ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុខ ទូច សួរ៖ បើកិច្ចព្រមព្រៀងក្រុងប៉ារីស នៅមានសុពលភាព ហេតុអ្វីមិនអាចយកមកដោះស្រាយបាន ពេលប្រទេសជិតខាងឈ្លានពាន?
22, Oct 2021 , 10:01 pm        
រូបភាព
លោក សុខ ទូច ថ្លែងក្នុងកម្មពិធីតុមូលនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ រូបពីរាជបណ្ឌិត្យកម្ពុជា
លោក សុខ ទូច ថ្លែងក្នុងកម្មពិធីតុមូលនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ រូបពីរាជបណ្ឌិត្យកម្ពុជា
ដោយ: ថ្មីៗ



មិនខុសពីប្រមុខរដ្ឋាភិបាល និងមន្រ្តីមួយចំនួនរបស់រដ្ឋាភិបាល ដែលលើកឡើងកន្លងមកឡើយ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បាននិយាយសាឡើងវិញថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅមានតម្លៃត្រឹមតែជាប្រវត្តិសាស្រ្តប៉ុណ្ណោះ តែមិនមានសុពលភាព ដែលអាចយកមកប្រើប្រាស់បានទៀតនោះទេ។



ថៃ ធ្លាប់ដាក់ទ័ពនៅតំបន់ព្រះវិហារ ព្រោះចង់បានប្រាសាទព្រះវិហារ ឡាវ ធ្លាប់ដាក់ទ័ពឲ្យចូលមកឈរជើងក្នុងខេត្តស្ទឹងត្រែង វៀតណាម ធ្លាប់បោះតង់ និងសង់សំណង់រឹងឲ្យទ័ពឈរជើងក្នុងទឹកដីកម្ពុជាតាមព្រំដែន តើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានជួយដោះស្រាយទេ? លោក សុខ ទូច ចោទសួរសំណួរនេះ ទៅកាន់អ្នក ដែលប្រកាន់គំនិតថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅមានសុពលភាព ហើយលោក ក៏ឆ្លើយដោយខ្លួនឯងថា ជួយអត់បានទេ។ 

កម្ពុជា ធ្លាប់ឈ្នះក្តីលើថៃម្តងរួចមកហើយ កាលពីឆ្នាំ១៩៦២ គឺក្នុងសម័យសង្គមរាស្រ្តនិយម ដោយកាលនោះ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) សម្រេចថា ប្រាសាទព្រះវិហារ គឺជារបស់កម្ពុជា។ មកដល់សម័យព្រះរាជាណាចក្រកម្ពុជាទី២ ថៃ ក៏ចាប់ផ្តើមទាមទារប្រាសាទព្រះវិហារសាជាថ្មី។ ថៃ បានដាក់ទ័ពនៅតំបន់ព្រះវិហារពីឆ្នាំ២០០៨មក រហូតដល់ឆ្នាំ២០១១។ ក្នុងអំឡុងពេលនេះ កម្ពុជា-ថៃ បានផ្ទុះអាវុធខ្លះមួយគ្នា។ យ៉ាងណា ថៃ នៅតែចាញ់កម្ពុជាដដែល។ នៅចុងឆ្នាំ២០១៣ តុលាការយុត្តិអន្តរជាតិ បានបង្គាប់ឲ្យថៃ ដកទ័ពចេញពីតំបន់ព្រះវិហារ។ 

លោក សុខ ទូច សួរថា ពេលថៃដាក់ទ័ពនៅតំបន់ព្រះវិហារ និងចង់ដណ្តើមប្រាសាទព្រះវិហារ ដើម្បីជួយកម្ពុជា តើអង្គការសហប្រជាជាតិ និងអាស៊ាន មានបានមើលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេ? ពេលថៃ ចូលឈ្លានពានតំបន់ព្រះវិហារ កម្ពុជា អាចយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទៅដោះស្រាយទេ? ចម្លើយរបស់លោក គឺអត់ទេ។

