ជាតិ
សេដ្ឋកិច្ច
អ្នករត់ម៉ូតូកង់បី ស្នើរដ្ឋាភិបាលអន្តរាគមន៍លើតម្លៃប្រេងសាំង ខណៈជីវភាពធ្លាក់ចុះ ក្នុងវិបត្តិកូវីដ-១៩
19, Oct 2021 , 8:59 am        
រូបភាព
តម្លៃប្រេងឥន្ធនៈនៅកម្ពុជា(រូបពី IDEA)
តម្លៃប្រេងឥន្ធនៈនៅកម្ពុជា(រូបពី IDEA)
ភ្នំពេញ៖ តម្លៃប្រេងសាំង ឡើងជាង៤ពាន់រៀលក្នុងមួយលីត្រ ធ្វើឲ្យអ្នករត់ម៉ូតូកង់បីកាន់តែពិបាកប្រកបរបរ ខណៈមិនសូវសម្បូរភ្ញៀវ ហើយត្រូវទូទាត់ការចំណាយប្រចាំថ្ងៃ រួមទាំងបញ្ហាបំណុល។ ពួកគេ ស្នើរដ្ឋាភិបាលជួយអន្តរាគមន៍តម្លៃប្រេងសាំង ចុះត្រឹមជាង៣ពាន់រៀលក្នុងមួយលីត្រ ដើម្បីសល់ប្រាក់សម្រួល ដល់ជីវីតភាពប្រចាំ។

 
 
ជាអ្នករត់ម៉ូតូកង់បីនៅម្ចុំផ្សារអូឡាំពិក លោក ហេង សុភក្រ្កា អះអាងប្រាប់សារព័ត៌មានថ្មីៗថា ក្នុងបរិបទកូវីដ-១៩នេះ លោក ត្រូវចំណាយច្រើនលើសម្ភារការពារខ្លួន មានម៉ាស់ ទឹកលាងដៃ និងតម្លៃទំនិញម្ហូបអាហារផ្សេងៗទៀត។ តែអ្វីដែល លោកសង្កត់ធ្ងន់នោះ គឺតម្លៃ ប្រេងសាំង និងហ្គាស។ 
 
លោក សុភក្រ្កា ត្អូញត្អែរថា សាំងធម្មតាឡើងដល់៤ ៣០០រៀលក្នុងមួយលីត្រ ហើយហ្គាសឡើងដល់២ ៥០០រៀលក្នុងមួយលីត្រ។ ជាមួយគ្នាដែរ លោកកត់សម្គាល់ឃើញថា ក្នុងបរិបទកូវីដ-១៩ លោករកចំណូលបានប្រមាណ៣ម៉ឺនប៉ុណ្ណោះក្នុងមួយថ្ងៃ។ ដូច្នេះ ទូទាត់ថ្លៃសាំង និងហ្គាស រួមទាំងសេវារបស់ក្រុមហ៊ុន App ហៅភ្ញៀវ គឺបានត្រឹមចាយវាយប្រចាំថ្ងៃប៉ុណ្ណោះ។
 
«ត្រូវបង់ធនាគារជាង២០០ដុល្លារទៀតក្នុងមួយខែ បើទូទាត់ទៅពុំសល់លុយទេ មានតែខ្ចីគេបន្ថែម ដើម្បីបានបង់ធនាគារ ហើយនិយាយឲ្យអស់ទៅ សាំងថ្លៃ​!ហ្គាសក៏ថ្លៃ! ពេលដឹកភ្ញៀវផ្លូវស្ទះរាប់ម៉ោង ហើយក្រុមហ៊ុន​ App ដឹកភ្ញៀវគេកាត់១៥ភាគរយទៀត! ឲ្យសល់អី»។ នេះជាការលើកឡើងរបស់លោក សុភក្រ្កា ។ 
 
លោក ឈៀង ស៊ីណាត ក៏ជាអ្នករត់ម៉ូតូកង់បីម្នាក់ទៀត ក៏រអ៊ូដែរថា លោកអាចនឹងត្រឡប់ទៅស្រុកវិញ ឬត្រូវចំណាកស្រុកទៅក្រៅប្រទេស បើមុខរបររបស់លោក នៅតែពុំអាចសល់ប្រាក់សម្រាប់បង់ធានាគារ។ ក្នុងមួយខែ លោកត្រូវចំណាយជាង ៣០០ដុល្លារ សម្រាប់ធនាគារពីរកន្លែង ដែលខ្ចីសម្រាប់ទិញម៉ូតូកង់បី និងព្យាបាលជំងឺ។ 
 
«តម្លៃសាំងឡើងដល់៤ ៣០០ ទៅ៤ ៥០០រៀលបែបនេះ ពួកខ្ញុំជាអ្នកប្រកបរបរក្រៅប្រព័ន្ធពិបាកណាស់។ កាលមុនធ្លាប់រកបាន៦ម៉ឺន ទៅ៨ម៉ឺនក្នុងមួយថ្ងៃ ឥឡូវបានតែ២ ទៅ៣ម៉ឺន ចាយមិនចង់គ្រប់ផង បានអ្វីបង់ធនាគារ។ បង់តែប្រាក់ការ ហើយស្រួលមិនស្រួល មានតែលក់ម៉ូតូកង់បីចេញវិញ ហើយទៅរកការងារធ្វើនៅក្រៅស្រុកវិញ»។ នេះបើតាមលោក ស៊ីណាត ថ្លែងប្រាប់សារព័ត៌មានតាមទូរស័ព្ទ ។
 
