ជាតិ
កម្ពុជា នឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ មួយសប្ដាហ៍
20, Oct 2021 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា រយៈពេលមួយសប្ដាហ៍ចាប់ពីថ្ងៃទី២០-២៦ តុលា កម្ពុជានឹងរងឥទ្ធិពលសម្ពាធខ្ពស់ពីចិន និងសម្ពាធទាបពីឥណ្ឌា។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម ដែលបញ្ជាក់ថា បណ្ដាខេត្តមួយចំនួន នឹងមានភ្លៀង កម្រិតខ្សាយទៅបង្គួរ លាយឡំផ្ទរ រន្ទះ និងផ្នែកខ្លះ មានភ្លៀងធ្លាក់ច្រើន។



ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១៩នេះ បានជូនដំណឹងថា កម្ពុជានឹងទទួលរងឥទ្ធិពលសម្ពាធខ្ពស់ចិន រីឯភាគខាងត្បូងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យអាកាសធាតុនៅកម្ពុជា មានភ្លៀងធ្លាក់ពីតិចទៅបង្គួរ រយៈពេលមួយសប្ដាហ៍ចាប់ពីថ្ងៃទី ២០-២៦ តុលា។
 
បើតាមការព្យាកររបស់ក្រសួងធនធានទឹក បណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាល អាចនឹងមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំផ្គររន្ទះ។ ជាមួយគ្នានេះ នៅរាជធានីខេត្តភាគខាងក្រោម  និងមានព្រំប្រទល់ជាប់វៀតណាម អាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ។
 
ចំណែកឯ បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។ រីឯ តំបន់មាត់សមុទ្រ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។ 
ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យពលរដ្ឋ  ត្រូវប្រុងប្រយ័ត្នជាមុន ក្នុងការពារគ្រោះថ្នាក់ ដែលអាចនឹងកើតឡើងជាយថាហេតុ ពិសេសក្នុងរដូវវស្សា៕

Tag:
 អាកាសធាតុ
  សម្ពាធខ្ពស់
  សម្ពាធទាប
© រក្សាសិទ្ធិដោយ thmeythmey.com