កីឡាអន្តរជាតិ
អន្តរជាតិ
វៀតណាម បានសម្រេចពន្យាពេលស៊ីហ្គេម ជាផ្លូវការ ទៅខែឧសភា ឆ្នាំ២០២២វិញ
18, Oct 2021 , 6:10 pm        
រូបភាព
ភ្នំពេញ៖ វៀតណាម បានសម្រេចពន្យាពេលស៊ីហ្គេម ជាផ្លូវការ ទៅខែឧសភា ឆ្នាំ២០២២វិញ។ បើតាមគម្រោងវៀតណាម ត្រូវរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ដែលនឹងធ្វើឡើងពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។

 
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា គណៈអចិន្ត្រៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានយល់ព្រមតាមសំណើរបស់វៀតណាមហើយ។ បើតាមលោក វ៉ាត់ ចំរើន វៀតណាមនឹងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម នៅពាក់កណ្ដាលខែឧសភា។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ក្រោយបញ្ចប់កិច្ចប្រជុំគណៈអចិន្ត្រៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នាល្ងាចថ្ងៃទី១៨ តុលានេះ អគ្គលេខាធិការ CAMSOC កម្ពុជារូបនេះ បាននិយាយដូច្នេះថា៖«វៀតណាមរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅពាក់កណ្ដាលខែឧសភា ប៉ុន្តែពេលវេលាច្បាស់លាស់នោះ គេនឹងបញ្ជាក់តាមលិខិតមកតាមក្រោយ។ នៅក្នុងកិច្ចប្រជុំក៏បានគាំទ្រវៀតណាម ក្នុងការសម្រេចចិត្តធ្វើបែបហ្នឹង»។
 
ការសុំពន្យារពេលរៀបចំស៊ីហ្គេមរបស់ម្ចាស់ផ្ទះវៀតណាមនេះ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ កំពុងរាតត្បាតក្នុងប្រទេស ក៏ដូចជាបន្តរីករាលដាលជាសកលនៅឡើយ ។

មិនតែប៉ុណ្ណោះ បណ្ដាប្រទេសអាស៊ាន ក៏បានគាំទ្រឱ្យកម្ពុជា និងវៀតណាម ធ្វើជាសហប្រធាននៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅចុងឆ្នាំ២០២១នេះផងដែរ។ នេះបើតាមលោក វ៉ាត់ ចំរើន ។
 
អគ្គលេខាធិការ CAMSOC កម្ពុជា បានបន្ថែមដូច្នេះថា៖«កម្ពុជា និងវៀតណាម ធ្វើសហប្រធាននៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅចុងឆ្នាំហ្នឹង ដើម្បីឱ្យកម្ពុជា ក៏មានសិទ្ធិរៀបចំធ្វើពីដើមឆ្នាំ២០២២ទៅ រហូតទៅ ដោយពេញសិទ្ធិជាអ្នកដឹកនាំ ហើយវៀតណាម ក៏ពេញសិទ្ធិជាអ្នកដឹកនាំ។ ហើយកម្មវិធីរបស់វៀតណាម គឺវៀតណាមធ្វើទៅ ឯកម្មវិធីស៊ីហ្គេមរបស់កម្ពុជា គឺកម្ពុជាធ្វើទៅ»។
 
ការសុំពន្យារពេលរៀបចំស៊ីហ្គេមរបស់វៀតណាមនេះ វាមិនប៉ះពាល់ដល់កម្ពុជា ក្នុងការរៀបចំស៊ីហ្គេមនោះទេ។ តែវា គឺជាឱកាសល្អ សម្រាប់សហព័ន្ធកីឡារៀបចំផែនការ ហ្វឹកហាត់ឱ្យបានគត់មត់បន្ថែមទៀត។ នេះបើតាមលោក វ៉ាត់ ចំរើន៕
 
 

Tag:
 SEA GAME
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com