ជាតិ
សុខភាព
លោកស្រី យក់ សម្បត្តិ៖ គណៈកម្មការគ្រប់គ្រងជំងឺកូវីដ-១៩ កំពុងរៀបចំផែនការបើកសេដ្ឋកិច្ចជាតិឡើងវិញ
14, Oct 2021 , 2:58 pm        
រូបភាព
វ៉ាក់សាំងសSinovac ចំនួន២លានដូសទៀត បានមកដល់កម្ពុជា នាព្រឹកថ្ងៃទី១៤តុលា ឆ្នាំ២០២១
វ៉ាក់សាំងសSinovac ចំនួន២លានដូសទៀត បានមកដល់កម្ពុជា នាព្រឹកថ្ងៃទី១៤តុលា ឆ្នាំ២០២១
ភ្នំពេញ៖ ក្រុមការងារគណៈកម្មការគ្រប់គ្រងជំងឺកូវីដ-១៩ កំពុងរៀបចំផែនការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមកម្ពុជាឱ្យបានគ្រប់វិស័យឡើងវិញ។ នេះជាការលើកឡើករបស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅក្នុងពិធីទទួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីប្រទេសចិន នាព្រឹកថ្ងៃទី១៤តុលា។

 
កម្ពុជាទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)ចំនួន២លានដូសទៀត ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណប្រជាមានិតចិន។ ការទទួលបានវ៉ាក់សាំង Sinovac នេះ បានធ្វើឱ្យកម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩សរុបជាង៣៦លានដូស សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ។ 
 
បើតាមលោកស្រី យក់ សម្បត្តិ រដ្ឋមន្រ្តីលេខាធិការក្រសួងសុខាភិបាល វ៉ាក់សាំង Sinovac ចំនួន២លានដូស ដែលកម្ពុជាទទួលបានពីប្រទេសចិន នៅថ្ងៃទី១៤តុលានេះ គឺជាជំនួយឥតសំណងដែលលោក  វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន សន្យាផ្តល់ឱ្យកម្ពុជា កាលពីជំនួបការងារជាមួយសម្តេច ហ៊ុន សែន កាលពីថ្ងៃទី១២កញ្ញា ឆ្នាំ២០២១ នៅរាជធានីភ្នពេញ។​ លោកស្រីបានបញ្ជាក់ថា  មកដល់ពេលនេះរដ្ឋាភិបាលចិន បានផ្តល់ជំនួយវ៉ាក់សាំងបង្ការកូវីដ-១៩ ឱ្យកម្ពុជាមានចំនួន៦,៨លានដូស  ខណៈជំនួយ១លានដូស នឹងមកកម្ពុជា នាពេលខាងមុខឆាប់ៗ។ 
 
ជាមួយគ្នានេះ លោកស្រី យក់ សម្បត្តិ​ ក៏បានថ្លែងប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ថា បច្ចុប្បន្ន ក្រុមការងារគណៈកម្មការគ្រប់គ្រងជំងឺកូវីដ-១៩ កំពុងរៀបចំផែនការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមកម្ពុជាឱ្យបានគ្រប់វិស័យឡើងវិញ ខណៈរដ្ឋាភិបាលក៏កំពុងរៀបចំគោលនយោបាយ និងផែនការ ក្នុងការបើកឱ្យមានសកម្មភាពទេសចរណ៍ និងទទួលភ្ញៀវទេសចរពីក្រៅប្រទេសឡើងវិញ ផងដែរ។ រដ្ឋលេខាធិការក្រសួងសុខាភិបាលរួបនេះ បានបញ្ជាក់ដូច្នេះ៖ «គោលនយោបាយ និងផែនការនេះ អាចនឹងដាក់ជូនសម្តេច ហ៊ុន សែន ពិនិត្យ និងសម្រេចនៅចុងឆ្នាំ[២០២១]នេះ »។
 
បច្ចុប្បន្ន កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងជំនួយនិងទាំងការបញ្ជាទិញ​ មានជាង៣៦លានដូស។ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលផ្តល់កម្ពុជាចាក់ជូនដល់ពលរដ្ឋនោះ មានប្រភេទ Astra Zeneca, Jonhson&Jonhson, Sinopharm និងវ៉ាក់សាំង Sinovac។ 
 
គិតត្រឹមថ្ងៃទី១៣តុលា កម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋបានជាង១៣,៥លាននាក់។ ក្នុងនោះមាន ពលរដ្ឋអាយុពី៦ដល់១២ឆ្នាំ មានជាង១,៨លាននាក់ ពលរដ្ឋអាយុពី១២ដល់១៨ឆ្នាំ មាន១,៧លាននាក់​ និងអ្នកមានចាប់ពី១៨ឆ្នាំឡើង មានជាង៩,៩លាននាក់៕ 

Tag:
 វ៉ាក់សាំង
  COVID-19
  លោកស្រី យក់ សម្បត្តិ
© រក្សាសិទ្ធិដោយ thmeythmey.com