ជាតិ
រថយន្ត
រថយន្តល្មើស២២៩គ្រឿងត្រូវបានប្រគល់ឱ្យម្ចាស់វិញ តាមបញ្ជាពីសម្តេច ហ៊ុន សែន រូបថត៖ ហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
× ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រគល់រថយន្តដែលដឹកលើសទម្ងន់ ទាំង២២៩គ្រឿងទៅឱ្យម្ចាស់វិញអស់ហើយ គិតត្រឹមថ្ងៃទី១៣ តុលា តាមការបញ្ជាពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើតាមរយៈទំព័រហ្វេសប៊ុក របស់ក្រសួងសាធារណការ ចុះផ្សាយនៅថ្ងៃទី១៩ តុលានេះ។
ប្រមុខរដ្ឋាភិបាលកម្ពុជា កាលពីចុងខែកញ្ញាកន្លងទៅ បានបញ្ជាឱ្យក្រសួងសាធារណការ ប្រគល់រថយន្តល្មើសច្បាប់ទាំងនេះទៅឱ្យម្ចាស់វិញ ដើម្បីជាការបន្ធូរបន្ថយ និងផ្ដល់ឱកាសជាថ្មី ឱ្យម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្ត ដែលត្រូវបានផាកពិន័យ អាចប្រកបអាជីវកម្មឡើងវិញ ស្របតាមគោលនយោបាយស្ដារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។ កាលណោះ សម្តេច ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា បើម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តបន្តដឹកជញ្ជូនលើសទម្ងន់ខុសច្បាប់ទៀត រដ្ឋនឹងអនុគ្រោះជាលើកទី២នោះទេ។
បន្ថែមពីប្រសាសន៍សម្តេច ហ៊ុន សែន ក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថាខ្លួននឹងបន្តអនុវត្តច្បាប់ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងតឹងរ៉ឹងបំផុត ព្រមទាំងខិតខំផ្សព្វផ្សាយ អំពីចំណាត់ការនេះ ទៅដល់សាធារណជនបន្ថែមទៀត។
សូមជម្រាបថា យានយន្តទាំង ២២៩គ្រឿង ជាយានយន្តដែលល្មើសច្បាប់ ដោយបានដឹកលើសទម្ងន់កម្រិតកំណត់លើសពី ២០% នៃទម្ងន់អនុញ្ញាត ហើយដែលត្រូវបានឃាត់ដោយស្ថានីយជញ្ជីងអចល័ត និងក្រុមចល័តចម្រុះ ហើយរក្សាទុកនៅតាមស្ថានីយជញ្ជីងអចល័ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន៕
© រក្សាសិទ្ធិដោយ thmeythmey.com