ជាតិ
សេដ្ឋកិច្ច
ឆមាសទី១ឆ្នាំនេះ កម្ពុជានាំចេញកើនជិត៤ភាគរយ ខណៈការនាំចូលវិញកើនជាង៤០ភាគរយ
14, Oct 2021 , 7:59 pm        
រូបភាព
ទូកុងតឺន័រនានាដែលផ្ទុកទំនិញ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ រូបថត៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ទូកុងតឺន័រនានាដែលផ្ទុកទំនិញ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ រូបថត៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ភ្នំពេញ៖ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសនៅជុំវិញពិភពលោក បានប្រមាណ៩៥,៧ទ្រីលានរៀល(​ប្រមាណ២៣,៥ពាន់លានដុល្លារអាម៉េរិក) នៅក្នុងឆ្នាំមាសទីមួយ នៃឆ្នាំ២០​២១​។ ក្នុងនោះការនាំចូលគឺបានកើនរហូតជាង៤០ភាគរយ បើធៀបនឹងពេលដូចគ្នាកាលឆ្នាំ២០២០។  នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC)។


 
 រយៈពេល៦ខែកន្លងមក ចាប់ពីខែមករា-មិថុនា ឆ្នាំ២០២១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានប្រមាណ ២៣,៥ពាន់លានដុល្លារ។ របាយការណ៍របស់ធនាគារជាតិបានបង្ហាញថា ក្នុងចំណោមសរុបនៃទំហំពាណិជ្ជកម្មនេះ ការនាំចេញគឺកម្ពុជាសម្រេចបានតែ ៣៥,២ទ្រីលានរៀល (ប្រមាណ៨,៦ពាន់ដុល្លារ)។ ចំនួននេះ កើនបានត្រឹម ៣,៧ភាគរយប៉ុណ្ណោះ ខណៈការនាំចូលវិញ បានកើនរហូត ៤៤,៣ភាគរយ បើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំ២០២០។
 
ធនាគារជាតិ បានបញ្ជាក់ថា ឆមាសទីមួយឆ្នាំ២០២១ កម្ពុជានាំទំនិញចូល គឺមានទំហំទឹកប្រាក់ចំនួន ៦០,៥ ទ្រីលានរៀល ដែលស្មើនឹងជិត ១៥ពាន់លានដុល្លារ។ 
បើតាមធនាគារជាតិ ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញ មានសម្លៀកបំពាក់ ផលិតផលកាត់ដេរផ្សេងៗ ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិក និងទោចក្រយាន ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប ចិន ជប៉ុន និងសិង្ហបុរីជាដើម។  ដោយឡែក ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចូលសម្រាប់បម្រើតម្រូវការក្នុងស្រុកវិញនោះ មានវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ ប្រេងឥន្ធនៈ សម្ភារនិងបរិក្ខាសំណង់ យានយន្ត និងម្ហូបអាហារនិងភេសជ្ជៈ។ ផលិតផលទាំងនោះ ភាគច្រើននាំចូលពី ចិន សិង្ហបុរី វៀតណាម ថៃ និងសហភាពអឺរ៉ុប។
 
សូមជម្រាបថា ពេញមួយឆ្នាំ២០២០ កម្ពុជាសម្រេចទំហំពាណិជ្ជកម្ម បានជាង ៣៥ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចេញមាន ជាង១៧ពាន់លានដុល្លារ កើនបាន ១៦,៧២ភាគរយ​ ខណៈការនាំចូលវិញបានថយចុះ ៧,៨៤ភាគរយ ក្នុងទំហំទឹកប្រាក់ជាង១៨ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩៕

Tag:
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com