ជាតិ
សេដ្ឋកិច្ច
អ្នកជំនាញលើកទឹកចិត្តស្រី្ត ឱ្យហ៊ានចូលប្រឡូកបង្កើតធុរកិច្ចថ្មី
14, Oct 2021 , 8:59 am        
រូបភាព
 កញ្ញា ស៊ូ ហ្សូលីដា (ឆ្វេង)  និង លោកស្រី ភូរិ កាល័បូត៍ រតនា
កញ្ញា ស៊ូ ហ្សូលីដា (ឆ្វេង) និង លោកស្រី ភូរិ កាល័បូត៍ រតនា
ដោយ៖ ស៊ូ សុគន្ធា 
 
ភ្នំពេញ៖ បច្ចុប្បន្ន ការចូលរួមរបស់យុវជនកម្ពុជា នៅក្នុងការបង្កើតអាជីវកម្មថ្មី (Startup) មានការរកើនឡើងគួរឱ្យកត់សម្គាល់ តាមរយៈការប្រកួតប្រជែងសមត្ថភាព និងបញ្ចេញគំនិតកែច្នៃប្រឌិតដោយបំពេញការងារជាក្រុម។ ប៉ុន្តែ ការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យនេះ ហាក់ដូចជានៅមានកម្រិត។ ជាមួយគ្នានេះ អ្នកជំនាញបានលើកទឹកចិត្តដល់ស្ត្រី ឱ្យហ៊ានប្រឡូកក្នុងការបង្កើតអាជីវកម្មថ្មី ឬធុរកិច្ចថ្មី ដោយអ្នកជំនាញជឿជាក់ថា ​វត្តមានរបស់ស្ត្រី នឹងកាន់តែធ្វើឱ្យការបង្កើតអាជីវកម្មថ្មី កាន់តែរីកចម្រើន។

ធុរកិច្ចថ្មី (Startup) សំដៅទៅលើប្រភេទអាជីវកម្មដែលមានគំនិតផ្តួចផ្តើមថ្មី ប្រតិបត្តិតាមគន្លងថ្មី ដែលមានបច្ចេកវិទ្យាជាចម្បងក្នុងការជំរុញដល់ប្រតិបត្តិការអាជីវកម្ម និងការផ្តល់ផលិតផលឬសេវាកម្មនានាទៅកាន់ទីផ្សារ។ លោកស្រី ភូរិ កាល័បូត៍ រតនា ជាស្ថាបនិកនិងប្រធានសមាគមអ្នកជំនាញវិនិយោគពិភពលោក (CFA) ធុរកិច្ចថ្មីឬអាជីវកម្មថ្មីមួយ ដើម្បីទទួលបានជោគជ័យ គឺអាស្រ័យទៅលើស្ថានភាពតម្រូវការសេវាកម្ម និងផលិតផល។
 
អតីតនាយកប្រតិបត្តិនៅ EuroCham Cambodia រូបនេះ  បានប្រាប់សារព័ត៌មាន ThmeyThmey ដូច្នេះថា៖«មនុស្សជាច្រើនចាប់អារម្មណ៍លើភាពជាសហគ្រិន មិនមែនដោយសារតែពួកគេចង់មានជីវភាពធូរធារនោះទេ ប៉ុន្តែពីព្រោះពួកគេចង់ធ្វើនូវអ្វីថ្មី»។ 
 
លោកស្រី ​បានកត់សម្គាល់ថា បច្ចុប្បន្នកម្ពុជាមាននិស្សិតវ័យក្មេងជាច្រើនដែលបានបញ្ចប់ការសិក្សា មានបំណងនិងកំពុងចាប់ផ្តើមបង្កើតអាជីវកម្មផ្ទាល់ខ្លួន ដោយជំនួសឱ្យការក្លាយជាបុគ្គលិកគេ ខណៈការចាប់ផ្តើមអាជីវកម្មរបស់ស្ត្រី នៅមានកម្រិត។