លោក អធិប្បាយថា បើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅមានសុពលភាព ជម្លោះកម្ពុជា-ថៃ ក្នុងរឿងប្រាសាទព្រះវិហារ ប្រាកដជាត្រូវបានដោះស្រាយដោយសន្តិវិធីតាមរយៈកិច្ចព្រមព្រៀងនេះបាត់ទៅហើយ តែតាមពិត អង្គការសហប្រជាជាតិ ក៏ដូចជាតុលាការយុត្តិធម៌អន្តរជាតិ សូម្បីតែមើលកិច្ចព្រមព្រៀងនេះ ក៏មិនមើលផង។

លោក រំលេចថា គឺសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទេ ដែលឲ្យសម្តេចឧបនាយករដ្ឋមន្រ្តី សុខ អាន រៀបចំឯកសារ ដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ រហូតដល់ទទួលបានជ័យជម្នះលើថៃក្នុងរឿងប្រាសាទព្រះវិហារនេះ។

ចំពោះឡាវវិញ កាលពីអំឡុងឆ្នាំ២០១៧ ឡាវ បានដាក់ទ័ពចូលមកក្នុងខេត្តស្ទឹងត្រែង។ ពេលនោះ កម្ពុជា ក៏បានបញ្ជូនទ័ពទៅកាន់តំបន់ក្នុងខេត្តស្ទឹងត្រែង ដែលទ័ពឡាវ បានចូលមកឈរជើង ដែលធ្វើឲ្យទ័ពទាំងសងខាង ត្រូវប្រឈមមុខដាក់គ្នា តែពុំបានឈានទៅដល់ផ្ទុះអាវុធឡើយ។ ឡាវ សម្រេចដកទ័ពចេញវិញ ក្រោយពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទៅជួបលោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ ដោយផ្ទាល់នៅប្រទេសឡាវ។

លោក សុខ ទូច និយាយដូចរបៀបខាងលើថា ពេលឡាវ ឈ្លានពានទឹកដីកម្ពុជា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនអាចជួយដោះស្រាយបានឡើយ គឺដោយសាររដ្ឋាភិបាលកម្ពុជា បញ្ជូនទ័ព និងអាវុធទៅកាន់តំបន់ ដែលទ័ពឡាវឈរជើង ទើបអាចដោះស្រាយបាន។

រីឯជាមួយវៀតណាមវិញ នៅពេលប្រទេសនានាលើពិភពលោក រួមទាំងកម្ពុជា និងវៀតណាមផង កំពុងជួបការលំបាកដោយសារជំងឺកូវីដ-១៩ដូចគ្នា ស្រាប់តែវៀតណាម បែរជាឆ្លៀតបង្កើតតង់ និងសង់សំណង់រឹងឲ្យទ័ពឈរជើងក្នុងទឹកដីកម្ពុជានៅតាមព្រំដែនទៅវិញ ក្នុងអំឡុងឆ្នាំ២០២០។ រដ្ឋាភិបាលកម្ពុជា បានធ្វើកំណត់ទូតទៅកាន់ទូតវៀតណាមប្រចាំកម្ពុជា និងប្រើមធ្យោបាយផ្សេងៗទៀត ដើម្បីសុំឲ្យវៀតណាម រុះរើតង់ និងសំណង់រឹងទាំងអស់នោះចេញវិញ។ ក្រោយមក វៀតណាម បានសម្រេចរុះរើតង់ និង សំណងរឹងទាំងនោះចេញ តាមការស្នើសុំជាច្រើនលើករបស់កម្ពុជា។

លោក សុខ ទូច រម្លឹកត្រង់កន្លែងនេះថា ពេលវៀតណាម មកបោះតង់ និងសង់សំណង់រឹង នៅតាមព្រំដែន មិនមែនយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទៅដោះស្រាយទេ គឺរដ្ឋាភិបាលកម្ពុជា បានធ្វើកំណត់ទូតទៅភាគីវៀតណាម ដើម្បីប្រាប់ឲ្យដកចេញវិញ។ លោក បន្ថែមថា ដំណោះស្រាយជាមួយវៀតណាមនាពេលនោះ គឺគ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើយ តែដំណោះស្រាយ កើតចេញពីឆន្ទៈខ្មែរខ្លួនឯង កើតចេញពីឆន្ទៈអ្នកនយោបាយ និងកើតចេញពីឆន្ទៈរដ្ឋាភិបាលកម្ពុជា ដែលត្រូវធ្វើពលិកម្ម ដើម្បីបុព្វហេតុជាតិ។

