ជាតិ
សេដ្ឋកិច្ច
សហភាពអឺរ៉ុប នឹងផ្តល់ជំនួយឥតសំណងជាង ១៧លានដុល្លារដល់កម្ពុជា ដើម្បីអភិវឌ្ឍវិស័យកសិកម្ម
12, Oct 2021 , 8:00 pm        
រូបភាព
រូបតំណាង៖ ស្ត្រី២នាក់កំពុងកាត់បន្លែនៅក្នុងរោងផ្ទះសំណាញ់
រូបតំណាង៖ ស្ត្រី២នាក់កំពុងកាត់បន្លែនៅក្នុងរោងផ្ទះសំណាញ់
ភ្នំពេញ៖ សហភាព​អឺរ៉ុប(EU) នឹងផ្តល់​ជំនួយ​ឥត​សំណង​ចំនួន​១៥​លាន​អឺរ៉ូ​ (ប្រមាណ១៧លានដុល្លា) ដល់កម្ពុជា ដើម្បី​អភិវឌ្ឍ​នៅ​តាម​ទីជនបទ​។ ជាពិសេសគឺជួយប្រជា​កសិករ​​ឱ្យ​ទទួល​បាន​ទីផ្សារ​កាន់​តែ​ប្រសើរ​ និង​គាំទ្រ​ដល់​ការ​រីកចម្រើន​របស់​សហគ្រាស​ខ្នាតតូច​ និង​មធ្យម​នៅ​ក្នុង​វិស័យ​កសិកម្ម​។

 
សហភាពអឺរ៉ុប តាមរយៈធនាគារវិនិយោគអឺរ៉ុប(EIB) ត្រៀមផ្តល់ជំនួយឥតសំណងក្នុងទឹកប្រាក់ជាង១៧លានដុល្លារដល់កម្ពុជា ដើម្បីពន្លឿនគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ពន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជបនីយកម្មកសិកម្ម (SAAMBAT)។ បើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសេដ្ឋកិច្ច សហភាពអឺរ៉ុប និងធនាគារវិនិយោគអឺរ៉ុប គម្រោង SAAMBAT ដែលផ្តល់ជំនួយជាង១៧លានដុល្លារឱ្យកម្ពុជានេះ  គឺជាការវិនិយោគ ក្នុងភាពជាដៃគូក្រោមទឹកប្រាក់ចំនួន១០៥លានអឺរ៉ូ(ប្រមាណ១២០ដុល្លារអាម៉េរិក)  .។ វាជាការវិនិយោគរួមរវាងមូលនិធិសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម (IFAD) ធនាគារវិនិយោគអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា។ 
 
លើសពីនេះ ការរៀបចំគម្រោង SAAMBATឡើងនេះ គឺដើម្បីផ្តល់នូវភាពល្អប្រសើរផ្នែកការអភិវឌ្ឍផ្លូវ សុវត្ថិភាពចរាចរណ៍ ការលើកកម្ពស់ភាពធន់នឹងគ្រោះធម្មជាតិ​ និងការឆ្លើយតបចំពោះបញ្ហាខ្វះស្បៀងតាមរដូវ ខណៈប្រជាជនកម្ពុជាប្រមាណ២ភាគ៣ តែងជួបប្រទះនឹងបញ្ហាកង្វះស្បៀងជារៀងរាល់ឆ្នាំ ដោយសារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមិនទាន់រីកចម្រើនគ្រប់ជ្រុងជ្រោយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានខាងលើ។
សេចក្តីប្រកាសដដែល  បានបញ្ជាក់ថា គម្រោងនេះ នឹងលើកកម្ពស់ជីវភាពពលរដ្ឋកម្ពុជា នៅតាមទីជនបទជាង២០ម៉ឺនគ្រួសារ ដោយបង្កើតការងារបាន៤ ៥០០កន្លែង និងការបង្កើតសហគ្រាសខ្នាតតូច និងមធ្យមថ្មី ៥០០នៅទូទាំងប្រទេសកម្ពុជា។ បន្ថែមពីនេះ គម្រោងនេះក៏នឹងផ្តល់ការបណ្តុះបណ្តាលដល់ពលរដ្ឋកម្ពុជា ចំនួន២,៥ម៉ឺននាក់​អំពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញឱ្យអាជីវកម្មពលរដ្ឋកាន់តែល្អប្រសើរឡើង។
 

 
ជុំវិញ​ថវិកាជំនួយរបស់សហភាពអឺរ៉ុបនេះ​ លោក ហែម វណ្ណឌី ​ដែលជារដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​បាន​លើក​ឡើង​ថា ​ជំនួយ​ឥត​សំណង​ពី​សហភាព​នេះ​ គឺ​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់ ​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​ពន្លឿន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៃ​សហគមន៍​ជនបទ​នៅ​កម្ពុជា​។ លោកបាននិយាយដូច្នេះ៖ «ជំនួយនេះ គឺជារួមចំណែកដ៏មានសារៈសំខាន់មួយសម្រាប់ជំរុញការអភិវឌ្ឍប្រកបដោយភាពរីកចម្រើននៃសហគមន៍ជនបទនៅកម្ពុជា និងជាកត្តាលីករមួយបន្ថែមទៀតដើម្បីស្តារឡើងវិញពីការរីករាលដាលជំងឺកូវីដ-១៩ប្រកបដោយភាពបៃតង»។
 
បើតាមលោក លោក ហែម វណ្ណឌី ​ការគាំទ្រហិរញ្ញប្បទានរបស់សហភាពអឺរ៉ុបមកកម្ពុជានេះ វានឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងនៃការបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ និងដើម្បីធានាបាននូវសុវត្ថិភាពរបស់ពលរដ្ឋកម្ពុជា និងនិរន្តរភាពយូរអង្វែងនៃសេដ្ឋកិច្ចកម្ពុជា។ 
 
សូមរម្លឹកថា តាមរយៈការវិនិយោគ និងជំនួយឥតសំណងពីក្រុមអឺរ៉ុប​ និងបដិភាគរបស់រដ្ឋាភិបាលកម្ពុជា ប្រទេសកម្ពុជានឹងស្ថាបនាផ្លូវក្រាលកៅស៊ូប្រវែង៦៥០គីឡូម៉ែត្រ និងផ្លូវក្រួសក្រហមប្រមាណ១៥០គីឡូម៉ែត្រ។ ក្រៅពីនេះ កម្ពុជាក៏នឹងកែលម្អតំបន់ជុំវិញផ្សារជនបទចំនួន៥០កន្លែង និងទីតាំងផ្តល់ការគាំទ្រសេវានៃខ្សែច្រវាក់ផ្គត់ផ្គង់ចំនួន២៥ផ្សេងទៀត។
សូមជម្រាបផងដែរថា គម្រោងនេះនឹងទទួលបានហិរញ្ញប្បទានដែលជាជំនួយឥតសំណងចំនួន ៥៣,៣ លានដុល្លារពី IFAD ប្រាក់កម្ចី ៧៥,៨ លានដុល្លារពី EIB និងការរួមចំណែក ១២,៤ លានដុល្លារពីរដ្ឋាភិបាលកម្ពុជា៕

Tag:
 កសិកម្ម
  EU
© រក្សាសិទ្ធិដោយ thmeythmey.com