​​​​                   លោកស្រី ភូរិ កាល័បូត៍ រតនា
 
បើតាមលោកស្រី រតនា  បច្ចុប្បន្ន វត្តមានស្ត្រីនៅក្នុងវិស័យ Startup គឺត្រូវបានលើកទឹកចិត្តច្រើន តាមរយៈគម្រោងសហប្រតិបត្តិការនានា រវាងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអង្គការផ្សេងៗនៅកម្ពុជា។ ប៉ុន្តែការចូលរួមដោយផ្ទាល់របស់ស្ត្រីនៅក្នុងវិស័យនេះ មិនទាន់បានពេញលេញនៅឡើយ។ ​​​​ លោកស្រី បាននិយាយដូច្នេះថា៖«ខ្ញុំសង្ឃឹមថាស្រ្តីគ្រប់រូប មិនគួរភ័យខ្លាចក្នុងការបរាជ័យ [ក្នុងការប្រឡូកនឹងអាជីវកម្មថ្មីឡើយ] ហើយក៏មិនគួរភ័យខ្លាចក្នុងការបញ្ចេញពន្លឺរបស់ខ្លួនដែរ»។
 
ប្រធានCFA  រូបនេះ បន្តថា៖«ស្ត្រីនាំមកនូវគំនិតនិងការយល់ឃើញខុសពីបុរស ហើយការចូលរួមរបស់ស្រ្តីនៅក្នុងសង្គម គឺមានតម្លៃមិនអាចកាត់ថ្លៃបាននោះទេ»។ 

ជាមួយគ្នានេះ កញ្ញា ស៊ូ ហ្សូលីដា ជាអ្នកប្រឹក្សាជំនាញផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនិងវិនិយោគ នៅស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយ និងជាសហស្ថាបនិកនៃ Project Inspire ដែលជាស្ថាប័នជំរុញនិងលើកកម្ពស់ជំនាញនិងអាជីវកម្ម បានសង្កេតឃើញថា សេដ្ឋកិច្ចនៅប្រទេសកម្ពុជាបច្ចុប្បន្ន គឺមានភាពប្រកួតប្រជែងនិងរីកចម្រើនជាងមុន។ ប៉ុន្តែការចូលរួមរបស់ស្រ្តីនៅក្នុងវិស័យធុរកិច្ចបង្កើតថ្មីនៅមានកម្រិតនៅឡើយ។ 
 
បើតាមបទពិសោធការងារក្នុង និងក្រៅប្រទេសរបស់ កញ្ញា ហ្សូលីដា អាជីវកម្មដែលមានស្ត្រីនៅក្នុងថ្នាក់ដឹកនាំ គឺទទួលបានប្រាក់ចំណេញខ្ពស់ជាងបុរស ព្រោះតែស្ត្រីមានភាពច្នៃប្រឌិត ជំនាញ និងលទ្ធភាពសម្រេចចិត្តច្បាស់លាស់។  កញ្ញា បន្ថែមថា សព្វថ្ងៃ នៅកម្ពុជាមាន Startup មានជាង៣០០ ក៏ប៉ុន្តែ  Startup ដែលមានស្ថាបនិកជាស្ត្រីមានប្រហែល ២០ភាគរយប៉ុណ្ណោះ។  
 
