ជាតិ
​​​ន​យោ​បាយ​ជាតិ​
វិមតិសង្ស័យអំពីកងទ័ពចិននៅកំពង់ផែរាម នៅតែមិនអាចបញ្ចប់បាន
15, Oct 2021 , 9:59 pm        
រូបភាព
រូបភ្លឺជាវង្វង់មូលទាំង៣ គឺបង្ហាញពីទីតាំងអគារថ្មី៣កន្លែងនៅកំពង់ផែរាម ដែលថតជាប់ដោយប្រព័ន្ធ Satellite របស់ AMTI។ រូបពី AMTI
រូបភ្លឺជាវង្វង់មូលទាំង៣ គឺបង្ហាញពីទីតាំងអគារថ្មី៣កន្លែងនៅកំពង់ផែរាម ដែលថតជាប់ដោយប្រព័ន្ធ Satellite របស់ AMTI។ រូបពី AMTI
ដោយ: ថ្មីៗ
ការចោទប្រកាន់ថា ចិន ដាក់មូលដ្ឋានទ័ពនៅកំពង់ផែរាម ចាប់ផ្តើមរើឡើងសាជាថ្មី ហើយក៏ធ្វើឲ្យមន្រ្តីរដ្ឋាភិបាលកម្ពុជា ចេញបកស្រាយសាជាថ្មីដែរ។

 
 
ព័ត៌មានដែលថា មានមូលដ្ឋានកងទ័ពជើងទឹកចិន នៅកំពង់ផែរាម ខេត្តព្រះសីហនុ បានស្ងប់ស្ងាត់មួយរយៈធំមកហើយ។ តែភាពស្ងប់ស្ងាត់នេះ មិនមាននិរន្តរភាពឡើយ។ នៅអំឡុងខែតុលា ឆ្នាំ២០២១ ស្រាប់តែលេចឡើងនូវព័ត៌មាននេះជាថ្មីម្តងទៀត ដែលនឹងធ្វើឲ្យភាគីម្ខាង គឺបរទេស ដែលមិនសូវត្រូវជាមួយរដ្ឋាភិបាលកម្ពុជា ឬអាចប្រជាពលរដ្ឋកម្ពុជាមួយចំនួន ដែលមិនគាំទ្ររដ្ឋាភិបាល បន្តគិតថា មានកងទ័ពចិន នៅកំពង់ផែរាម ហើយជាមួយគ្នានេះ នឹងធ្វើឲ្យភាគីម្ខាងទៀត គឺរដ្ឋាភិបាលកម្ពុជា បន្តប្រកែកថា គ្មានដូចលើកមុនៗដែរ។ 
 
អង្គភាពបរទេសមួយ ហៅថា គំនិតផ្តួចផ្តើមដើម្បីតម្លាភាពផ្នែកសមុទ្រក្នុងតំបន់អាស៊ី (Asia Maritime Transparency Initiative) បានចេញរបាយការណ៍ថ្មីមួយអំពីកំពង់ផែរាម។ Asia Maritime Transparency Initiative (AMTI) បានបញ្ចេញរូបភាព ដែលខ្លួនថតជាប់ដោយប្រព័ន្ធសេថេលឡាយ (Satellite) ឬផ្កាយរណប ទៅក្នុងរបាយការណ៍ ដែលរូបភាពនោះ គឺជាអគារថ្មី៣កន្លែង ទើបនឹងត្រូវបានសាងសង់នៅកំពង់ផែរាម។ AMTI បង្ហាញក្តីបារម្ភថា អគារថ្មីទាំងនោះ ត្រូវបានសាងសង់ឡើង ដើម្បីទុកជាកន្លែងសម្របសម្រួលដល់កងទ័ពចិន។ AMTI គឺជាអង្គភាពមួយរបស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្ត និងកិច្ចការអន្តរជាតិរបស់សហរដ្ឋអាមេរិក (Center for Strategic and International Studies) ឬហៅកាត់ថា CSIS។
 
