទេស​អភិវឌ្ឍន៍តិចតួច ដូចជាកម្ពុជា ជាដើម។ ក្នុងន័យនេះ លោកប៉ាន សូរស័ក្តិ  ជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី ជាមួយ​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ​នានា គឺមាន​តួនាទី​សំខាន់​ក្នុង​ការជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ និង​ការទទួលបាន​ផលប្រយោជន៍​ពី​ពាណិជ្ជកម្ម​ឌីជីថល នឹងជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ការផ្ទេរ​បច្ចេកវិទ្យា ការពង្រឹង​ប្រព័ន្ធ​ច្បាប់ និង​គោលនយោបាយ និង​ការអភិវឌ្ឍ​សមត្ថភាព ដើម្បី​លើកកម្ពស់​ភាពច្នៃប្រឌិត និង​នវានុវត្តន៍​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។ 
 
លោក ប៉ាន សូរស័ក្តិ   បានបន្តលើកឡើងនៅក្នុងសន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ខាងលើ ដែលជា​កិច្ចប្រជុំ​កំពូល​របស់​អង្គការ UNCTAD ដែល​ធ្វើឡើង​រយៈពេល៤ឆ្នាំ​ម្ដង ដោយមាន​ការចូលរួម​ពី​សមាជិក​អង្គការ UNCTAD ១៩៥ប្រទេស និង​អង្គការ​អន្តរជាតិ ព្រមទាំង​ដៃគូ​មួយចំនួន​ទៀត ថា រដ្ឋាភិបាល​កម្ពុជា ​បាន​ដាក់ចេញ​​ក្របខ័ណ្ឌ​គោលនយោបាយសេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ឆ្នាំ២០២១-២០៣៥ ដែល​នឹង​រួមចំណែក​យ៉ាងខ្លាំង​ក្នុង​ការស្តារ ​ជំរុញ​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ថ្មី និង​លើកកម្ពស់​សុខុមាលភាព​សង្គម តាម​គន្លង​ប្រក្រតី​ថ្មី ក្រោយពី​វិបត្តិ​នៃ​ការឆ្លង​រាតត្បាត​​នូវ​ជំងឺ​កូវីដ-១៩។
 
ជាមួយ​គ្នា​នេះ លោក ក៏បាន​អំពាវនាវ​ឱ្យ UNCTAD បន្ត​ជួយ​គាំទ្រ​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច រួមទាំង​កម្ពុជា ក្នុងការពង្រឹង​សមត្ថភាព​ផលិត ការអភិឌ្ឍ​សមត្ថភាព​ស្ថាប័ន​ និង​ធនធានមនុស្ស និង​ជំនាញ​បច្ចេកទេស​ផង​ដែរ៕
 
 

Tag:
 ពាណិជ្ជកម្ម
  MSMEs
  លោក ប៉ាន សូរស័ក្តិ
© រក្សាសិទ្ធិដោយ thmeythmey.com