កីឡាអន្តរជាតិ
អន្តរជាតិ
Pogba៖ «ពួកយើងត្រូវស្វែងរកអ្វីមួយថ្មី ហើយត្រូវតែផ្លាស់ប្តូរនូវអ្វីមួយ»
18, Oct 2021 , 5:11 pm        
រូបភាព
រូបភាព៖ Manchester Evening news
រូបភាព៖ Manchester Evening news
កីឡាករខ្សែបម្រើសញ្ជាតិបារាំង Paul Pogba និយាយថា ក្រុមបិសាចក្រហម Manchester United គួរតែធ្វើអ្វីមួយហើយ នៅពេលនេះ ។ Pogba បានលើកឡើងបែបនេះ ក្រោយចប់ការប្រកួតដោយចាញ់ក្រុម Leicester City ៤-២ នាថ្ងៃទី១៦ ខែតុលា។



Pogba បាននិយាយថា Man Utd បានកើតមានបញ្ហាទម្រង់លេងយូរមកហើយ។ ខ្សែបម្រើសញ្ជាតិបារាំងរូបនេះ បាននិយាយទាំងមិនសប្បាយចិត្ត នូវទម្រង់លេងរបស់ក្រុមថា«និយាយដោយស្មោះត្រង់ ពួកយើងបានធ្លាក់ចូលក្នុងសភាពនៃការប្រកួតដូចថ្ងៃនេះ យូរមកហើយដែរ ហើយពួកយើងមិនអាចរកវិធីសាស្រ្តដោះស្រាយវាបានទាល់តែសោះ»។
 
សម្រាប់ Pogba ក្លិបត្រូវស្វែងរកអ្វីមួយថ្មី ហើយត្រូវតែផ្លាស់ប្តូរនូវអ្វីមួយ។ «ពួកយើងត្រូវតែស្វែងថាតើបញ្ហាកើតមកពីអ្វី ពួកយើងបានរបូតគ្រាប់បាល់ឲ្យគេមានឱកាសស៊ុតបាល់បញ្ចូលទីលើពួកយើងយ៉ាងងាយស្រួល វាជាការស៊ុតដ៏ឆ្គួតលីលា។ នៅពេលការប្រកួតកំពុងចាប់ផ្តើម អ្នកគាំទ្របានព្យាយាមដាក់សម្ពាធមកលើពួកយើង យើងត្រូវតែកែប្រែអ្វីទាំងអស់នេះឡើងវិញ។ ពួកយើងត្រូវការលេងឲ្យមានបទពិសោធន៍ខ្ពស់ជាងនេះ ការលេងដែលយល់ចិត្តគ្នា ហើយពួកយើងត្រូវយកបាល់ហើយលេងតាមររបៀបរបស់ពួកយើង»។ នេះបើតាមសម្តីរបស់ខ្សែបម្រើវ័យ២៨ឆ្នាំ Pogba។
 
ក្រោយចាញ់ក្នុងលទ្ធផល ៤-២ រួចមក បន្ទុកជាច្រើនបានធ្លាក់លើលោក Ole Gunnar Solskjaer គ្រូបង្វឹកក្រុមបិសាចក្រហម ហើយបានធ្វើឲ្យកៅអីលោក ហាក់មានកម្តៅនឹងសម្ភាធយ៉ាងខ្លាំង។
គួរបញ្ជាក់ដែរថា ក្នុងរដូវកាលថ្មី២០២១ ក្រុមបិសាចក្រហមក្រោមការដឹកនាំរបស់លោក Solskjaer បានចាញ់៤ប្រកួតរួចមកហើយ ដោយលើកទី១ ចាញ់ក្រុម Young Boys ១-០ ,ចាញ់ West Ham United ១-០, ចាញ់ Aston Villa ១-០ និងចុងក្រោយគឺក្រោមថ្វីជើង Leicester City ៤-២៕

Tag:
 Paul Pogba
© រក្សាសិទ្ធិដោយ thmeythmey.com