COVID-19
ជាតិ
ក្រសួងសុខាភិបាល អំពាវនាវ​​ឱ្យក្រុមពលរដ្ឋដែលមានហានិភ័យខ្ពស់ ទៅចាក់វ៉ាក់សាំងកូវីដ-១​៩
19, Oct 2021 , 6:59 pm        
រូបភាព
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានអំពាវនាវឱ្យ​ក្រុមពលរដ្ឋដែលមានហានិភ័យខ្ពស់ រួមមានស្ត្រីមានផ្ទៃពោះ ឬបំបៅកូនដោយទឹកដោះ មនុស្សចាស់ជរា, អ្នកជាពី​កូវីដ-១៩ចាប់ពី៤ខែឡើង ឬជាពីជំងឺផ្សេងៗ និងអ្នកមានជំងឺប្រចាំកាយប៉ុន្តែមានស្ថានភាពនឹងនរអាចគ្រប់គ្រងបាន ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ការអំពាវនាវនេះ ធ្វើឡើង បន្ទាប់​ ​គ.វ.ក-១៩ សង្កេតឃើញថា ​អ្នកជំងឺកូវីដ-១៩ ដែលបានស្លាប់កន្លងមក ភាគច្រើនជាអ្នកដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩។

 
ក្រៅពី​ក្រុមពលរដ្ឋដែលមានហានិភ័យហើយនោះ គ.វ.ក-១៩ ក៏ទទូចឱ្យពលរដ្ឋទូទៅដែល​មិនទាន់ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ​ទៅទទួលវ៉ាក់សាំងផងដែរ។ ​តាមរយៈសេចក្តីជូនព័ត៌មានរបស់ខ្លួន គ.វ.ក-១៩ បាន​គូសបញ្ជាក់​ថា ការបង្កើនភាពស៊ាំនៅក្នុងខ្លួន និងក្នុងសហគមន៍ នឹង​អាចកាត់បន្ថយជាអតិបរមានូវអត្រាសម្រាកពេទ្យ និង​អត្រាស្លាប់ដែលបណ្តាលមកពីកូវីដ-១៩  ​ស្របពេលដែលវីរុសកូវីដ-១៩ បំប្លែងថ្មីៗ កំពុងរាតត្បាតនៅលើពិភពលោក ក៏ដូចជានៅកម្ពុជា។
 
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៨ តុលា កម្ពុជាបានចាក់វ៉ាក់សាំងដល់ពលរដ្ឋជាង ១៣,៦០លាននាក់ ឬស្មើនឹងជាង៨៥ភាគរយនៃចំនួនប្រជាជនសរុប ១៦លាននាក់។ ក្នុង១៣,៦០លាននាក់នោះ មានជាង១២,៧១លាននាក់ បានចាក់គ្រប់២ដូស ខណៈអ្នកដែលចាក់បាន​៣ដូសមានជាង ១,៤៨លាននាក់ប៉ុណ្ណោះ។
 
បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុប ១១៧ ០៣៥នាក់ ក្នុងនោះអ្នកជាសះស្បើយមាន១១១ ៤២០នាក់ និងអ្នកស្លាប់មាន ២ ៦៨១នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com