ជាតិ
ទឹកជំនន់៖ ពលរដ្ឋ៨០គ្រួសារ នៅក្រុងប៉ោយប៉ែត ត្រូវបានជម្លៀស
20, Oct 2021 , 5:02 pm        
រូបភាព
គ្រោះទឹកជំនន់ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។រូបភាពពី ទំព័រហ្វេសប៊ុក លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយជ័យ។
គ្រោះទឹកជំនន់ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។រូបភាពពី ទំព័រហ្វេសប៊ុក លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយជ័យ។
បន្ទាយមានជ័យ៖ អាជ្ញាធរជម្លៀសពលរដ្ឋប្រមាណ៨០គ្រួសារ​ ក្នុងសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្ដាល ទៅទីទួលសុវត្ថិភាព ។ បើតាមលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អះអាងថា ជំនន់ទឹកភ្លៀងក្នុងក្រុងប៉ោយប៉ែតនេះ បណ្ដាលមកពីទឹកអូរនៃព្រំដែនកម្ពុជា-ថៃហក់ឡើង។



«ឥឡូវនេះស្ថានការណ៍នៅតាមដងអូរនេះ ទឹកភ្លៀងវាធ្លាក់ពីថៃមក វាធ្វើឱ្យមានជន់ឡើងបណ្ដាលឱ្យលិចក្រោមផ្ទះប្រជាពលរដ្ឋខ្លះ ហើយមកទល់ពេលនេះយើងកំពុងជម្លៀសប្រជាពលរដ្ឋតាមមាត់អូរ។ មកទល់ពេលនេះយើងជម្លៀសពលរដ្ឋបាន៨០គ្រួសារហើយ»។ នេះជាការលើកឡើងរបស់ លោក គាត ហ៊ុល ដោយលោកបន្ថែមថា ស្ថានភាពទឹកក្នុងក្រុងប៉ោយប៉ែតនារសៀលនេះ មិនហក់ឡើងខ្លាំងនោះឡើយ ហើយក៏មិនទាន់មានសញ្ញាណថមថយនោះដែរ។
 
ក្រោយជម្លៀសពលរដ្ឋពលរដ្ឋ៨០គ្រួសារនេះ អភិបាលក្រុងរូបបានមានប្រសាសន៍ថា បច្ចុប្បន្នក្រុមសមត្ថកិច្ច និងអាជ្ញាធរ កំពុងបន្តជម្លៀស និងតាមដានស្ថានភាពបន្តទៀត ដើម្បីសង្គ្រោះពលរដ្ឋឱ្យទាន់ពេលវេលា។ លោកបន្ថែមថា ស្ថានភាពទឹកជំនន់ ដែលមានប្រភពមកពីអូរនៃព្រំដែនកម្ពុជា-ថៃនេះ អាចធ្វើឱ្យជន់លិចតាមបណ្ដាស្រុក ដែលជាប់នឹងអូរនេះ។ 
 
ជុំវិញជំនន់ទឹកតាមស្រុកផ្សេង ក្រៅពីក្រុងប៉ោយប៉ែតនេះ សារព័ត៌មានថ្មីៗ២៥ មិនទាន់អាចទាក់ទងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ​ ដើម្បីសុំព័ត៌មានលម្អិតបានឡើយ។
ជាមួយគ្នានេះ លោក គាត ហ៊ុល បានអំពាវនាវដល់ពលរដ្ឋទាំងអស់ក្នុងស្រុកផ្សេងៗ ដែលស្ថិតនៅជាប់មាត់អូរ នៃព្រំដែនកម្ពុជា-ថៃ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវត្រៀមខ្លួនជាស្រេច ក្នុងករណីត្រូវជម្លៀសទៅទីទួលសុវត្ថិភាព ប្រសិនបើស្ថានភាពទឹកនេះមិនថមថយ៕

Tag:
 thmeythmey25
  ទឹកជំនន់
  ប៉ោយប៉ែត
  បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com