ជាតិ
ក្រៅពីអាហារដ្ឋាន អ្នកស្រី ប៉ុន ស្រីមុំ ទទួលបានការគាំទ្រច្រើនលើការធ្វើប្រហុកបែបអ្នកស្រុកអង្គរ
17, Oct 2021 , 3:28 pm        
រូបភាព
សៀមរាប៖ អ្នកស្រី ប៉ុន ស្រីមុំ គឺជាម្ចាស់អាហារដ្ឋាន ធម្មជាតិស្រះស្រង់ ដែលស្ថិតនៅភូមិស្រះស្រង់ត្បូង សង្កាត់នគរធំ ក្រុងសៀមរាប។ ក្រៅពីហាងអាហារ អ្នកស្រុកអង្គររូបនេះក៏ទទួលបានការគាំទ្រពីអតិថិជនលើការធ្វើគ្រឿងប្រហុក ហូបជាមួយអាហារផ្សេងៗផងដែរ។ គ្រឿងប្រហុកទាំងនោះ មានប្រហុកអង្រ្កង ប្រហុកក្រសាំង បុកកន្ទុយហេះ និងកាពិផាវត្រីឆ្អើរ។

 
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសដូចខាងក្រោមនេះ៖ 





 
អ្នកស្រី ប៉ុន ស្រីមុំ ផ្តើមធ្វើប្រហុកខាងលើនេះ ជាង១០ឆ្នាំមកហើយ គឺជារបរបន្ទាប់បន្សំមួយទៀត ក្រៅពីបើកអាហារដ្ឋាន។ អតិថិជនដែលចូលមកញុំាអាហាររួច តែងជាប់ចិត្តនឹងគ្រឿងប្រហុករបស់អ្នកស្រី និងតែងទិញយកទៅពិសារនៅផ្ទះ។ 
 


តាមការបញ្ជាក់ពីម្ចាស់អាហារដ្ឋាន ធម្មជាតិស្រះស្រង់ ក្នុងមួយថ្ងៃអ្នកស្រីលក់គ្រឿងប្រហុកប្រមាណ ២០គីឡូក្រាមសម្រាប់អតិថិជនក្នុងស្រុក និងបរិមាណ ៨០គីឡូក្រាមក្នុងមួយខែ សម្រាប់ការវេចខ្ចប់ផ្ញើទៅក្រៅប្រទេស គឺទៅកូរ៉េ និងអាមេរិក។ អ្នកស្រីពន្យល់ថា អតិថិជនពេញចិត្តចំពោះរសជាតិប្រហុករបស់ខ្លួន ដ្បិតប្រើប្រហុកសាច់ត្រីកំភ្លាញ ជាប្រហុកត្រីលេខមួយ និងមានតម្លៃថ្លៃ និងធ្វើដោយអនាម័យខ្ពស់។ 
 
ដ្បិតលក់បានច្រើន តែអ្នកស្រី ប៉ុន ស្រីមុំ ប្រាប់ថា មិនសូវចំណេញច្រើនទេ វាជារបរបន្ទាប់បន្សំ ណាមួយប្រើគ្រឿងច្រើន។ យ៉ាងណា អ្នកស្រីរំពឹងថា របរនេះនឹងបន្តមានការគាំទ្រច្រើន និងក្លាយជារបរប្រចាំគ្រួសារនាពេលអនាគត៕
 

 
 

Tag:
 ប្រហុកអង្រ្កង
  ប្រហុក
  ស្រះស្រង់
© រក្សាសិទ្ធិដោយ thmeythmey.com