កញ្ញា ហ្សូលីដា និយាយប្រាប់សារព័ត៌មាន ThmeyThmey ដូច្នេះថា៖«ខ្ញុំគិតថាចំនួនតិចនេះ គឺបណ្តាលមកពីស្ត្រីជួបប្រទះនូវឧបសគ្គរារាំងមួយចំនួន។ ឧបសគ្គសំខាន់មួយ គឺកត្តាសង្គមនិងគ្រួសារ ដែលស្ត្រីខ្វះមិនមានសិទ្ធិអំណាចគ្រប់គ្រាន់ សម្រេចចិត្តនៅក្នុងគ្រួសារ។ ដូចជា ការបង្វែរមូលធន ឬការចាយពេលវេលាទៅសកម្មភាពដែលគាំទ្រដល់គំនិតអាជីវកម្មរបស់ខ្លួន [ខណៈ]  សមត្ថភាពរបស់ស្ត្រីក៏នៅមានកម្រិត ដោយសារតែស្រ្តីមិនបានទទួលការហ្វឹកហាត់ ឬឱកាសប្រឡូកចូលក្នុងអាជីវកម្មបានច្រើនដូចបុរស»។
 
 ដ្បិតសព្វថ្ងៃ ស្ត្រីនៅកម្ពុជាមានសិទ្ធិអំណាចនិងបានចាប់យកឱកាសបង្កើតនិងពង្រីកអាជីវកម្មច្រើនជាងមុន តាមរយៈកម្មវិធីបណ្តុះបណ្តាលមួយចំនួនសម្រាប់ដោះស្រាយបញ្ហាហិរញ្ញវត្ថុរយៈពេលខ្លី និងបំប៉នសមត្ថភាពរបស់សហគ្រិនក៏ពិតមែនក្តី ប៉ុន្តែកញ្ញា ហ្សូលីដា យល់ឃើញថា ដើម្បីដោះស្រាយបញ្ហាទាំងស្រុងដែលស្ត្រីកំពុងជួបប្រទះ គ្រប់ភាគីពាក់ព័ន្ធគួរតែមានការផ្តោតសំខាន់បន្ថែមលើសម្ពាធនានាដែលស្ត្រីកំពុងទទួលរង និងលើការបង្កើតបណ្តាញទំនាក់ទំនងទូលាយមួយដែលអាចឱ្យស្ត្រីស្វែងរកការប្រឹក្សាអាជីវកម្ម ចាប់យកឱកាសថ្មីៗ និងដោះស្រាយបញ្ហាផ្សេងៗនៅក្នុងទីផ្សារ។


                       កញ្ញា ស៊ូ ហ្សូលីដា
 
កញ្ញា ហ្សូលីដា លើកឡើងថា៖«កំណើននៃការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យធុរកិច្ចថ្មី គឺត្រូវការពេលវេលា ហើយពេលវេលាដែលស្ត្រីត្រូវការនោះ គឺការពង្រឹងសមត្ថភាព បទពិសោធ និងផ្លូវចិត្តរបស់ខ្លួន ឈានទៅរកភាពជាអ្នកដឹកនាំដែលមានទំនួលខុសត្រូវខ្ពស់ជាងមុន»។ កញ្ញា បន្តទៀតថា៖«ខ្ញុំនៅតែមានសង្ឃឹមយ៉ាងមុតមាំថានឹងមានការចូលរួមពីស្ត្រីកាន់តែច្រើនជាងមុនក្នុងពេលដ៏ខ្លីនេះ»។
 
កញ្ញា ស៊ូ ហ្សូលីដា ក៏បានលើកទឹកចិត្តដល់សហគ្រិនស្ត្រី និងស្ត្រីដែលចង់ក្លាយខ្លួនជាសហគ្រិន ត្រូវជឿទុកចិត្តលើខ្លួនឯង ត្រូវព្យាយាមពង្រីកចំណងទាក់ទងរបស់ខ្លួននៅក្នុងសង្គម និងពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត។ អ្នកជំនាញរូបនេះ អះអាងថា៖«ការចូលរួមរបស់អ្នកទាំងអស់គ្នា នឹងក្លាយជាគំរូដល់បុគ្គលដទៃទៀត ហើយនឹងជួយឱ្យសេដ្ឋកិច្ចនិងប្រទេសជាតិកាន់តែរីកចម្រីន»៕

Tag:
 Startup
© រក្សាសិទ្ធិដោយ thmeythmey.com