ជាតិ
សង្គមជាតិ
ក្រុមតន្ត្រីជនពិការនៅប្រាសាទនាគព័ន្ធ បន្តលេងភ្លេង ទោះថ្ងៃខ្លះគ្មានចំណូលពីទេសចរ
23, Oct 2021 , 9:59 pm        
រូបភាព
ដោយ:
 
សៀមរាប៖ក្រុមតន្ត្រីប្រពៃណីជនមានពិការភាព បន្តប្រគុំភ្លេងបុរាណជារៀងរាល់ថ្ងៃមុខប្រាសាទនាគព័ន្ធ ទោះមានភ្ញៀវទេសចរជាតិតិចតួច។ ការស្រឡាញ់ និងជីវភាពធ្វើឱ្យបុរសវ័យចំណាស់៦នាក់ មិនអាចចោលរបរលេងភ្លេងនេះបាន ខណៈថ្ងៃខ្លះគ្មានចំណូលសោះ។



សូមអញ្ជើញ លោក អ្នកនាងទស្សនាបទសម្ភាសរវាង កញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និងលោកភឿង រី សមាជិកក្នុងក្រុមតន្ត្រីប្រពៃណីជនពិការ ដូចតទៅ៖



សំឡេងភ្លេងមហោរីអមដោយដំណក់ទឹកភ្លៀង លាន់កងរំពងតាមដងផ្លូវចូលប្រាសាទនាគព័ន្ធ។ នៅខាងស្ដាំដៃប្របផ្លូវចូលប្រាសាទនាគព័ន្ធភ្ញៀវជាតិ និងអន្តរជាតិ នឹងឃើញរោងធ្វើពីឈើប្រក់ស្លឹកដែលមានបុរសវ័យចំណាស់ ៦នាក់ កំពុងលេងភ្លេងបុរាណខ្មែរ។ ក្រុមតន្រ្តីប្រពៃណីជនពិការចាប់ផ្ដើមលេងភ្លេងនៅមុខប្រាសាទនាគព័ន្ធ តាំងពីឆ្នាំ២០០០មក។

មុនការរីករាលនៃជំងឺកូវីដ-១៩ ក្រុមតន្ត្រីប្រពៃណីជនពិការ ទទួលចំណូលសមរម្យពីភ្ញៀវទេសចរសម្រាប់ចិញ្ចឹមគ្រួសារ។ រយៈពេលជិត២ឆ្នាំនៃការឆ្លងជំងឺកូវីដ-១៩ ប្រាសាទនាគព័ន្ធ មិនសូវមានទេសចរនោះទេ ដែលធ្វើឱ្យក្រុមតន្ត្រីមួយនេះទទួលបានចំណូលតិចតួចពីភ្ញៀវជាតិប៉ុណ្ណោះ។ ចំណែកថ្ងៃខ្លះក្រុមតន្ត្រីមួយនេះមិនមានចំណូលសោះផងដែរ។
លោក ភឿង រី ជាអ្នកលេងស្គរដៃនៅប្រាសាទនាគព័ន្ធបានប្រាប់ ThmeyThmey25ដូច្នេះ៖ « មុនពេលកូវីដ-១៩ ទេសចរបរទេស និងជាតិ មានច្រើនដែរ។ តែកូវីដនេះ
ភ្ញៀវធ្លាក់ចុះស្ទើរតែអត់តែម្ដង។ យើងនៅតែមកលេងភ្លេងជារៀងរាល់ថ្ងៃ ទោះអត់ភ្ញៀវព្រោះយើងត្រូវមកចាំកន្លែង។ សៅរ៌ អាទិត្យ មានភ្ញៀវខ្មែរខ្លះៗដែរ។

ចំណូលគឺអាស្រ័យលើសទ្ធា របស់ភ្ញៀវ»។ការលេងភ្លេងខ្មែរជាមុខរបរតែមួយគត់របស់ បុរសទាំង៦រូបនេះ ព្រោះពួកគាត់មិនអាចទៅធ្វើសំណង់ឬប្រកបរបរអ្វីផ្សេងបានឡើយ។ ម្យ៉ាងការរស់នៅជាមួយភ្លេងខ្មែរ រយៈពេលជាង២០ឆ្នាំមកនេះ កាន់តែធ្វើឱ្យលោកភឿង រី និងសមាជិក កាន់តែចងចិត្តស្រឡាញ់ និងមានបំណងថែរក្សាមរតកភ្លេងពីដូនតាខ្មែរ
ដើម្បីបង្ហាញដល់កូន ចៅជំនាន់ក្រោយ។

បន្ថែមពីនេះ លោក ភឿង រី ក៏មានក្ដីស្រមៃ ចង់ឱ្យមានគេហៅលេងភ្លេងជាលក្ខណៈធំដុំដូចតន្ត្រីប្រភេទផ្សេងផងដែរ។
«យើងចង់ឱ្យគេហៅលេងភ្លេងជាលក្ខណៈធំដុំ និងមានអ្នកទស្សនាច្រើនប៉ុន្តែចង់បានត្រឹមតែចង់ ព្រោះយើងគ្មានបណ្ដាញឯណា ទាក់ទងឱ្យយើងទៅលេងមានទីតាំង ច្បាស់លាស់នោះទេ។យើងមិនដែលមានគេហៅទៅប្រគុំភ្លេងអីទេ មានតែទៅលេងភ្លេងក្នុងមង្គលការគេតិចតួចប៉ុណ្ណោះ»។

នេះជាការលើកឡើងរបស់លោក ភឿង រី។លោក ភឿង រីបានអំពាវនាវឱ្យប្រជាជនខ្មែរ ជួយគាំទ្រ ក្រុមតន្ត្រីប្រពៃណីជនពិការដូចជាការលើកទឹកចិត្ត និងផ្ដល់សម្ភារៈ និងថវិការ ដើម្បីឱ្យពួកគាត់មានលទ្ធភាពលេងភ្លេង ព្រមទាំងថែរក្សា មរតកតន្ត្រីខ្មែរផងដែរ៕
 




Tag:
 សៀមរាប
  ThmeyThmey25
  សម្ភាស
  វីដេអូរ
© រក្សាសិទ្ធិដោយ thmeythmey.com