ជាតិ
មន្ត្រីជាន់ខ្ពស់បក្សGDP ព្រមានពីមហន្តរាយទឹកជំនន់ បើការគ្រប់គ្រងនយោបាយទឹក មិនប្រសើរឡើង
19, Oct 2021 , 2:50 pm        
រូបភាព
ដោយ៖ វ៉ា សុភានុត

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ព្រមានពីហានិភ័យទឹកជំនន់កាន់តែខ្ពស់ ខណៈជីវភាពប្រជាពលរដ្ឋនឹងកាន់តែលំបាកបន្ថែមទៀត ប្រសិនបើមិនកែសម្រួលនយោបាយគ្រប់គ្រងទឹកបច្ចុប្បន្ន។

 
លោក យ៉ង សាំងកុមារ ប្រធានគណកម្មការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានឱ្យដឹងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទឹកជំនន់បណ្ដាលឱ្យជន់លិចខេត្ត និងទីប្រជុំជនមួយចំនួន ដែលបង្កឱ្យខូចខាតផលដំណាំរបស់ប្រជាពលរដ្ឋយ៉ាងច្រើន។ ករណីនេះលោក យ៉ង សាំងកុមារ ជំរុញឱ្យរដ្ឋាភិបាលសិក្សាឡើងវិញនូវនយោបាយគ្រប់គ្រងទឹក  ដោយលោក សង្កេតឃើញថា ផ្លូវជាច្រើនត្រូវបានសាងសង់ឡើង ប៉ុន្តែផ្លូវសម្រាប់ទឹកហូរ ,ការដាក់ប្រព័ន្ធលូ និងការធ្វើស្ពាន មានតិចតួចនៅឡើយ។
 
លោក យ៉ង សាំងកុមារ មានប្រសាសន៍ថា៖ «នយោបាយទឹករបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន គាត់ធ្វើទៅអត់ទៅជាប្រព័ន្ធ។ ក្រសួងធនធានទឹកអ្នកអនុវត្តគោលនយោបាយទឹក ហាក់ដូចជា អត់មានការសហការគ្នា។ ក្រសួងគមនាគមន៍ ក្រសួងរៀបចំដែនដី គឺមិនបានសហការគ្នា[ជាមួយ]ក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងធនធានទឹក។ ចឹងជារួមគោលនយោបាយហ្នឹង ខ្វះការសហការ ការដឹកនាំ ឱ្យអ្នកពាក់ព័ន្ធធ្វើការសហការគ្នា ក្នុងការដោះស្រាយបញ្ហាទឹកហ្នឹង»។
 
ជុំវិញករណីនេះ សារព័ត៌មានថ្មីៗ មិនអាចទាក់ទង លោក សៀក វិចិត្រ អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​​គ្រោះ​មហន្តរាយ​ បាននោះទេ ។ 
 
ទោះយ៉ាងណា លោក​​ ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា ពីមួយឆ្នាំទៅមួយឆ្នាំ រដ្ឋាភិបាលតែងយកចិត្តទុកដាក់ដោះស្រាយបញ្ហាទឹកជំនន់នេះ។ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់បែបនេះថា ករណីក្រុងបាត់ដំបងលិចនាពេលនេះ គឺដោយសារការបញ្ចេញទឹកចេញពីស្ទឹងសង្កែមិនសមស្របទៅនឹងទឹកដែរហូរចូលមកប៉ុណ្ណោះ។
 
លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ៖ «តំបន់ដែលជួបនឹងទឹកជំនន់ភាគច្រើនគឺតំបន់ដែលនៅជួរខាងលិច។ ហើយបន្ទាប់ពីជួរភ្នំក្រវ៉ាញ ជួរភ្នំសំកុក​នៅពេលដែលមានភ្លៀងជាប់រហូតមកគឺវាហៀ ដែលយើងកំពុងតែធ្វើប្រឡាយ យើងធ្វើអត់ទាន់ មិនមែនថាយើងមិនបានយកចិត្តដោះស្រាយនោះទេ»។
 
យោងតាមសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ​នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីបង្ការ​ ការពារ និងកាត់បន្ថយគ្រោះមហន្តរាយ រដ្ឋាភិបាលកម្ពុជានឹងពង្រីកការគ្រប់គ្រងធនធានទឹក ការស្ដារ និងកសាងរចនាសម្ព័ន្ធស្រោចស្រព អាងស្តុកទឹក ប្រឡាយ​ សំណង់ទ្វារទឹក ប្រព័ន្ធរំដោះទឹក និងទំនប់ការពារទឹកជំនន់ជាដើម។ 

Tag:
 នយោបាយទឹក
  គ្រោះមហន្តរាយ
© រក្សាសិទ្ធិដោយ thmeythmey.com