ជាតិ
បក្សីសមុទ្របុលវ័រ ត្រូវបានកត់ត្រាជាលើកដំបូង នៅកម្ពុជា
× ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែតុលា លោកផល្លី ណាក់ ជាកសិករក្នុងខេត្តរតនគិរី បានប្រទះសត្វ បក្សីសមុទ្របុលវ័រមួយក្បាលហើរចូលក្នុងផ្ទះ និងបានដោះលែងទៅវិញនៅថ្ងៃដដៃល។ បក្សីសមុទ្របុលវ័រ ជាសត្វដែលកម្រនៅដែនទឹកអាស៊ីអាគ្នេយ៍ ដែលបន្តពូជនៅតំបន់កោះតូចៗនៅសមុទ្រចិនខាងកើត និងប៉ាស៊ីហ្វិកខាងលិច និងនៅកោះរីយូឃ្យូភាគខាងត្បូងប្រទេសជប៉ុន។ លោក ថុល សុវណ្ណារិទ្ធ ប្រធានគម្រោងរបស់អង្គការជីវិតសត្វស្លាប បានអះអាងថា វត្តមានបក្សីសមុទ្របុលវ័រនេះ ជាកំណត់ត្រាដំបូងបំផុតសម្រាប់កម្ពុជា។
លោក ថុល សុវណ្ណារិទ្ធ ប្រធានគម្រោងរបស់អង្គការជីវិតសត្វស្លាប បានបញ្ជាក់ថា សត្វបក្សីសមុទ្របុលវ័រ (Bulwer’s Petrel) ត្រូវបានកត់ត្រាដំបូងនៅក្នុងឆ្នាំ២០២១ បន្ទាប់ពីកសិករនៅក្នុងខេត្តរតនគិរី បានជូនដំណឹងដល់ក្រុមការងារជីវិតសត្វស្លាប ។ លោក សុវណ្ណារិទ្ធ បានសន្និដ្ឋានថា បក្សីសមុទ្រនេះ អាចមកតាមព្យុះទីហ្វុង បក់ពីដែនសមុទ្រមកតំបន់ដីគោក។
ប្រធានគម្រោងរបស់អង្គការជីវិតសត្វស្លាបរូបនេះ បានបញ្ជាក់ដូច្នេះ៖ « ពេលនេះបក្សីនោះត្រូវបានម្ចាស់ផ្ទះដោះលែងហើយ គេមិនទុកទេ។ បន្ទាប់ពីលែងទើបគាត់ជូនដំណឹងឱ្យក្រុមការងារបានដឹង។ បើនិយាយទៅខ្ញុំក៏មិនបានឃើញផ្ទាល់ដែរ បានត្រឹមមើលតាមរូបថតពីរសន្លឹកនោះប៉ុណ្ណោះ»។
បើតាម លោក សុវណ្ណារិទ្ធ សត្វបក្សីនេះ មិនទាន់ទៅណាឆ្ងាយនោះទេ ដោយវាហើរជិតៗផ្ទះរបស់កសិករនៅឡើយ ព្រោះវាមានរបួស។« ពេលនេះខ្ញុំមិនទាន់អាចសន្និដ្ឋានពីស្ថានភាពបក្សីសមុទ្របុលវ័រមួយក្បាលនោះទេ ព្រោះខ្ញុំមិនទាន់ឃើញផ្ទាល់ភ្នែក។ តែបើតាមម្ចាស់ផ្ទះប្រាប់ វាដូចជាមានរបួសជើង»។ នេះបើតាមលោក សុវណ្ណារិទ្ធ ដែលបញ្ជាក់ថា អង្គការជីវិតសត្វស្លាប នៅតែពិនិត្យ ហើយតាមដានពីបក្សីនេះបន្ត៕
Tag:
បក្សីសមុទ្រ
បុលវ័រ
កំណត់ត្រាដំបូង
© រក្សាសិទ្ធិដោយ thmeythmey.com