ជាតិ
សេដ្ឋកិច្ច
លោក វេង សាខុន៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតផលកសិកម្មមានសន្ទុះកើន
15, Oct 2021 , 4:55 pm        
រូបភាព
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ បច្ចុប្បន្ន កម្ពុជាកំពុងប្រែក្លាយវិស័យកសិកម្មទៅជាកសិកម្មទំនើប ដែលមានលក្ខណៈប្រកួតប្រជែង និងមានបរិយាប័ន្ន។ តាមរយៈការអនុវត្តគោលនយោបាយនេះ លោក វេង សាខុន​ រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតផលកសិកម្មមានសន្ទុះកើនឡើង គួរឲ្យកត់សម្គាល់ ដែលបានបំពេញតម្រូវការក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក ប្រកបដោយគុណភាព។

 
កម្ពុជាបានកំណត់នូវចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍប្រទេស ដោយប្រែក្លាយ កម្ពុជាឱ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីរួមចំណែកធ្វើឲ្យសម្រេចបាននូវគោលនយោបាយ ក៏ដូចជាចក្ខុវិស័យនេះ កម្ពុជា បានការប្រែក្លាយវិស័យកសិកម្មកម្ពុជា ទៅជាកសិកម្មទំនើប ដែលមានលក្ខណៈប្រកួតប្រជែង មានបរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព។ 
 
បើតាម លោក វេង សាខុន ការប្រែក្លាយវិស័យកសិកម្មនេះ បានឆ្លើយតបនឹងតម្រូវការសុវត្ថិភាពស្បៀងនិងអាហារូបត្ថម្ភ ដែលនាំដល់ការកើនឡើង ប្រាក់ចំណូលគ្រួសារកសិករ ដើម្បីវិបុលភាព និងសុខុមាលភាពរបស់ពលរដ្ឋកម្ពុជា ដែលជាតម្រូវការចាំបាច់បំផុតមិនអាចខ្វះបាន នាពេលបច្ចុប្បន្ន និងអនាគត។  បច្ចុប្បន្ន ក្រសួងកសិកម្ម កំពុងផ្តោតលើការតម្រង់ទិសដៅឆ្ពោះទៅធ្វើទំនើបកម្ម និងពាណិជ្ជបនីយកម្មខ្សែច្រវាក់តម្លៃកសិកម្ម, ការវិនិយោគសាធារណៈ និងឯកជនក្នុងវិស័យកសិកម្ម, កំណើនប្រកបដោយចីរភាព និងការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និង កំណែទម្រង់ស្ថាប័ន និងបញ្ហាអន្តរវិស័យ។
 
រដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះ បានសរសេររៀបរាប់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅរសៀលថ្ងៃទី១៥តុលា ថា ការអនុវត្តកសិកម្មទំនើប នឹងជួយឱ្យការងារនៅក្នុងប្រព័ន្ធកសិកម្មចម្រុះមានផលិតភាពខ្ពស់ និងនិរន្តរភាព។ ចំពោះអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យនេះ នឹងទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍឌីជីថលូបនីយកម្ម និងការផលិតមាននិន្នាការឆ្ពោះទៅរកការប្រសើរឡើងនូវគុណភាព សុវត្ថិភាព និងនិរន្តរភាពនៅក្នុងប្រព័ន្ធចំណីអាហារបែបទំនើប។  
 
លោកវេង សាខុន បានបញ្ជាក់ថា ៖« តាមរយៈនៃការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍកសិកម្ម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងទទួលស្គាល់ថាផលិតផលកសិកម្មមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់។  [សន្ទុះនៃកំណើននេះ] ក៏បានបំពេញសេចក្តីការក្នុងស្រុក និងបានឈានដល់ការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក ប្រកបដោយគុណភាព និងសុវត្ថិភាពជាបណ្តើរ ដោយប្រកាន់យកនូវការអនុវត្តតាមអភិក្រម  រដ្ឋ ដៃគូអភិវឌ្ឍ វិស័យឯកជន និងសហគមន៍កសិកម្ម» ។
 
បើតាម លោក វេង សាខុន កាលឆ្នាំ២០២០ កម្ពុជាទទួលបានផលិតផលកសិកម្មសរុប ១៣ពាន់លាន ដុល្លារ និងបាននាំចេញសម្រេច បាន៤ពាន់លាន ដុល្លារ។ ដោយឡែក ការនាំចេញកសិផលក្នុងរយៈពេល៩ខែឆ្នាំ២០២១ កម្ពុជាសម្រេចបានជាង ៦ លានតោន ដែលស្មើនឹងទំហំទឹកប្រាក់៣,៨ពាន់លានដុល្លារ។ ពេញមួយឆ្នាំ២០២១ រដ្ឋមន្ត្រីកសិកម្មរូបនេះ រំពឹងថា៖«ផលិតផលកសិកម្មសរុបនឹងមានទំហំធំជាងឆ្នាំ២០២០ ដែលយើងទទួលបាន»៕ 

Tag:
 លោក វេង សាខុន
© រក្សាសិទ្ធិដោយ thmeythmey.com