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មិនបដិសេធឡើយ ដែល AMTI បង្ហាញរូបភាពពីអគារថ្មី៣កន្លែង នៅកំពង់ផែរាម។ លោក បកស្រាយថា កម្ពុជា មានសិទ្ធិសាងសង់អគារលើទឹកដី និងក្នុងដែនអធិបតេយ្យរបស់ខ្លួន។ តែចំពោះការចោទថា អគារទាំងនោះ សង់ឡើងសម្រាប់ទុកបម្រើឲ្យកងទ័ពចិន លោក មិនឯកភាពនោះទេ។

កម្ពុជា សង់អគារថ្មីនៅកំពង់ផែរាមពិតមែន តែទុកបម្រើឲ្យកងទ័ពកម្ពុជាខ្លួនឯង មិនមែនទុកបម្រើឲ្យកងទ័ពចិនទេ តើឯកឧត្តម មានន័យបែបនេះឬ? ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ លោក ផៃ ស៊ីផាន ឆ្លើយយ៉ាងខ្លីថា៖«ពិតប្រាកដណាស់»។ 
 
លោក អធិប្បាយថា កំពង់ផែរាម ឬកំពង់ផែដទៃទៀត មិនមែនកម្ពុជា សាងសង់ឡើង រួចហើយបិទទុកចោលនោះឡើយ គឺកំពង់ផែទាំងនោះ បើកចំហទទួលស្វាគមន៍រាល់នាវាយោធាបរទេសទាំងអស់លើពិភពលោក ដែលចង់សុំចូលចត តែត្រូវគោរពតាមច្បាប់កម្ពុជា។ 
 
លោក សម្តែងការសោកស្តាយ ចំពោះការចោទប្រកាន់ពីសំណាក់ AMTI ថាកម្ពុជា សង់អគារថ្មីសម្រាប់ទុកបម្រើឲ្យកងទ័ពចិន។ លោក ហៅការចោទប្រកាន់នេះ ថាគ្មានមូលដ្ឋាន និងអយុត្តិធម៌សម្រាប់កម្ពុជា។  
 
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា៖«កម្ពុជា អត់ខ្លាចទេ ការចោទប្រកាន់ហ្នឹង នឹងសាបរលាប នៅពេលការអភិវឌ្ឍរបស់កម្ពុជា បានកើតឡើងជាក់ស្តែង»។ 

កាលពីថ្ងៃទី១៤ ខែតុលាម្សិលមិញ សារព័ត៌មានថ្មីៗ បានព្យាយាមហៅទូរស័ព្ទទៅសម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ និង លោក ណឹម សុវត្ថិ អគ្គនាយក​នៃអគ្គនាយក​ដ្ឋានន​យោបាយ ​និងកិច្ចការ​បរទេសរបស់​ក្រសួង​ការពារជា​តិ ដើម្បីសុំការបំភ្លឺអំពីរបាយការណ៍របស់ AMTI តែពួកគាត់ សុទ្ធតែមិនបានទទួលការហៅចូល។
 
លោក ឆាត រ៉ូដេមៀ (Chad Roedemeier) អ្នកនាំពាក្យស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានផ្ញើសារតាមអ៊ីមែលទៅកាន់បណ្តាស្ថាប័នសារព័ត៌មាននៅកម្ពុជា ជុំវិញរបាយការណ៍របស់ AMTI។ លោក បានហៅរបាយការណ៍នេះ ថាជារបាយការណ៍ ដែលគួរឲ្យទុកចិត្តបាន ជុំវិញការសាងសង់អគារនៅកំពង់ផែរាម ដោយសាធារណរដ្ឋចិន។
   
លោក សរសេរក្នុងសារនោះថា៖«វត្តមានយោធាបរទេសនៅកំពង់ផែរាម គឺផ្ទុយនឹងរដ្ឋធម្មនុញ្ញកម្ពុជា និងបង្កមហន្តរាយដល់សន្តិសុខក្នុងតំបន់»។ 
 
លោក ផៃ ស៊ីផាន ក៏បានលើកយករដ្ឋធម្មនុញ្ញកម្ពុជា មកនិយាយដែរ។ លោក រំលេចថា រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាឲ្យកម្ពុជា ក្លាយទៅជារណបរបស់បរទេសណាមួយនោះទេ។ លោក បន្តថា កម្ពុជា មិនលូកលាន់ចូលក្នុងជម្លោះចិន-អាម៉េរិកឡើយ។ 
 
មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលរូបនេះ ថ្លែងមកកាន់សារព័ត៌មានថ្មីៗថា៖«កម្ពុជា មិនធ្វើអាយ៉ងរបស់ប្រទេសណាមួយ ដើម្បីទៅឈ្លោះជាមួយប្រទេសណាមួយទេ»។ 
 
លោក ឆាត រ៉ូដេមៀ មើលឃើញថា រដ្ឋាភិបាលកម្ពុជា មិនមានតម្លាភាពពេញលេញនោះទេ ទៅលើគម្រោងសាងអគារថ្មីនៅកំពង់ផែរាម។ តែលោក ផៃស៊ីផាន អះអាងថា តាំងពីដើម រហូតដល់ចប់ កម្ពុជា មានតម្លាភាពលើការសាងសង់អគារទាំងនោះ។

ស្ថានទូតចិនប្រចាំកម្ពុជា មិនទាន់ចេញមកប្រតិកម្មនឹងស្ថានទូតអាម៉េរិកប្រចាំកម្ពុជា និងស្ថាប័ន AMTI នោះទេ ចំពោះការចោទប្រកាន់ថា អគារថ្មីទាំង៣នៅកំពង់ផែរាម ត្រូវបានសាងសង់ឡើងដោយចិន ដើម្បីទុកធ្វើជាកន្លែងឈរជើងរបស់កងទ័ពចិន។ 
 
ការចោទប្រកាន់ថា កម្ពុជា អនុញ្ញាតឲ្យចិន សាងសង់មូលដ្ឋានកងទ័ពនៅកំពង់ផែរាម កើតឡើងរាប់ឆ្នាំមកហើយ។ រដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញមកបដិសេធក៏មិនតិចដងដែរ។ រដ្ឋាភិបាលកម្ពុជា ស្ទើរតែធុញទ្រាន់ទៅហើយ ក្នុងការបកស្រាយចំពោះការចោទប្រកាន់នេះ។  

ក្នុងកម្មវិធីមួយ កាលពីចុងខែតុលា ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាលកម្ពុជា បានទាមទារឲ្យបរទេស ដែលចោទថា មានកងទ័ពចិននៅកម្ពុជា បង្ហាញភស្តុតាង។ មេដឹកនាំកម្ពុជា ទាមទារដូច្នេះថា៖«លោកឯង មានភស្តុតាងឯណា បញ្ចេញមក ដែលថា កម្ពុជា មានកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិន [ឲ្យចិន] ប្រើប្រាស់ផ្តាច់មុខនូវកំពង់ផែរាមរយៈពេល៣០ឆ្នាំ»។ មេដឹកនាំកំពូលរូបនេះ បន្ថែមថា៖«បើអ្នកឯង មិនបញ្ចេញភស្តុតាងហ្នឹង មានន័យថា អ្នកឯង ភូតកុហក»។
 
ទោះរដ្ឋាភិបាលកម្ពុជា ប្រឹងបកស្រាយច្រើនលើកច្រើនសាយ៉ាងណាក៏ដោយ តែបរទេសខ្លះ ពិសេសអាម៉េរិក មិនបានជឿជាក់ទាំងស្រុងឡើយ ហើយក៏មិនព្រមឈប់មាត់កដែរ ដោយនៅតែបញ្ចេញរបាយការណ៍នេះ របាយការណ៍នោះ ដើម្បីបង្ហាញថា មានវត្តមានកងទ័ពចិន នៅកំពង់ផែរាម។ គេ មិនដឹងថា ពេលណា ទើបវិមតិសង្ស័យអំពីកងទ័ពចិននៅកំពង់ផែរាមនេះ នឹងត្រូវបញ្ចប់ឡើយ៕

Tag:
 កម្ពុជា
  អាមេរិក
  ចិន
  ទ័ពចិន
  កំពង់ផែរាម
  AMTI
© រក្សាសិទ្ធិដោយ thmeythmey.com