ជាតិ
សម្ដេច ហ៊ុន សែន ហាមមិនឱ្យវាយ និងប្ដូររូបរាងសំណង់អគារបេតិកភណ្ឌឡើយ
× ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ហាមមិនឱ្យមានការវាយបំផ្លាញ ឬប្តូររូបរាង និងធ្វើឱ្យខូចសោភ័ណភាពចំពោះអគារបេតិកភណ្ឌទាំងនៅក្នុង និងក្រៅតំបន់ការពារឡើយ។ នេះបើតាមសារាចររបស់ រាជរដ្ឋាភិបាលកម្ពុជា។
ការចេញសារាចរហាមឃាត់នេះ ក្រោយពីរដ្ឋាភិបាលបានពិនិត្យឃើញ មានសំណង់អគារបេតិកភណ្ឌមួយចំនួន ត្រូវបានរងហានិភ័យ និងស្ថិតក្រោមការគំរាមកំហែងខ្ពស់ដោយការការអភិវឌ្ឍ ដែលទាមទារឱ្យមានការថ្លឹងថ្លែងរវាងការអភិវឌ្ឍ និងការអភិរក្ស។ ដើម្បីឱ្យការងារ អភិរក្សតំបន់បេតិកភណ្ឌទីក្រុង ដែលមានសំណង់អគារសាសនា សំណង់សាធារណៈ សំណង់ឯកជន និងផ្ទះបុរាណ រដ្ឋាភិបាលបានណែនាំស្របតាមច្បាប់ស្ដីពីកិច្ចការពារបេតិកភណ្ឌរួមមាន៖
១, ហាមឃាត់ចំពោះការកែប្រែ ការប្ដូររូបរាងខាងក្រៅ ឬធ្វើឱ្យខូចខាតសោភ័ណភាពចំពោះសំណង់នៃតំបន់បេតិកភណ្ឌទីក្រុង។ ទប់ស្កាត់ការវាយកម្ទេច និងបំផ្លាញសំណង់វប្បធម៌ ប្រវត្តិសាស្រ្ត សំណង់បុរាណ និងសំណង់អាគារបេតិកភណ្ឌ ដើម្បីការពារឱ្យបានគង់វង្ស។
២,បញ្ឈប់ជាបន្ទាន់ចំពោះការបំផ្លាញអគារបេតិកភណ្ឌក្នុងតំបន់ការពារ និងក្រៅតំបន់ការពារ ដោយផ្ដោតលើយុទ្ធសាស្រ្ត គោលនយោបាយ និងផែនទីចង្អុលបង្ហាញ ដើម្បីជំរុញការអភិរក្ស និងអភិវឌ្ឍទីក្រុងបេតិកភណ្ឌប្រកបដោយនិរន្តភាព។
៣, សំណង់អគារបេតិភណ្ឌដែលនឹងត្រូវធ្វើការជួសជុល កែប្រែរូបរាង ឬវាយកម្ទេសចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធជាមយនសិន ៕
© រក្សាសិទ្ធិដោយ thmeythmey.com