ជាតិ
អាជ្ញាធរខេត្តកំពង់ស្ពឺ បើកទ្វាររលាំងជ្រៃចំនួន៥ រំដោះទឹកចេញ ដើម្បីបញ្ចៀសទឹកជំនន់
18, Oct 2021 , 4:35 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ អាជ្ញាធរខេត្តកំពង់ស្ពឺ បានបើកទ្វារទឹករលាំងជ្រៃចំនួន៥ ដើម្បីរំដោះទឹកចេញ កុំឱ្យមានការជន់ខ្លាំង នៅ​ព្រឹកថ្ងៃទី១៨ ខែតុលានេះ ។ ការបើករំដោះទឹកនេះ មិនទាន់ឈានដល់ការប្រកាសអាសន្ននោះទេ តែដើម្បីរក្សាស្ថានភាពទឹកឱ្យនៅថេរប៉ុណ្ណោះ។



លោក ញញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពី ប្រាប់សារព័ត៌មានThmey Thmey25 ថា ការបើកទ្វារទឹកទាំងប្រាំនៅរលាំងជ្រៃ ក្នុង​ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៨ ខែតុលានេះ ដើម្បី​រក្សាស្ថានភាពទឹកឱ្យនៅថេរ មិនមានអ្វីគួរឱ្យព្រួយបារម្ភឡើយ។
 
ប្រធានមន្ទីរធនធានទឹករូបនេះ បញ្ជាក់​យ៉ាងដូច្នេះ៖«ទ្វាររលាំងជ្រៃនៅក្នុងស្ទឹងព្រែកត្នោត ទឹកហៀរចេញពីទន្លេ មិនមែនជំនន់ទេ។ យើងបើករំដោះទឹកប្រាំទ្វារ រួមមានពីរបើកកម្ពស់កន្លះម៉ែត្រ ពីរបើកកម្ពស់មួយម៉ែត្រ និងមួយទៀត បើកមួយម៉ែត្រពីរតឹក។ គិតមកដល់ពេកនេះខេត្តកំពង់ស្ពឺ មិនទាន់មានបញ្ហាណាមួយទេ»។


        រួបភាពដោយ  គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
 
បើតាម​លោក ជាបហ៊ង ការបើកទ្វារទឹកទាំង៥ខាងលើ មិនប៉ះពាល់ដល់ផលដំណាំ គោក្របី ស្រែចម្ការរបស់ពលរដ្ឋរស់ក្នុងខេត្តកំពង់ស្ពឺឡើយ ដោយសារស្ថានភាពទឹកនៅក្នុងសភាពធម្មតា។ ទន្ទឹម​នឹង​នេះ ទឹកដែល​បើកបង្ហូរពីរលាំងជ្រៃ ត្រូវហូរទៅកាន់ទំនប់ប្រាំពីរមករា នៅក្នុងខេត្តកណ្ដាល ដែល​អាច​មានផលប៉ះពាល់ខ្លះ៕

Tag:
 ខេត្តកំពង់ស្ពឺ
  ទ្វារលាំងជ្រៃ
  រំដោះទឹក
© រក្សាសិទ្ធិដោយ thmeythmey.com