កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ក្លិប Newcastle ថ្មី សុំអ្នកគាំទ្រកុំពាក់ឈុតប្រពៃណីអារ៉ាប់ ក្នុងការប្រកួត
21, Oct 2021 , 5:41 pm        
រូបភាព
ក្លិប Newcastle United ស្នើអ្នកគាំទ្រខ្លួន ឈប់ស្លៀកសម្លៀកបំពាក់ឈុតប្រពៃណីអារ៉ាប់ ឬការគ្របក្បាលនៅក្នុងការប្រកួត ក្រោយក្លិបនេះ ធ្លាក់ក្រោមការកាន់កាប់របស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត។



ចាប់តាំពីអ្នកស្រី Amanda Staveley តំណាងឱ្យរជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed Bin Salman ក្លាយជាម្ចាស់ថ្មីក្លិប Newcastle United អ្នកគាំទ្រមួយចំនួនធំបានពាក់ឈុតបែបសាសនា នៅពេលជួបជុំគ្នានៅខាងក្រៅកីឡដ្ឋាន St James ដើម្បីជាការអបអរ។
 
បន្ទាប់មក ការស្លៀកពាក់ស្រដៀងគ្នានេះ ត្រូវបានគេឃើញផងដែរ នៅពេលក្រុមសារិកាព្រៃលេងទល់នឹងក្រុមភ្ញៀវ Tottenham Hotspur ក្នុងក្របខណ្ឌ Premier League កាលពីសប្តាហ៍មុន។
ក្រោយឃើញសកម្មភាពនេះកើតឡើង ក្លិបបានស្នើអ្នកគាំទ្រខ្លួនបញ្ចប់ការស្លៀកពាក់បែបប្រពៃណីអារ៉ាប់ ឬពាក់មួកដូចប្រទេសតំបន់មជ្ឈឹមបូព៌ា នៅពេលការប្រកួតរបស់ក្រុម ដ្បិតអ្នកគាំទ្រស្លៀកពាក់មិនត្រូវតាមក្បួនរបស់ពួកគេ។
 
«គ្មាននរណាម្នាក់ក្នុងចំណោមសមាជិករបស់ម្ចាស់ក្លិបថ្មីអាក់អន់ចិត្តឡើយ។ ការស្លៀកពាក់បែបនេះ យើងដឹងថាជាកាយវិការមួយដែលពួកគេផ្តល់ការស្វាគមន៍ក្នុងចេតនាល្អ ក៏ប៉ុន្តែការស្លៀកពាក់របស់ពួកគេមិនសមរម្យត្រឹមត្រូវតាមវប្បធម៌ប្រពៃណីរបស់ប្រជាជនអារ៉ាប់ឡើយ ដែលទៅជាការបង្កឱ្យមានការប្រមាថដោយអចេតនា»។ នេះជាការរៀបរាប់របស់ក្លិប Newcastle។
 
Newcastle ដែលទើបចែកផ្លូវគ្នាជាមួយអ្នកចាត់ការ Steve Bruce ស្ថិតនៅចំណាត់ថ្នាក់ទី១៩ក្នុងតារាងពិន្ទុលីគកំពូលអង់គ្លេស ដោយរកបានតែ៣ពិន្ទុប៉ុណ្ណោះពីការប្រកួត៨លើករដូវកាល ២០២១-២២នេះ៕

Tag:
 Newcastle United
© រក្សាសិទ្ធិដោយ thmeythmey.com