ជាតិ
សេដ្ឋកិច្ច
៩ខែ កម្ពុជាប្រមូលពន្ធបានជាង ៣ ៨០០លានដុល្លារ
15, Oct 2021 , 10:35 am        
រូបភាព
លោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា(ឆ្វេង) និងលោក គង់ វិបុល អគ្គនាយកពន្ធដារ។
លោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា(ឆ្វេង) និងលោក គង់ វិបុល អគ្គនាយកពន្ធដារ។
ភ្នំពេញ៖ កម្ពុជាទទួលបានចំណូលពីពន្ធដារ និងពន្ធគយ ជាង ៣ ៨០០លានដុល្លារ ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២១។ នៅក្នុងនោះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធចូលជាតិ ជាង ២ ០០០លានដុល្លារ។

 
 ៩ខែឆ្នាំនេះ អគ្គនាយដ្ឋានពន្ធដារ ប្រមូលចំណូលចូលជាតិបានសរុប ២ ១១១លានដុល្លារ។ ចំនួននេះ ពន្ធដារគឺសម្រេចផែនការបានជាង៩៤ភាគរយ ខណៈអគ្គនាយកពន្ធគយនិងរដ្ឋករកម្ពុជា ទើបសម្រេចផែនការបានជិត៧២ភាគរយក្នុងទំហំថវិកា១ ៦៩៩លានដុល្លារ។
 
បើតាមយោងតាមរបាយការណ៍ផ្សេងពីគ្នារបស់អគ្គនាយកដ្ឋានទាំងពីរនេះ ដែលចុះផ្សាយកាលពីថ្ងែទី១៤តុលា ចំណូលដែលកម្ពុជាទទួលបាន ​​​​​ទាំងចំណូលពីពន្ធគយ និងទាំងចំណូលពីពន្ធដារ គឺសុទ្ធសឹងតែធ្លាក់ចុះក្នុងរង្វង់៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២០។ 
 
 អគ្គនាយកដ្ឋានគយ បានបញ្ជាក់ថា ប្រភេទពន្ធនិងអាករដែលប្រមូលបានរួមមាន អាករលើតម្លៃប្រមូលបាន៣៨ភាគរយ​នៃចំណូលសរុប, អាករពិសេសមានជាង៣៧ភាគរយ, ពន្ធនាំចូល មានជាង១៨ភាគរយ, អាករបន្ថែមលើផលិតផលប្រេងមាន៤,៥ភាគរយ និងអាករនាំចេញនិងកម្រៃផ្សេងៗមាន២ភាគរយនៃចំណូលសរុប។ 
 
 សម្រាប់ អគ្គនាយកពន្ធដារ ប្រមូលពន្ធប្រចាំខែកញ្ញា បាន២០១លានដុល្លារ ដែលស្មើនឹងជិត៩ភាគរយនៃចំណូលសរុប​ដែលប្រមូលក្នុងរយៈពេល៩ខែមកនេះ ៕ 

Tag:
 ពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com