ទាំងលោក ហេង សុភក្ត្រា និងលោក ឈៀង ស៊ីណាត សុទ្ធតែស្នើឲ្យរដ្ឋាភិបាល និងម្ចាស់ក្រុមហ៊ុនប្រេងសាំងធំៗ ជួយសម្រួលតម្លៃឲ្យចុះវិញ ត្រឹមជាង៣ពាន់រៀល ក្នុងមួយលីត្រ ដើម្បីជួយជីវភាពអ្នកប្រកបរបរក្រៅប្រព័ន្ធ។ 


លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (រូបគណនីហ្វេសប៊ុក លោក វន់ ពៅ)
 
ពាក់នឹងករណីនេះ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ យល់ថា ក្នុងស្ថានភាពកូវីដ-១៩ ដែលពលរដ្ឋកំពុងជាប់បញ្ហាសេដ្ឋកិច្ចបែបនេះ តម្លៃប្រេងឥន្ធនៈមិនគួរឡើងថ្លៃបែបនេះឡើយ។ បើតាមលោក វន់ ពៅ រដ្ឋគួរតែជួយអន្តរាគមន៍លើករណីនេះ ឲ្យតម្លៃប្រេងឥន្ធនៈចុះវិញ ដើម្បីធានាឲ្យពលរដ្ឋមានជីវភាពរស់នៅបានសមរម្យ។ 
 
«ការឡើងថ្លែបែបនេះ (តម្លៃប្រេងឥន្ធនៈ) មានអត់មានតុល្យភាពនឹងចំណូលរបស់ប្រជាពលរដ្ឋ ហើយប៉ះពាល់ធ្ងន់ លើផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រកបរបរក្រៅប្រព័ន្ធនៅពេលនេះ។ រដ្ឋគួរអន្តរាគមន៍ជាបន្ត ពិសេសលើក្រុមដែលនាំចូល និងចែកចាយ ធ្វើយ៉ាងសម្រួលមានការចុះថ្លៃឡើងវិញ»។ នេះបើតាមលោក វន់ ពៅ។ 
 
សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឡើយ ដើម្បីសាកសួរជុំវិញករណីនេះ។
 
ជុំវិញនឹងតម្លៃប្រេងសាំងឡើងថ្លៃនេះ លោក ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី មើលឃើញថា កត្តាពីរដែលនាំឲ្យប្រេងឥន្ធនៈឡើងថ្លៃ គឺតម្រូវការកើនឡើង និងប្រភពផ្គត់ផ្គង់។ លោកពន្យល់ថា តម្រូវការកើនឡើងនេះ គឺស្ថានភាពសេដ្ឋកិច្ច វិនិយោគ និងសង្គមវប្បធម៌ផ្សេងមានដំណើរការឡើងវិញ ទើបកើនតម្រូវការ។ ចំណែកប្រភពផ្គត់ផ្គង់ គឺបណ្ដាលប្រទេសដែលផលិតប្រេងឥន្ធនៈ ជួបបញ្ហាប្រឈមណាមួយ នោះតម្លៃប្រេងសាំងនឹងកើនឡើងផងដែរ។ 


       លោក ឆេង គីមឡុង (រូបពីរាជបណ្ឌិត្យសភាកម្ពុជា)
 
«រដ្ឋាភិបាល អាចនឹងមានយន្តការគ្រប់គ្រងធ្វើយ៉ាងណា ឲ្យតម្លៃប្រេងសមស្របនឹងសង្គមកម្ពុជា។ ធម្មតារដ្ឋមានប្រាក់ឧបត្តម្ភធនចូលរួមការកាត់បន្ថយតម្លៃប្រេងនេះ ហើយរដ្ឋាភិបាលក៏អាចជំរុញឲ្យក្រុមហ៊ុននាំប្រេងឥន្ធនៈចូល រក្សាតម្លៃ​ ប្រសិនឡើង គឺឡើងក្នុងតម្លៃអប្បបរមាមួយ ដែលមិនឡើងជ្រុលលើតម្លៃទីផ្សារសកល»។ នេះបើតាមការលើឡើងលោក គីមឡុង។
 
កន្លងមកក្រសួងពាណិជ្ជកម្ម បានអះអាងថា ក្រសួងដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល មិនដែលបានអនុវត្ត ឬដាក់ចេញនូវយន្តការ និងវិធានការណាមួយ សម្រាប់គ្រប់គ្រងតម្លៃទំនិញនាំចូល ឬទំនិញចរាចរណ៍នៅលើទីផ្សារកម្ពុជានោះឡើយ តែបរិមាណផ្គត់ផ្គង់ និងតម្រូវការទីផ្សារទេ ដែលជាកត្តាកំណត់តម្លៃទំនិញ៕
 

Tag:
 សេដ្ឋកិច្ច
  សង្គម
  ប្រេងសាំង
© រក្សាសិទ្ធិដោយ thmeythmey.com