ជាតិ
ពលរដ្ឋជាង២ពាន់គ្រួសារ នៅខេត្តរតនគិរី រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង
19, Oct 2021 , 4:58 pm        
រូបភាព
ដោយ:
ភ្នំពេញ ៖ ជំនន់ទឹកភ្លៀង បានធ្វើប៉ះពាលដល់ស្រុកចំនួន៥ នៅតាមបណ្តោយទន្លេស្រែពក​ និងទន្លេសេសាន នៅក្នុងខេត្តរតនគិរី។​​ ក្នុងនោះ ពលរដ្ឋចំនួន​ ៧៧គ្រួសារ ត្រូវជម្លៀសទៅទីទួលសុវត្ថិភាព ដើម្បីបញ្ចៀសគ្រោះថ្នាក់ ។


 
របាយការណ៍រដ្ឋបាលខេត្តរតនគិរី នាថ្ងៃទី១៩ តុលា​ បានឱ្យដឹងថា ផលប៉ះពាល់ចេញពីឥទ្ធិពល​ព្យុះ និង​​មូសុង​និរតី​ខ្លាំង បានធ្វើឱ្យ​បណ្ដា​ខេត្តរតនគិរី មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ បង្កជាជំនន់ទឹកភ្លៀង ដែលប៉ះពាល់ស្រុក៥រួមមាន លំផាត់ តាវែង អណ្ដូងមាស កូនមុំ និងស្រុកអូរយ៉ាដាវ។ 
 
បើតាមរបាយការណ៍ដដែល ​ជំនន់ទឹកភ្លៀង បានបណ្ដាលឱ្យប៉ះពាល់ដល់ពលរដ្ឋសរុបជាង២ពាន់គ្រួសារ ដោយក្នុងនោះ មាន៧៧គ្រួសារត្រូវបានជម្លៀសទៅទីទួលមានសុវត្ថិភាព។
 
យោងតាមរបាយការណ៍ដដែល ជំនន់នេះបានធ្វើឱ្យជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ ៩៨២ខ្នង,សាលារៀន៥ខ្នង,វត្តអារាម ៣កន្លែង,តូបលក់អីវ៉ាន់៧៥តូប,និងរោងជាងសិប្បកម្មផ្សេងៗ​ ១៣កន្លែង។
 
ទន្ទឹមនោះផ្ទៃដីស្រែចំនួន​ ១.០៧៧ហិកតាបានលិចលង់ ខណៈគោ​ ២៤៨ក្បាល,ជ្រូក ១១៦ក្បាល,មាន់ទា១.០៦៥ក្បាល ត្រូវបានជម្លៀសទៅទីទួលមានសុវត្ថិភាព។ក្រៅពីនោះ ផ្លូវក្រាលគ្រួសក្រហមប្រវែង​ ១៥.៦០០ម៉ែត្រ,ស្ពានបេតុង១១កន្លែង, លូកាត់ផ្លូវ ១១កន្លែង​ អណ្តូងស្នប់​ ៩៣,អណ្តូងលូ ៣៦៨,បង្គន់អនាម័យ ៤៨១៕ 

Tag:
 រតនគិរី
  ជំនន់ទឹកភ្លៀង
  ជម្រៀស
© រក្សាសិទ្ធិដោយ thmeythmey.com