ជាតិ
រថយន្ត
រថយន្ដអ៊ីតាលីម៉ាក FIAT ដែលមានអាយុ៥០ឆ្នាំ ត្រូវបាននាំពីជប៉ុន មកលក់នៅកម្ពុជា
18, Oct 2021 , 7:59 pm        
រូបភាព
 ហាងលក់រថយន្ដ HBH នៅរាជធានីភ្នំពេញ លក់ឡានធម្មតា និងឡានបុរាណដែលនាំវាចូលពីប្រទេសជប៉ុនខ្លះដែរ។ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ HBH បានផ្អាកការនាំរថយន្ដបុរាណចូល។ ដ្បិតផ្អាកនាំចូលមួយរយៈពេលហើយក៏ដោយ ក៏នៅមានឡានបុរាណនៅសេសសល់ខ្លះដែរ ក្នុងនោះមានរថយន្ដម៉ាកអ៊ីតាលី FIAT ប្រភេទ 500 ម៉ូឌែល F ពណ៌ពងមាន់ ដែលមានអាយុកាល៥០ឆ្នាំ។ ទោះបីជាវាត្រូវបាននាំពីប្រទេសជប៉ុនជិត២ឆ្នាំហើយក៏ដោយ វានៅតែបំពាក់ផ្លាកលេខជប៉ុនខាងមុខនៅឡើយ។  យ៉ាងណាក៏ដោយ សញ្ញាសម្គាល់ម៉ាក FIAT ខាងមុខរបស់វាបានបាត់រូបរាងទៅហើយ ប៉ុន្តែ ផ្ទៃវារលោងស្អាតខ្លាំងណាស់ ព្រោះត្រូវបានបាញ់ថ្នាំពណ៌ដើមឡើងវិញ។ លើកលែងដែកកាងមុខក្រោយ ជើងកញ្ចក់ឆ្លុះ ដៃទ្វារទាំង២ និងដៃផ្នែកខាងក្រោយឡានតេ ដែលត្រូវបានក្រូមេពណ៌ខ្មៅវិញ។ ដំបូលមួយផ្នែក ជាក្រណាត់កៅស៊ូ ដែលអាចរុំបាន។ HBH ដាក់លក់រថយន្ដ FIAT 500 ជំនាន់ទី២នេះ ក្នុងតម្លៃ ៥០លានរៀល។

 
ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 
 
 
 
FIAT 500 មាន៤ជំនាន់ ដែលអាចនិយាយថា ជាប្រភេទផ្សេងពីគ្នាក៏បាន ពីព្រោះត្រូវផលិតរយៈពេលដាច់ពីគ្នា។ ហើយក៏មាន១ប្រភេទថែមទៀត ដែលអាចរាប់បញ្ចូលក្នុងនោះបានដែរ ព្រោះមានឈ្មោះថា Cinquecento ដែលជាភាសាអ៊ីតាលីបកប្រែថា ប្រាំរយ មុនដំបូងត្រូវបានចាប់ផ្ដើមផលិត FIAT 500 ឆ្នាំ១៩៣៦។ បច្ចុប្បន្ន FIAT ដាក់លក់តែប្រភេទ 500 ចុងក្រោយ ដែលប្រើកម្លាំងអគ្គិសនីមួយមុខប៉ុណ្ណោះ។ FIAT 500 ជំនាន់ទី២ ត្រូវបានផលិតឡើងចំនួន ៤ ២៥០ ០០០ គ្រឿង ពីឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៧៥។ មានរោងចក្រ២នៅប្រទេសអ៊ីតាលី ១នៅប្រទេសអាល្លឺម្ល៉ង់ ១នៅប្រទេសអូទ្រីស ១នៅប្រទេសបារាំង ១នៅប្រទេសប៉ូឡូញ និង១នៅទ្វីបអាស៊ី គឺនៅប្រទេសឥណ្ឌា។ ខុសពីជំនាន់ទី១ ម៉ាស៊ីនវាមិនមែននៅខាងមុខទេ វាស្ថិតនៅខាងក្រោយ។ FIAT 500 គឺជាឡានមួយដ៏តូចមែនទែន ដើម្បីស្រួលជិះក្នុងទីក្រុង។ វាមានបណ្ដោយក្រោម ៣ម៉ែត្រ និងទទឹង ១៣២សង់ទីម៉ែត្រប៉ុណ្ណោះ។ ហើយទំងន់វាស្រាលបំផុតគឺក្រោម ៥០០គីឡូក្រាម។
 


ម៉ូឌែលF ត្រូវបានផលិតពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧២។ គឺជាម៉ូឌែលដំបូងដែលបើកទ្វារពីក្រោយទៅមុខធម្មតា។ កាលពីចេញលក់ថ្មី មានតម្លៃពី ៤ ០០០ ០០០ ទៅ ៥ ៥០០ ០០០រៀល។ លោក AGNELLI Giovanni បានបង្កើតក្រុមហ៊ុន FIAT នៅទីក្រុង Torino ឆ្នាំ១៨៩៩។ តាំងពីខែមករា ឆ្នាំ២០២១នេះ គឺជាកម្មសិទ្ធិរបស់ក្រុមសម្ព័ន្ធ STELLANTIS។ ហាងលក់រថយន្ដ HBH ធានាថា ចាប់ពីឆ្នាំ២០២២ គាត់នឹងនាំចូលឡានបុរាណឡើងវិញដូចមុន៕
 








 
 

Tag:
 រថយន្ត
 ឡានបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com