ជាតិ
រដ្ឋមន្រ្តីកសិកម្ម៖ បុណ្យទាន និងកម្មវិធីផ្សេងៗផ្អាក ធ្វើឱ្យតម្លៃជ្រូករស់បន្តធ្លាក់ថ្លៃ
19, Oct 2021 , 7:59 pm        
រូបភាព
ភ្នំពេញ៖ តម្លៃ​ជ្រូករស់​​បន្ត​ធ្លាក់ថ្លៃ ដោយសារការបិទខ្ទប់ ការផ្អាកបុណ្យទាន និងកម្មវិធីជួបជុំផ្សេងៗ ដែល​​​ធ្វើឱ្យ​​តម្រូវការសាច់ជ្រូកមានការប្រែប្រួល។ នេះជាការ​លើក​ឡើង​របស់​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម ដោយ​បន្ថែមថា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅ​ កសិករមួយចំនួនបានត្រៀមបញ្ចេញជ្រូកលក់ ប៉ុន្តែពិធីបុណ្យ​ត្រូវផ្អាក បាន​​​ធ្វើឱ្យជ្រូក​មាន​ការ​កកស្ទះ។



កូវីដ-១៩ បាន​ធ្វើ​ឱ្យ​តម្លៃ​ជ្រូក​រស់​នាពេល​បច្ចុប្បន្ន​បន្ត​ធ្លាក់ថ្លៃ គឺ​​មាន​តម្លៃពី៩៥០០រៀលទៅ ១០១០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ខណៈដើម​ឆ្នាំ​២០២០ តម្លៃ​ជ្រូករស់មានតម្លៃពី១៣០០០ រៀលទៅ ១៣៥០០ រៀលក្នុងមួយគីឡូក្រាម។ បើតាម​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ការ​ធ្លាក់ថ្លៃ​នៃ​តម្លៃ​ជ្រូករស់នេះ ដោយសារ​បញ្ហាកូវីដ-១៩។
 
លោក វេង សាខុន បាន​បញ្ជាក់​​លើ​ទំព័រហ្វេសប៊ុកយ៉ាងដូច្នេះ​៖ «វិបត្តិជំងឺកូវីដ-១៩ តម្រូវការសាច់ជ្រូកមានការប្រែប្រួលមិនទៀងទាត់ ដោយសារមានការបិទខ្ទប់ ពុំមានកម្មវិធីតាមបុណ្យទាន កម្មវិធីជួបជុំផ្សេងៗ ជាពិសេសពុំមានភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត​តាមតំបន់រមណីយដ្ឋាននានា ក្នុងព្រះរាជាណាចក្រកម្ពុជា»។
 
ជាក់ស្ដែង ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេល​កន្លងទៅ​​ កសិករចិញ្ចឹមជ្រូកមួយចំនួន បានត្រៀមបញ្ចេញជ្រូកលក់ ប៉ុន្តែពិធី​បុណ្យ​​​ត្រូវ​បាន​រដ្ឋាភិបាលផ្អាក បានធ្វើឱ្យជ្រូកមានការកកស្ទះ។ ជាមួយគ្នានេះ កសិដ្ឋានចិញ្ចឹមជ្រូកនៅ​កម្ពុជានាពេលបច្ចុប្បន្ន​ មាន​កើនឡើងចំនួន ៣៦កន្លែង ស្មើនឹង ៧,២ភាគរយ ដែលកើនពី ៥០៣កន្លែងក្នុងឆ្នាំ២០២០ ឡើងដល់ ៥៣៩កន្លែង ក្នុងឆមាសទី១ ឆ្នាំ២០២១។
 
ទាក់ទង​នឹង​តម្លៃ​ជ្រូក​រស់​បន្ត​ធ្លាក់ថ្លៃនេះ រដ្ឋមន្រ្តី​កសិកម្ម​ លើកឡើងថា ​មិន​មែន​ធ្លាក់ថ្លៃ​តែ​​កម្ពុជានោះទេ ពោលប្រទេសជិតខាង ដូចជាវៀតណាម ក៏​មានការធ្លាក់ថ្លៃយ៉ាងគំហុកផងដែរ។ តម្លៃ​ជ្រូករស់នៅ​វៀតណាម មាន​តម្លៃត្រឹម ៦៥០០រៀលប៉ុណ្ណោះក្នុង​គីឡូក្រាម ទើបជាង​តម្លៃនៅកម្ពុជា។




សត្វជ្រូក ចិញ្ចឹមដោយកសិករ​នៅខេត្ត​កំពង់ស្ពឺ។ រូបភាព៖ សែម វណ្ណា
 
ដើម្បី​ឱ្យ​តម្លៃ​ជ្រូក​រស់​មាន​ភាព​ប្រសើរ​ឡើង លោក វេង សាខុន អះអាងថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នឹងបន្តពិនិត្យ និងពិភាក្សារកដំណោះស្រាយអំពីបញ្ហាតម្លៃជ្រូកនេះបន្ថែមទៀត ដោយ​បន្តរឹតបណ្តឹងការអនុវត្តច្បាប់ ពិសេសបទល្មើសចរាចរសត្វ និងផលិតផលសត្វ។ គិតត្រឹមបំណាច់ខែកញ្ញា ឆ្នាំ២០២១ បទល្មើសចរាចរសត្វ និងផលិតផលសត្វ ពីប្រទេសជិតខាងបង្ក្រាបបានចំនួន ៥០ករណី ក្នុងនោះ បទល្មើសចលនាដឹកជញ្ជូនជ្រូករស់ចំនួន ២៣ករណី និងសាច់ជ្រូកបង្កកចំនួន ២ករណី។ សូមបញ្ជាក់ថា បច្ចុប្បន្ន ការនាំចូលជ្រូករស់ពីបរទេសមកកម្ពុជា មានត្រឹម៣០០ក្បាលប៉ុណ្ណោះក្នុងមួយថ្ងៃ៕ 

Tag:
 កសិកម្ម
  ជ្រូក
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com