ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាវាចម្បាំងអូស្រ្តាលី ចូលមកទស្សនកិច្ចនៅកំពង់ផែព្រះសីហនុ
18, Oct 2021 , 10:16 am        
រូបភាព
នាវាចម្បាំងរបស់អូស្រ្តាលី ពេលធ្វើដំណើរមកចូលចតនៅកំពង់ផែខេត្តព្រះសីហនុ (រូបពីស្ថានទូតអូស្រ្តាលី)
នាវាចម្បាំងរបស់អូស្រ្តាលី ពេលធ្វើដំណើរមកចូលចតនៅកំពង់ផែខេត្តព្រះសីហនុ (រូបពីស្ថានទូតអូស្រ្តាលី)
នាវាចម្បាំងប្រភេទ HMAS Anzac របស់កងទ័ពជើងទឹកអូស្រ្តាលី ធ្វើដំណើរមកចូលចតនៅកំពង់ផែខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៨នេះ រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានផ្សាយព័ត៌មាននេះជាសាធារណៈលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។



ស្ថានទូតអូស្រ្តាលី អះអាងថា គិតចាប់តាំងពីឆ្នាំ២០១៦មក វា គឺជាលើកដំបូង ដែលនាវាចម្បាំងរបស់អូស្រ្តាលី ធ្វើដំណើរមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ស្ថានទូតអូស្រ្តាលី បានឲ្យដឹងទៀតថា នាវាចម្បាំងអូស្រ្តាលី បាននាំយកសម្ភារការពារផ្ទាល់ខ្លួន (PPE) និងសម្ភារវេជ្ជសាស្រ្តមួយចំនួន មកផ្តល់ជូនខេត្តព្រះសីហនុ និងកងយោធពលខេមរភូមិន្ទកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

ស្ថានទូតអូស្ត្រាលី សរសេរថា៖«ដំណើរទស្សនកិច្ចនេះ ក៏ផ្តល់ឱកាសឲ្យយើង បានបង្កើតកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកជាក់ស្តែងរបស់យើង និងផ្លាស់ប្តូរយោបល់អំពីសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រីតាមរយៈសិក្ខាសាលាអនឡាន ដែលនឹងត្រូវរៀបចំឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ»។

ស្ថានទូតអូស្រ្តាលី តាមរយៈសំណេរលើបណ្តាញសង្គម បានអរគុណកម្ពុជា ដែលបានជួយសម្រួលដល់ដំណើរទស្សនកិច្ចរបស់នាវាចម្បាំងរបស់អូស្រ្តាលី ក្នុងពេលកំពុងតែមានបញ្ហាប្រឈមនានាពីជំងឺកូវីដ-១៩។

សារព័ត៌មានថ្មីៗ មិនអាចសុំព័ត៌មានបន្ថែមពីលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិបានឡើយ ដោយសារលោក មិនទទួលការហៅចូល៕ 


រូបពីស្ថានទូតអូស្រ្តាលី 


រូបពីស្ថានទូតអូស្រ្តាលី 


Tag:
 នាវាចម្បាំងអូស្រ្តាលី
© រក្សាសិទ្ធិដោយ thmeythmey.com