ជាតិ
គោ១៧ក្បាលងាប់ នៅកំពង់ធំ ដោយសារពុលទឹកថ្នាំបាញ់ស្មៅរបស់ពលរដ្ឋ
13, Oct 2021 , 5:01 pm        
រូបភាព
គោស្លាប់ដោយសារពុលថ្នាំនៅខេត្តកំពង់ធំ។ (រូបពី ទំព័រហ្វេសប៊ុក លោក សួន សេរិរដ្ឋា)
គោស្លាប់ដោយសារពុលថ្នាំនៅខេត្តកំពង់ធំ។ (រូបពី ទំព័រហ្វេសប៊ុក លោក សួន សេរិរដ្ឋា)
ភ្នំពេញ៖ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ អះអាងថា គោដែលស្លាប់១៧ក្បាល មិនមែនករណីបំពុលឡើយ។ គោទាំងនោះ ចុះចូលស្រែពលរដ្ឋដែលទើបតែបាញ់ថ្នាំស្មៅក្នុងស្រែហើយ ទើបបណ្ដាលឲ្យស្លាប់។

 
លោក ប៉ែន វណ្ណរិទ្ធ ប្រធនាមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃនេះថា ពិតជាករណីងាប់គោ១៧ក្បាលមែន កាលពីអំឡុងបុណ្យភ្ជុំបិណ្ឌ។ ប៉ុន្តែករណីនេះ មិនដូចការចោទប្រកាន់ឡើយថា ជា ករណីដាក់ថ្នាំបំពុល។ 


 
ពលរដ្ឋក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន បានបាញ់ថ្នាំស្មៅស្រែ ហើយគោក៏ចុះទៅផឹកទឹកក្នុងស្រែនោះ ទើបបណ្ដាលឲ្យស្លាប់។ នេះបើតាមលោក វណ្ណរិទ្ធ ដោយបញ្ជាក់ថា៖ «ម្ចាស់ស្រែបានចរចាជាមួយម្ចាស់គោបាន៧នាក់ហើយ។ ពួកគេខ្លះព្រមទទួលសំណង ខ្លះមិនទាន់ព្រម ហើយក៏កំពុងជជែកគ្នាបន្ថែម»។ 
 
ជាមួយគ្នាដែរ ប្រធនាមន្ទីរកសិកម្មរូបនេះ បានបញ្ជាក់ថា ករណីខាងលើមិនប៉ះពាល់ ឬពុលដល់មនុស្សឡើយ។ ទន្ទឹមនឹងនេះ លោកអំពាវនាវឲ្យពលរដ្ឋគ្រប់រូប បង្កើនការប្រុងប្រយ័ត្នចំពោះការបាញ់ថ្នាំក្នុងស្រែ ហើយអ្នកចិញ្ចឹមសត្វ ក៏ត្រូវគ្រប់គ្រងសត្វឲ្យបានត្រឹមត្រូវផងដែរ។ លោកបន្ថែមថា ករណីខាងលើនេះ ទាំងម្ចាស់ស្រែ និងម្ចាស់គោសុទ្ធមានកំហុស៕ 

Tag:
 កំពង់
  គោល
  ពុលថ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com