ជាតិ
សម្ដេច ស ខេង គ្រោងរៀបចំការប្រកួតគោលនយោបាយភូមិ ឃុំ សុវត្ថិភាព សម្ដេច ស ខេង ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តកំពត។ (រូបពី ក្រសួងមហាផ្ទៃ)
× ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រី្ត និងជារដ្ឋមន្រី្តក្រសួងមហាផ្ទៃ គ្រោងដាក់យន្តការដោះស្រាយបញ្ហាប្រជាពលរដ្ឋ ទៅជាការប្រកួតប្រជែងគោលនយោបាយភូមិ ឃុំ សុវត្ថិភាព។
ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តកំពតថ្មី សម្ដេច ស ខេង បានផ្ដួចផ្ដើមគំនិតពីការផ្ដល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការដល់ពលរដ្ឋ។ សម្ដេច ស ខេង បានបញ្ជាក់ថា អភិបាលខេត្ត ប្រធានមន្ទីរនានា រហូតដល់មេប៉ុស្តិ៍ និងមេភូមិ អាចចេញមុខដោះស្រាយបញ្ហាពលរដ្ឋបាន ឲ្យតែស្ថិតនៅដែនសមត្ថកិច្ចខ្លួន។
«ការដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ ចូលទៅក្នុងការប្រឡងប្រណាំងការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព គឺអាចនឹងធ្វើឱ្យបានមុនការបោះឆ្នោត ឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ»។ នេះបើតាមការលើកឡើងរបស់សម្ដេច ស ខេង នៅថ្ងៃទី១៣តុលា ក្នុងខេត្តកំពត ដោយបន្ថែមថា ការប្រឡងប្រណាំងការអនុវត្តគោលនយោបាយភូមិ -ឃុំ មានសុវត្ថិភាពនេះ ក្នុងគោលបំណងលុបបំបាត់ នូវបញ្ហាប្រឈមក្នុងមូលដ្ឋាន ពិសេសបញ្ហារសើបនានា ។
សម្ដេច ស ខេង ក៏បានបញ្ជាឲ្យមន្ត្រីទាំងអស់ ត្រូវប្រមូលបញ្ហាប្រជាពលរដ្ឋនៅមូលដ្ឋាន មកដោះស្រាយ ដោយមិនត្រូវទុកបញ្ហាទាំងនោះចោលឡើយ។
បើតាមរដ្ឋមន្រី្តក្រសួងមហាផ្ទៃ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពនេះ ពុំមែនផ្តោតតែទៅលើការរក្សាសន្តិសុខមួយមុខទេ តែវាក្ដោបរួមទាំងការផ្តល់សេវាសាធារណៈ ដូចជាការគ្រប់គ្រងស្លាកលេខយានយន្ត សៀវភៅគ្រួសារ និងក្រដាសស្នាមផ្សេងៗជាដើម។ ក្រៅពីនេះ ក៏មានយន្តការដោះស្រាយគ្រោះមហន្តរាយ ឱ្យបានទាន់ពេលវេលាផងដែរ៕
Tag:
សម្ដេច ស ខេង
សង្គម
រាស្រ្ត
គោលនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com