ជាតិ
លោក វេង សាខុន ស្នើJICA ឱ្យជួយពង្រឹងសមត្ថភាពកសិករ ដើម្បីបង្កើនផលិតភាពកសិកម្មកម្ពុជា
17, Oct 2021 , 7:59 am        
រូបភាព
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ឃ្លាំង លានហាល និងម៉ាស៊ីនសម្រិតសម្រាំងគ្រាប់ពូជស្រូវនៅសហគមន៍បាភ្នំបមានជ័យ ខេត្តព្រៃវែង នៅថ្ងៃទី១៦តុលា។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ឃ្លាំង លានហាល និងម៉ាស៊ីនសម្រិតសម្រាំងគ្រាប់ពូជស្រូវនៅសហគមន៍បាភ្នំបមានជ័យ ខេត្តព្រៃវែង នៅថ្ងៃទី១៦តុលា។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម  បានស្នើដល់ ទីភ្នាក់ងារសហប្រតិបត្តិការការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ជួយពង្រឹងសមត្ថភាពប្រជាកសិករ ក្នុងការប្រើប្រាស់បច្ចេកទេសកសិកម្មទំនើប ដែលកំពុងអនុវត្ត នៅប្រទេសជប៉ុន។ ការស្នើសុំរបស់រដ្ឋមន្ត្រីកសិកម្មរូបនេះ គឺធ្វើឡើងដើម្បីបង្កើនផលិតភាព គុណភាព និងសុវត្ថិភាពផលិតផលកសិកម្មនៅកម្ពុជា ប្រកបដោយភាពវៃឆ្លាត។

 
ថ្ងៃទី១៦តុលានេះ លោក វេង សាខុន រួមជាលោកស្រី Kamei Haruko តំណាងអង្គការ JICA ប្រចាំកកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំង លានហាល និងម៉ាស៊ីនសម្រិតសម្រាំងគ្រាប់ពូជស្រូវនៅសហគមន៍កសិកម្មបាភ្នំមានជ័យ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។  បើតាមលោក វេង សាខុន​ សមិទ្ធផលនេះ គឺស្ថិតនៅគម្រោងជំរុញផលិតកម្ម និងការប្រើប្រាស់គ្រាប់ពូជស្រាវ(RSPP)ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងកសិកម្ម ជាមួយទីភ្នាក់ងារJICA ។
 
នាឱកាសសម្ពោធនូវសមិទ្ធផលខាងលើ រដ្ឋមន្រីកសិកម្មរូបនេះ បានស្នើដល់អង្គការ JICA ឱ្យជួយផ្តល់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពប្រជាកសិករលើការប្រើប្រាស់បច្ចេកទេសកសិកម្មទំនើបប្រកបដោយភាពជឿនលឿន និងនវានុវត្តន៍ដែលកំពុងអនុវត្តនៅក្នុងប្រទេសជប៉ុន ដើម្បីជាបទពិសោធន៍ក្នុងការបង្កើនផលិតភាព គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ប្រកបដោយភាពវៃឆ្លាត នៅកម្ពុជា។
 
សូមជម្រាបថា គម្រោងជំរុញផលិតកម្ម និងការប្រើប្រាស់គ្រាប់ពូជស្រាវ(RSPP)ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងកសិកម្ម ជាមួយទីភ្នាក់ងារJICA ត្រូវបានបង្កើតឡើង ដើម្បីជំរុញកសិករឱ្យប្រើប្រាស់គ្រាប់ពូជស្រូវដែលមានគុណភាពល្អ និងពង្រីកសក្កានុពលផលិតកម្មស្រូវ នៅកម្ពុជា។ គម្រោងនេះ មានរយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ដែលអនុវត្តនៅក្នុងខេត្តគោលដៅចំនួន៤ គឺខេត្តព្រៃវេង តាកែវ កំពង់ឆ្នាំង និងខេត្តបាត់ដំបង៕
 

Tag:
 ThmeyThmey
  ក្រសួងកសិកម្ម
  ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com