ជាតិ
ដើមឈើហានិភ័យ កំពុងបង្កគ្រោះថ្នាក់កាន់តែច្រើននៅតំបន់ប្រាសាទ
16, Oct 2021 , 3:19 pm        
រូបភាព
សៀមរាប៖ យើងបានដឹងជាទូទៅហើយថា នៅតាមប្រាសាទក្នុងរមណីយដ្ឋានអង្គរ មានដើមឈើតូចធំជាច្រើន ដែលខ្លះដុះព័ទ្ធជុំវិញប្រាសាទ។ ក្នុងនោះគេឃើញមានច្រើនជាងគេ គឺនៅក្នុងប្រាសាទតាព្រហ្ម ដែលដើមឈើទាំងនោះ ផ្តល់ទាំងគុណសម្បត្តិ និងគុណវិបត្តិ។ សព្វថ្ងៃ ដើមឈើហានិភ័យកាន់តែច្រើន កំពុងបង្កគ្រោះថ្នាក់ដល់ប្រាសាទ ដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់លើការងារថែទាំជាប្រចាំ។

 
អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន លោក ជូ រ៉ាឌីណា ឱ្យដឹងថា ដើមឈើហានិភ័យកាន់តែច្រើន កំពុងបង្កគ្រោះថ្នាក់ដល់ប្រាសាទ ពិសេសប្រាសាទដែលសម្បូរដើមឈើច្រើន រួមមានប្រាសាទតាព្រហ្ម ព្រះខ័ន និងបន្ទាយក្ដី។ លោកបន្តថា តួយ៉ាងនៅប្រាសាទតាព្រហ្ម ដើមឈើធំៗដែលដុះចាក់ឬសហ៊ុំព័ទ្ធប្រាសាទនោះ កាន់តែធំៗ និងបង្កើតជាទម្ងន់កាន់តែធ្ងន់លើថ្មប្រាសាទ។ ចង់មិនចង់ វាកំពុងធ្វើឱ្យប្រាសាទរងការខូចខាត។ 
 

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា។

ក្នុងគោលគំនិតនៃការថែរក្សាដើមឈើទាំងនោះផង ក្រុមអ្នកជំនាញបានរិះរកមធ្យោបាយនានា ធ្វើយ៉ាងណាថែទាំដើមឈើទាំងនោះ ដោយមិនចង់ឈានដល់ដំណាក់កាលដកហូតភ្លាមៗនោះទេ។ លោក ជូ រ៉ាឌីណា ពន្យល់ថា ដើមឈើគឺដូចទៅនឹងមនុស្សដែរ វាលូតលាស់ វាចាស់ មានជំងឺ និងរហូតដល់ស្លាប់។ ក្នុងដំណាក់កាលដែលវាឈឺ ក្រុមអ្នកជំនាញព្រៃឈើ មានក្រុមការងារផ្នែកព្យាបាលដើមឈើ ដោយពន្យឺតពេលវេលានៃការស្លាប់បានផងដែរ។
 
តាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ រយៈពេល៩ខែ ឆ្នាំ២០២១ នេះ ក្រុមការងារបានដកហូត និងកាត់ក្រីដើមឈើហានិភ័យ បានជាង៩០០ដើម ក្នុងនោះភាគច្រើនជាសកម្មភាពកាត់ក្រី។ តាមការបញ្ជាក់ពីលោក ជូ រ៉ាឌីណា ក្នុងរដូវវស្សាឆ្នាំនេះ ក្រុមការងារបស់លោក បានដកហូតដើមឈើប្រមាណ ១០០ដើម ដែលខ្លះបានដួលរលំដោយសារខ្យល់ ហើយការណ៍នេះតែងកើតមានជាប្រចាំឆ្នាំ ដោយដើមឈើខ្លះមានវ័យចំណាស់ទៅហើយ។
 
ដើមឈើខ្លះ ធ្វើឱ្យអ្នកជំនាញសម្រេចកាត់ដកហូត និងមិនអាចទុកវាបន្តទៀតបាន ដូចជាមានសភាពទ្រេត និងមានហានិភ័យលើប្រាសាទ និងមនុស្សជាដើម។ តែមុននឹងឈានដល់ការកាត់នេះ លោក ជូ រ៉ាឌីណា ពន្យល់ថា ក្រុមការងារបានសិក្សាច្បាស់លាស់ ទើបសុំគោលការណ៍កាត់ដើមទាំងនោះ។ លោកបន្តថា៖« ការកាត់មានទាំងឈើតូចធំ ភាគច្រើនដែលប្រទះ គឺដើមឈើទាល និងដើមស្រឡៅ  ឈើទាល ដើមឈើ ប្រៀបដូចមនុស្សចឹង វាមានវ័យចំណាស់ ឈឺ បើមើលមិនដិតដល់ទេ វាដឹងដួលប៉ះពាល់ តែមុនកាត់ដកហូត យើងពិនិត្យ ព្យាបាលសិន រហូតឱ្យអស់លទ្ធភាព ចុងក្រោយកាត់ដក  កន្លងមក ឈើមានបញ្ហាច្រើនឈើយកជ័រ មានពលរដ្ឋយកជ័រ គឺដើមឈើទាល ដល់ពេលមួយ វាដល់ដំណាក់កាលខូចប្រព័ន្ធឫស ពុកគុល»។
 


ទាក់ទងនឹងការកាត់ដកហូតដើមឈើហានិភ័យនេះ កន្លងមក ធ្លាប់មានសាធារណជនរិះគន់ ដោយយល់ថា អាជ្ញាធរជាតិអប្សរា ប្រើប្រាស់ដើម្បីធ្វើជំនួញ។ ចំណុចនេះ លោក ជូ រ៉ាឌីណា ពន្យល់ថា សាធារណជនគួរស្វែងយល់ឱ្យច្បាស់ មុននឹងការរិះគន់។ លោកបន្តថា តាមពិតដើមឈើធំៗដែលឈានដល់ការកាត់នោះ សុទ្ធតែអាចបង្កគ្រោះថ្នាក់ដល់ប្រាសាទ និងមនុស្ស ហើយដើមឈើភាគច្រើន ប្រហោងខាងក្នុង ដូចជាដើមស្រឡៅជាដើម។ 
 
លោក ជូ រ៉ាឌីណា បន្តទៀតថា៖« យើងមិនបានបំផ្លាញដើមឈើ ឬយកដើមឈើទៅលក់ទេ  ក្នុងរមណីយដ្ឋានអង្គរ ពុំមានអ្វីលាក់បាំងទេ ភ្ញៀវទេសចរអាចមើលឃើញបាន ដើមឈើដែលកាត់បាន ទុកប្រើប្រាស់ក្នុងការងាររបស់អាជ្ញាធរអប្សរាទេ គ្មានការលក់ដូរទេ»៕
 
 

Tag:
 ដើមឈើហានិភ័យ
  ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com