ជាតិ
រដ្ឋមន្រ្តីក្រសួងការងារស្នើADB ឱ្យបន្តជួយកម្ពុជាអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យ TVET
14, Oct 2021 , 6:59 pm        
រូបភាព
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ឱ្យបន្តនូវកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកវិទ្យា និងវិជ្ជាជីវៈ (TVET) ដើម្បីអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា។

 
បើតាមលោក អ៊ិត សំហេង បច្ចុប្បន្ន អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកំពុងអនុវត្តគម្រោងធំៗចំនួន២ ក្រោមហិរញ្ញប្បទានADB។ ក្នុងនោះ មានគម្រោងអភិវឌ្ឍវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង។  
 
លោក អ៊ិត សំហេង បានលើកឡើងចំពោះមុខលោកស្រី Sunniya Durrani-Jamal ដែលជារបស់ ADB ប្រចាំកម្ពុជា តាមប្រព័ន្ធអនឡាញ (Zoom) កាលពីព្រឹកថ្ងៃទី១៣តុលា ឆ្នាំ២០២១ថា គម្រោងទាំង២ខាងលើនេះ បានចូលរួមឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍឧស្សាហកម្ម, គោលនយោបាយអភិវឌ្ឍមុខរបរ និងការងារ, គោលនយោបាយជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស, ផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ, ផែនការយុទ្ធសាស្រ្តសកម្មភាពការធ្វើទំនើបកម្ម ប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងផែនការមេសម្រាប់អភិវឌ្ឍគ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈជាដើម។ 
 
ឆ្លៀតនៅក្នុងឱកាសជួបពិភាក្សាការងារ ជាមួយ Sunniya Durrani-Jamal ដែលត្រូវផុតអាណត្តិនៅកម្ពុជានេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរូបនេះ បានស្នើដល់ADB ឱ្យបន្តនូវកិច្ចសហប្រតិបត្តិជាមួយកម្ពុជា លើវិស័យTVET ដែលជាមុំមួយ នៅក្នុងយុទ្ធសាស្រ្តចតុកោណ ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស។ ចំពោះការបន្តគាំទ្រគម្រោងនានាលើវិស័យTVET នេះ  លោក អ៊ិត សំហេង ក៏បានស្នើដល់ ADB ផ្តល់ឱ្យភ្នាក់ងារអនុវត្តគម្រោង ដែលក្រសួងសាមីផ្ទាល់តែម្តង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង តាមដាន និងត្រួតពិនិត្យ ក៏ដូចជាប្រសិទ្ធភាព នៃការអនុវត្តគម្រោងប្រកបដោយគុណភាព។
 
ជាមួយគ្នានេះ លោកស្រី Sunniya Durrani-Jamal ព្រមទទួលយកសំណើរបស់លោក អ៊ិត សំហេង ក្នុងការសិក្សារកវិធីសាស្ត្រ និងការគាំទ្រផ្សេងៗ ដើម្បីឱ្យយុវជនងាកមកចាប់អារម្មណ៍ចុះឈ្មោះចូលរៀន ក្នុងប្រព័ន្ធTVET។ លោកស្រីបានបញ្ជាក់ថា ADB នឹងបន្តសហការជាមួយគ្នាក្រសួងការងារ ដើម្បីរៀបចំគម្រោងថ្មីៗថែមទៀត សំដៅដល់ការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលផង ធ្វើការផង ក៏ជាដំណោះស្រាយដ៏ល្អ ក្នុងការបង្កើតកម្លាំងពលកម្មជំនាញនៅកម្ពុជា៕ 

Tag:
 បច្ចេកវិទ្យា
  TVET
  ADB
  លោក អ៊ិត សំហេង
© រក្សាសិទ្ធិដោយ thmeythmey.com