លោក ចោទសួរទៀតថា បើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅមានសុពលភាព ហេតុអ្វី កម្ពុជា ប្រើកម្លាំង ដើម្បីយកប្រាសាទព្រះវិហារមកវិញ ប្រើកម្លាំង ដើម្បីបណ្តេញទ័ពឡាវចេញពីខេត្តស្ទឹងត្រែង ហើយធ្វើកំណត់ទូត ទៅវៀតណាម ដើម្បីស្នើឲ្យរុះរើសំណង់រឹង និងតង់ចេញ? ហេតុអ្វីក៏មិនយកកិច្ចព្រមព្រៀងនេះ ទៅប្តឹងនៅអង្គការអន្តរជាតិ ដែលពាក់ព័ន្ធ ដើម្បីសុំឲ្យជួយដោះស្រាយ?

ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បញ្ជាក់ថា៖«[យកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស] ទៅប្តឹង មានអ្នកណាគេមើល ហៅគេមកប្រជុំ គេមិនមកផង»។

ការថ្លែងខាងលើរបស់លោក សុខ ទូច ធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូល នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្តីពីខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ កិច្ចពិភាក្សាតុមូលនេះ រៀបចំឡើងមុន១ថ្ងៃនៃការមកដល់ពិធីរម្លឹកខួប៣០ឆ្នាំនៃការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ គឺជាខួប៣០ឆ្នាំនៃការបង្កើតកិច្ចព្រមព្រៀងនេះ។

ការដែលលោក សុខ ទូច ហ៊ានអះអាងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អស់សុពលភាព និងលែងអាចយកមកប្រើប្រាស់បាន ដោយសារលោក សំអាងលើមាត្រា១នៃកិច្ចព្រមព្រៀងនេះ។ មាត្រា១ ចែងថា៖«...កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបញ្ចប់នៅពេលសភាធម្មនុញ្ញ ដែលបានជាប់ឆ្នោតតាមរយៈការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ បានអនុម័តរដ្ឋធម្មនុញ្ញ ហើយក្លាយខ្លួនទៅជាសភានីតិបញ្ញតិ្ត រួចបន្ទាប់មករដ្ឋាភិបាលថ្មីមួយ ត្រូវបានបង្កើតឡើង»។

យ៉ាងណាក៏ដោយចុះ អ្នកនៅក្រៅរដ្ឋាភិបាល ពិសេសក្រុមអ្នកប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិល នៅតែយល់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែមានសុពលភាព ហើយពួកគេ បន្តជំរុញឲ្យរដ្ឋាភិបាលកម្ពុជា គោរពឲ្យបានត្រឹមត្រូវនូវកិច្ចព្រមព្រៀងនេះ។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានបង្កើតឡើង នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដើម្បីរក្សាការពារសន្តិភាព ឯកភាពជាតិ ឯករាជ្យ អធិបតេយ្យភាព អព្យាក្រឹតភាព បូរណភាព និង ភាពមិនអាចរំលោភបាននៃដែនដីកម្ពុជា។ កិច្ចព្រមព្រៀងនេះហើយ ដែលនាំឲ្យកម្ពុជា ឈានទៅរៀបចំការបោះឆ្នោតលើកដំបូងកាលពីឆ្នាំ១៩៩៣ ហើយកម្ពុជា ក៏ចាប់ផ្តើមមានរដ្ឋធម្មនុញ្ញថ្មី និងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋសភិបាលតែមួយ។

មានប្រទេស១៧ ដែលចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាមួយកម្ពុជា រួមមាន អូស្ត្រាលី ព្រុយណេ កាណាដា ចិន បារាំង ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបូរី សហភាពសូវៀត ថៃ អង់គ្លេស អាម៉េរិក និង វៀតណាម។ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ គឺជាខួប៣០ឆ្នាំនៃការបង្កើតកិច្ចព្រមព្រៀងដ៏សំខាន់នេះ៕

Tag:
 សុខ ទូច
  ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
© រក្សាសិទ្ធិដោយ thmeythmey.com