ជាតិ
ឲ្យតែគណបក្សបេះដូងជាតិ ស្របតាមលក្ខន្តិកៈច្បាប់ ក្រសួងមហាផ្ទៃ នឹងចុះបញ្ជី ដោយមិនខ្វល់រឿង ជនណានៅពីក្រោយឡើយ
21, Oct 2021 , 11:05 am        
រូបភាព
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អះអាងថា ក្រសួងកំពុងផ្ទៀងផ្ទាត់ ឯកសាររបស់គណបក្សបេះដូងជាតិ ហើយប្រសិនគ្រប់លក្ខន្តិកៈតាមច្បាប់នឹងសម្រេចចុះបញ្ជីឲ្យហើយ ដោយមិនខ្វល់បុគ្គលណាមួយនៅពីក្រោយឡើយ។

 
លោក សៀម ភ្លុក ប្រធានគណបក្សបេះដូងជាតិបានដាក់លិខិតទៅសម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ដើម្បីសុំការឆ្លើយតបពីការសុំចុះបញ្ជីគណបក្សនយោបាយ។ ការស្នើសុំការឆ្លើយតបនេះ ដោយសារលោកបានកែសម្រួលតាមលក្ខន្តិកៈរបស់ក្រសួងជាង១ខែហើយ នៅតែមិនទាន់មានការឆ្លើយតបពីក្រសួងវិញ។ នេះបើតាមលិខិតផ្ញើទៅកាន់សម្ដេច ស ខេង របស់ប្រធានគណបក្សបេះដូងជាតិ ចេញថ្ងៃទី២០តុលា។ 
 
ឆ្លើយតបលិខិតគណបក្សបេះដូងជាតិនេះ លោក ខៀវ សុភ័គ អះអាងថា ខាងនាយកដ្ឋានជំនាញកំពុងតែផ្ទៀងផ្ទាត់ លើសំណុំឯកសាកនៃការបញ្ជីរបស់គណបក្សនេះហើយ។ លោកបញ្ជាក់ថា បើពិនិត្យឃើញមានគ្រប់លក្ខន្តិកៈ​ ខាងក្រសួងនឹងសម្រេចចុះបញ្ជីជាផ្លូវការតែម្ដង។ 
 
«នាយកដ្ឋានជំនាញយើងកំពុងផ្ទៀងផ្ទាត់អ្វីៗទាំងប៉ុន្មានដែលដាក់មក ជាមួយនឹងច្បាប់។ បើខុសឆ្គងអ្វី ឬបានលទ្ធផលយើងឆ្លើយតបទៅវិញ»។ នេះបើតាមលោក ខៀវ សុភ័គ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅរសៀលថ្ងៃទី២០តុលា។ 
 
អ្នកនាំពាក្យរូបនេះ បានឲ្យដឹងថា ក្រសួងក៏ពិចារណាដែរ ក្រោយទទួលបានព័ត៌មានពីប្រភព ដែលជិតស្និទនឹងលោក សម រង្ស៊ី ថាលោក សម រង្ស៊ី ចូលដៃឲ្យបង្កើតគណបក្សបេះដូងជាតិ។ យ៉ាងណាក៏ដោយ លោកសង្កត់ធ្ងន់ថា អ្វីៗមិនសំខានលើលោក សម រង្ស៊ី នៅពីក្រោយឡើយ គឺសំខាន់មានលក្ខន្តិកៈស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីគណបក្សនយោបាយ។ 
 
លោក ខៀវ សុភ័គ ថ្លែងយ៉ាងដូច្នេះថា៖ «មាន សម រង្ស៊ី ឬមិនមាន សម រង្ស៊ី (នៅពីក្រោយ) មិនសំខាន់ទេ សំខាន់ឲ្យតែធ្វើត្រូវតាមច្បាប់របស់គណបក្សនយោបាយនិងតាមលក្ខន្តិកៈរដ្ឋធម្មនុញ្ញ»។ 
 
ទន្ទឹមនឹងនេះ លោកបកស្រាយបន្ថែមថា បើទោះជា គណបក្សបេះដូងជាតិមានលោក សម រង្ស៊ីនៅក្រោយ ក៏មិនអាចធ្វើអ្វីបានដែរ ព្រោះលោក សម រង្ស៊ី មិនអាចឈរឈ្មោះបានឡើយ។ លោកថា គណបក្សបេះដូងជាតិ ឲ្យតែបំពេញតាមលក្ខន្តិកៈច្បាប់ ហើយបក្ខជនក្នុងបក្សនេះ មិនមានអ្នកជាប់ទោសទណ្ឌ ក្រសួងនឹងចុះបញ្ជីឲ្យហើយ៕ 

Tag:
 នយោបាយ
  ចុះបញ្ជី
© រក្សាសិទ្ធិដោយ thmeythmey.com