កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយកីឡាករ EPL ចាក់វ៉ាក់សាំងច្រើន អ្នកជំនាញថា ពួកគេយល់ដឹងពីគុណតម្លៃ ជាងជនបំពុលលើអ៊ីនធឺណិត
21, Oct 2021 , 8:29 am        
រូបភាព
Premier League ប្រកាសថា ៦៨ភាគរយនៃកីឡាករទាំងអស់នៅលីគកំពូលអង់គ្លេស ទទួលបានការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ចំនួនពីរដូសរួចរាល់ហើយ។ កីឡាករដែលទើបចាក់បានមួយដូសមានចំនួន៨១ភាគរយ។ អ្នកជំនាញសុខាភិបាលអង់គ្លេស ថាកីឡាករផ្តើមយល់ដឹងពីគុណតម្លៃរបស់វ៉ាក់សាំងការពារកូវីដ-១៩កាន់តែច្រើន។



ក្របខណ្ឌ Premier League លើកឡើងថា តួលេខនេះបង្ហាញពីការកើនឡើងយ៉ាងគំហ៊ុគសម្រាប់ការទទួលយកវ៉ាក់សាំងការពារជំងឺពីសំណាក់កីឡាករ ខណៈដែលកន្លងមកពួកគេ មិនចង់ចាក់វ៉ាក់សាំងឡើយ។
 
សាស្ត្រាចារ្យ Jonathan Van-Tam អនុប្រធានផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសអង់គ្លេសបានប្រាប់ កាសែត BBC ថា៖«ទិន្នន័យចុងក្រោយនេះបង្ហាញថាកីឡាករ មានការយល់ដឹងកាន់តែច្បាស់អំពីប្រយោជន៍របស់វ៉ាក់សាំង។ នេះក៏មានន័យថាមនុស្សកំពុងស្តាប់សារពីអ្នកជំនាញសុខាភិបាលដែលព្យាយាមផ្តល់ដំបូន្មានល្អៗ ច្រើនជាងជនបំពុលលើអ៊ីនធឺណិត អ៊ីនស្តាក្រាមឬហ្វេសប៊ុកជាដើម»។


លោកសាស្ត្រាចារ្យ Jonathan Van-Tam អនុប្រធានផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសអង់គ្លេស
 
លោកព Van-Tam បង្ហាញអារម្មណ៍សប្បាយរីករាយ ហើយលោកហៅការទទួលយកការចាក់វ៉ាក់សាំងនេះជាការផ្លាស់ប្តូរជាវិជ្ជមានដ៏ពិតប្រាកដ។
នៅចុងខែកញ្ញា មានតែក្លិបចំនួន៧ប៉ុណ្ណោះនៅលីគកំពូលអង់គ្លេស ដែលមានកីឡាករជាង ៥០ ភាគរយទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ប៉ុន្តែ គិតមកដល់ថ្ងៃទី១៩ ខែតុលាចំណោមក្លិបទាំង២០ មានកីឡាកររហូតដល់៦៨ភាគរយហើយដែលចាក់វ៉ាក់សាំងដូសទីពីររួចរាល់ និងអ្នកចាក់មួយដូសមាន៨១ភាគរយ។
 
Premier League អះអាងថា ខ្លួននៅតែបន្តធ្វើការជាមួយក្លិបដើម្បីលើកទឹកចិត្តដល់កីឡាករនិងបុគ្គលិកក្លិបដែលមិនទាន់បានចាក់ និងមិនចង់ចាក់វ៉ាក់សាំងនេះ។ មិនត្រឹមតែកីឡាករឡើយ អ្នកណាក៏ដោយដែលរស់នៅអង់គ្លេស ហើយមិនទាន់មានប័ណ្ណបញ្ជាក់ចាក់វ៉ាក់សាំងនឹងពិបាកក្នុងការធ្វើដំណើរចេញចូលក្នុងប្រទេសនេះ៕

Tag:
 Premier League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com