កីឡាអន្តរជាតិ
អន្តរជាតិ
អាមេរិក នឹងអប់រំអត្តពលិកខ្លួនពីបញ្ហាសិទ្ធិមនុស្សនៅចិន មុនអូឡាំពិកប៉េកាំង២០២២
20, Oct 2021 , 3:23 pm        
រូបភាព
គណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកសហរដ្ឋអាមេរិក (USOPC) នឹងផ្តល់ការអប់រំដល់អត្តពលិកខ្លួន ឱ្យមានចំណេះដឹងលើបញ្ហានៅជុំវិញពិភពលោក មុនព្រឹត្តិការណ៍អូឡាំពិកក្រុងប៉េកាំងឆ្នាំ ២០២២ មកដល់។ អត្តពលិកអាមេរិក ក៏នឹងចូលជជែកពិភាក្សា អំពីកំណត់ត្រាបញ្ហាបំពានសិទ្ធិមនុស្សរបស់ចិនផងដែរ។



អាមេរិក ​មិន​រារាំង​អត្ត​ព​លិ​ក​ខ្លួន ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងារ​ក្រុង​ប៉េកាំង​ឆ្នាំ​២០២២ ទេ បើ​ទោះ​ចិន​កំពុង​រង​ការរិះគន់​យ៉ាងខ្លាំង​ ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​ក្នុងប្រទេស​ក៏ដោយ​។
 
​ក្រុម​អ្នកតស៊ូ​មតិ​ពាក់ព័ន្ធ​បញ្ហា​សិ​ទិ្ធ​មនុស្ស ​បានការ​ទាមទារ​ឱ្យ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) ដក​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​រដូវរងារ​ដែល​នឹងធ្វើ​នៅ​ខែកុម្ភៈ ឆ្នាំ ២០២២ ចេញពី​ប្រទេស​ចិន ដ្បិតប្រទេសយក្សអាស៊ីមួយនេះត្រូវបានគេចោទថា​ធ្វើទុក្ខបុកម្និញ​លើ​ជនជាតិភាគតិច​វី​ហ្គ័​រ​នៅស៊ីនជាំង និងបញ្ហាក្តីក្តាំសិទ្ធិមនុស្សជាច្រើនទៀត​។ យ៉ាងណា ចិនបដិសេធទាំងស្រុងចំពោះការចោទប្រកាន់នេះ។
 
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារពត៌មាន Reuters នៅថ្ងៃទី២០ ខែតុលា USOPC លើកទឹកចិត្តអត្តពលិកខ្លួនឱ្យគាំទ្រតម្លៃនៃចលនាអូឡាំពិក ទោះបីប្រទេសដែលមានបញ្ហាការរើសអើង ធ្វើម្ចាស់ផ្ទះក៏ដោយ។ យ៉ាងណា USOPC នឹងផ្តល់ការអប់រំចំណេះដឹងដល់អត្តពលិកអាមេរិកឱ្យយល់ដឹងពីបញ្ហាពិភពលោកផងដែរ។
 
លោកស្រី Susanne Lyons ប្រធាន USOPC បាននិយាយក្នុងកិច្ចប្រជុំមួយថា អូឡាំពិកក្រុងប៉េកាំងនឹងផ្តល់ឱកាសឱ្យកីឡាករនិយាយពីបញ្ហាអ្វីមួយ ដើម្បីសាមគ្គីភាព សន្តិភាព និងសិទ្ធិរបស់ប្រជាជននៅជុំវិញពិភពលោក។
 
«យើងពិតជាគ្មានឱកាសទេពីព្រោះយើងមិនមែនជារដ្ឋាភិបាលដែលមានឥទ្ធិពលដល់សកម្មភាពច្បាប់ និងបទបញ្ជារបស់ប្រទេសមួយផ្សេងទៀត។ ប៉ុន្តែ ប្រាកដណាស់អត្តពលិករបស់យើងនឹងមានចំណេះដឹងអំពីរឿងនោះ ហើយពួកគេអាចបញ្ចេញសមត្ថភាពផ្ទាល់ខ្លួនដើម្បីចូលរួមដោះស្រាយបញ្ហាមួយចំនួនអំឡុងព្រឹត្តិការណ៍កីឡារដូវរងា»។ នេះជាការអះអាងរបស់លោកស្រី Lyons។
 
​បើ​មិនប្រែប្រួល​ទេ ​កីឡា​អូឡាំពិក​រដូវរងារ​ក្រុង​ប៉េកាំង​ឆ្នាំ​២០២២ និង​ជាព្រឹត្តិការណ៍​លើក​ទី​២៤ នឹង​ចាប់ផ្តើម​ការប្រកួត​ផ្លូវការ​ពីថ្ងៃ​ទី​៤ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​២០ ខែកុម្ភៈ​៕

Tag:
 USOPC
  Beijing 2022
© រក្សាសិទ្ធិដោយ thmeythmey.com