ជាតិ
លីកាដូ៖ ២ឆ្នាំនៃវិបត្តិកូវីដ-១៩ បញ្ហាដីធ្លី មិនបានថមថយឡើយ
19, Oct 2021 , 9:59 pm        
រូបភាព
រូបពី លីកាដូ
រូបពី លីកាដូ
ភ្នំពេញ៖ ពីរឆ្នាំចុងក្រោយនៃអំឡុងពេលរីករាលដាលកូវីដ-១៩ បញ្ហាដីធ្លីមិនបានថមថយឡើយ ខណៈសកម្មជនដីធ្លី ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។ តែយ៉ាងណា រដ្ឋាភិបាល អះអាងថា ខ្លួនមានយន្តការដោះស្រាយបញ្ហាដីធ្លីនេះ។

 
របាយការណ៍លីកាដូ បានបង្ហាញថា ​ការរំលោភ​យក​ដីធ្លី​នៅ​ក្នុង​ប្រទេស​ ​មិន​មាន​សញ្ញា​ថមថយ​នោះ​ទេ​ ក្នុងរយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​ នៃ​អំឡុង​ពេល​រីក​រាលដាល​​ជំងឺ​កូ​វី​ដ​ -១​៩​ ​ដែលមាន​ប្រជាពលរដ្ឋ​​ជាង​ ​៥​.​០​០​០​ ​គ្រួសារ​ ​ទទួលរង​ផល​ប៉ះពាល់​ ​។​ ​លើស​ពី​នេះ​ ​ការ​ចាប់ និង​ឃុំ​ខ្លួន​សមាជិក​សហគមន៍​ ​និង​សកម្មជន​ដីធ្លី ដាក់​ពន្ធ​នាគា​រ​ កាន់តែ​មានការ​កើន​ឡើង​។​ ​
គិត​ត្រឹម​ខែ​តុលា​នេះ​ ​សមាជិក​សហគមន៍​ ​និង​សកម្មជន​ដីធ្លី​ ​យ៉ាងតិច​ណាស់​ចំនួន​ ​២​១​ ​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ ​ហើយ​ក្នុង​នោះ​ ​១​០​ នាក់​ ​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធ​នាគា​រ​នៅឡើយ​​។ នេះបើតាមរបាយការណ៍របស់លីកាដូ។​
 
ក្នុងវីដេអូជាង៣នាទីរបស់អង្គការលីកាដូស្ដីពី «ដីគឺជាជីវិត៖ ការប្រារព្ធទិវាសិទ្ធិលំនៅឋានអន្តរជាតិឆ្នាំ២០២១» ដែលចេញនៅថ្ងៃទី១៧ បានស្រង់សម្តី អ្នកស្រី ហង្ស ចិន្ដា ដែលជាអ្នកមានបញ្ហាដីធ្លីក្នុងសហគមន៍២២គ្រួសារ ក្នុងខេត្តព្រះសីហនុ បានអះអាងថា អ្នកស្រី និងពលរដ្ឋនៅក្នុងសហគមន៍ រងការគំរាមកំហែងគ្រប់រូបភាព ដោយសារបញ្ហាដីធ្លីនេះ។ អ្នកស្រី ហង្ស ចិន្ដា ដែលធ្លាប់ជាប់ឃុំខ្លួនដោយសារបញ្ហាដីធ្លីនេះ យល់ឃើញថា អាជ្ញាធរបានប្រើលេស កូវីដ-១៩ ដើម្បីធ្វើទុក្ខបុកម្នេញលើសកម្មជន ដែលចេញតវ៉ារឿងដីធ្លី។
 
«នៅព្រះសីហនុ យើងប្រឈមខ្លាំងនឹងទំនាស់ដីធ្លី ដែលផ្ទុះឡើងនៅអំឡុងពេលកូវីដ-១៩ ហើយជាការឆក់ឱកាសរបស់អាជ្ញាធរ មិនឲ្យពលរដ្ឋប្រមូលផ្ដុំ។ បើមានការប្រមូលផ្ដុំ លើសពី១០នាក់ គេអាចយកវិធីសាស្រ្តមួយ ទៅពិនិត្យសំណាក និងទៅចត្តាឡីស័ក»។ នេះបើតាមអ្នកស្រី ចិន្តា ដែលបានបន្ថែមថា បើពលរដ្ឋបាត់បងដីធ្លី ប្រៀបដូចជាបាត់បង់ជីវិត ។ 
 
ចំណែក លោក ស្មិន តិក នៅសហគមន៍ព្រៃឈើរតនៈរុក្ខា ខេត្តឧត្តរមានជ័យ បានសង្កត់ធ្ងន់ថា កម្ពុជាមិនមានការគោរពសិទ្ធិមនុស្សឡើយ គឺឃើញមានតែការចាប់ខ្លួនពលរដ្ឋដែលរងការរំលោភដីធ្លី។ 

សារព័ត៌មានថ្មីៗ មិនអាចសុំការឆ្លើយតបពីលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជុំវិញបញ្ហាដីធ្លីនេះបាននៅឡើយ។
 
ជុំវិញវិវាទដីធ្លីកន្លងមក លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល អះអាងថា រដ្ឋមានយន្តការច្រើន ក្នុងការដោះស្រាយបញ្ហាដីធ្លី ដោយយកច្បាប់ជាធំ​ តាមរយៈគណៈកម្មការដោះស្រាយវិវាទនៅថ្នាក់ជាតិ និងតាមស្រុក ខេត្តនានា ដែលជាសេនាធិការរបស់រដ្ឋាភិបាល។ បើតាមលោក ផៃ ស៊ីផាន រដ្ឋាភិបាល ក៏មានគណៈកម្មការចាំទទួលដោះស្រាយវិវាទ តាមរយៈទំព័រហ្វេសប៊ុកសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្ត និងសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ។ 
 
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ សង្កត់ធ្ងន់ថា៖​ «បើយើងមិនទុកចិត្តថ្នាក់លើ យើងមិនទុកចិត្តយន្តការដោះស្រាយ យើងនាំគ្នាធ្វើបាតុកម្ម បានសេចក្ដីថាមិនមែនជារឿងវិវាទដីធ្លីទេ។ គឺគ្រាន់តែយករបៀបវីរៈដីធ្លី ទៅធ្វើរឿងអ្វីផ្សេង! ក៏សូមជម្រាបជូនពលរដ្ឋ ឲ្យរៀបចំក្រដាសស្នាមឲ្យចំយន្តការ ដែលមានស្រាប់»៕ 
 

Tag:
 ដីធ្លី
  សកម្មជនដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com