ជាតិ
សម្ដេច ស ខេង ឲ្យអភិបាលខេត្តមណ្ឌលគិរី ប្រឹងការពារធនធានធម្មជាតិ និងដោះស្រាយបញ្ហាដីធ្លី
12, Oct 2021 , 9:59 pm        
រូបភាព
សម្ដេច ស ខេង ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តរតនគិរី។ (រូបពីក្រសួងមហាផ្ទៃ)
សម្ដេច ស ខេង ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តរតនគិរី។ (រូបពីក្រសួងមហាផ្ទៃ)
ភ្នំពេញ៖ សម្ដេច ស ខេង ឲ្យលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដែលទើបឡើងកាន់តំណែង ប្រឹងប្រែងការពារធម្មធានធម្មជាតិ និងដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ។ ការលើកឡើងបែបនេះ ដោយសារសម្ដេច សង្កេតឃើញវិវាទដីធ្លីក្នុងខេត្តនេះ បន្តកើនឡើងគួរឲ្យកត់សម្គាល់។

 
សម្ដេច ស ខេង ឧ​បនាយករដ្ឋមន្រី្ត និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃលើកឡើងថា ក្នុងខេត្តមណ្ឌលគិរី មានបញ្ហាចម្បង ដូចជាធនធានធម្មជាតិ និងទំនាស់ដីដ្លីជាដើម ដែលត្រូវដោះស្រាយជាបន្តបន្ទាន់។ បើតាមសម្ដេច ស ខេង មន្រី្តខ្លះក៏ជាអ្នកបំពានទៅយកធនធាននិងទ្រព្យសម្បត្តិរបស់រដ្ឋដែរ។ 
 
ក្នុងពីធីប្រកាសចូលកាន់តំណែងអភិបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១២ តុលា សម្ដេច ស ខេង បានថ្លែងថា៖ «ខ្ញុំសង្ឃឹមនិងជឿជាក់ថា ឯកឧត្ដម ថង សាវុន រួមទាំងសហការីទាំងអស់បន្តការពារធនធានធម្មជាតិ មិនរំលោភបំពាន។ ទន្ទឹមនឹងនេះ ក៏ត្រូវតែខិតខំគោរពផលប្រយោជន៍របស់ប្រជាពលរដ្ឋ»។ 
 
បើតាមសម្ដេច ស ខេង ការរំលោភបំពានដីធ្លីរបស់ប្រជាពលរដ្ឋ តែងតែលេចឮព័ត៌មានជាហូរហែនៅក្នុងខេត្តមណ្ឌលគិរីនេះ។ «នេះជាបញ្ហា ដែលខ្ញុំស្នើឲ្យយកចិត្តទុកដាក់ ដើម្បីដោះស្រាយ»។ នេះជាការបញ្ជាក់របស់រដ្ឋមន្រ្តីមហាផ្ទៃ  ដែលបានណែនាំឲ្យគណអភិបាលនិងក្រុមប្រឹក្សាខេត្ត ត្រូវតែសហការគ្នា ដោយបំពេញតួនាទី ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋឲ្យបានល្អ។ 
 
នៅព្រឹកថ្ងៃដដែលនេះ ក្នុងពិធីចូលកាន់តំណែងអភិបាលខេត្តរតនគិរីដោយឡែកមួយទៀតនោះ សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានជំរុញឲ្យមន្រី្តបើកចិត្តឲ្យទូលាយ ទទួលយកមតិផ្ទុយផងដែរ។ សម្រាប់សម្តេច មតិផ្ទុយ ដែលប្រជាពលរដ្ឋ ឬមជ្ឈដ្ឋានផ្សេងៗលើកឡើង អាចជួយបំពេញភាពខ្វះចន្លោះ ដែលមន្រ្តីរដ្ឋាភិបាលពុំបានគិតដល់។ ដោយមើលឃើញពីសារសំខាន់ដូច្នេះហើយ ទើបសម្តេច ណែនាំឲ្យមន្រ្តីរដ្ឋាភិបាលទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ត្រងត្រាប់ស្តាប់មតិផ្ទុយទាំងនោះ៕ 
 

Tag:
 សម្ដេច ស ខេង
  ធនធានធម្មជាតិ
  ដីធ្លី
  មន្រី្ត
  រាស្រ្ត​
  មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com