ជាតិ
សង្គមជាតិ
រដ្ឋបាលខេត្តក្រចេះ ចាប់ផ្ដើមទទួលពាក្យសុំសិទ្ធិប្រកបអាជីវកម្មពិឃាតសត្វ និងប្រមូលទិញសត្វ
23, Oct 2021 , 10:30 pm        
រូបភាព
 រូបភាពពី សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។
រូបភាពពី សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។
 
រដ្ឋបាលខេត្តក្រចេះ​ ផ្ដល់ដំណឹងឱ្យពលរដ្ឋ និងអាជីវករដែលមានបំណង ឬប្រកបអាជីវកម្ម ពិឃាតសត្វ និងប្រមូលទិញសត្វ ក្នុងខេត្តក្រចេះទាំងអស់ ឱ្យដាក់ពាក្យស្នើសុំបើក ឬបន្តអាជីវកម្មរបស់ខ្លួនឡើងវិញសម្រាប់ឆ្នាំ២០២២ ខណៈលិខិតអនុញ្ញាតអាជីវកម្មឆ្នាំចាស់ នឹងផុតកំណត់នៅថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២០។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ។



ពលរដ្ឋដែលមានបំណង ឬបន្តអាជីវកម្មពិឃាតសត្វ ឬប្រមូលទិញសត្វ ត្រូវទៅបំពេញបែបបទ និងដាក់ពាក្យសុំធ្វើអាជីវកម្មនៅ អង្គភាពច្រកចេញចូលតែមួយខេត្តក្រចេះ។ បើតាម​រដ្ឋបាលខេត្ត​ក្រចេះ ការទទួលពាក្យស្នើសុំ គឺចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៥កន្លះល្ងាច។

ចំពោះលក្ខខណ្ឌដែលអាចស្នើសុំបើកអាជីវកម្ម ឬបន្តបាន ពលរដ្ឋត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ, ការធ្វើអាជីវកម្មមានរយៈពេល១ឆ្នាំ, ការធ្វើអាជីវកម្មក្នុងខេត្តត្រូវមានលិខិតអនុញ្ញាតចេញដោយអង្គភាពច្រកចេញចូលតែមួយខេត្ត, អាជីវករត្រូវភ្ជាប់លិខិតបញ្ជាក់ទីតាំង ដែលទទួលស្គាល់ ឬអនុញ្ញាតដោយអាជ្ញាធរឃុំឬសង្កាត់ និងក្រុងឬស្រុក និងអាជីវករដែលទទួលបានលិខិតអនុញ្ញាត ត្រូវធ្វើតាមកិច្ចសន្យាស្ដីពីអាជីវកម្មរបស់ខ្លួន។

ដោយឡែកសំណុំបែបបទដែលត្រូវបំពេញរួមមាន ពាក្យសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មពិឃាតសត្វ ឬប្រមូលទិញសត្វ ២ច្បាប់, ប្រវត្តិរូបសង្ខេបមានបិទរូបថតទំហំ ៤គុណ៦ ដោយមានចុះទិដ្ឋាការពីមេឃុំ​ឬចៅសង្កាត់ ២ច្បាប់, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅគ្រួសារថតចម្លង២ច្បាប់, កិច្ចសន្យាស្ដីពីការធ្វើអាជីវកម្មពិឃាតសត្វ ឬប្រមូលសត្វ ២ច្បាប់ និងប័ណ្ណពន្ធប៉ាតង់ឆ្នាំ២០១៩ថតចម្លង២ច្បាប់ ចំពោះអាជីវករចាស់ ។

ព័ត៌មានបន្ថែមសូមទាក់ទងតាមប្រព័ន្ធទូរស័ព្ទ ០៩៧ ៩៩៥៣ ៧៤៧, ០៩៧ ៧០០០ ៤០០ និង ០១៧ ៣៣២ ៥៥២ រៀងរាល់ម៉ោងធ្វើការ៕
 



Tag:
 ThmeyThmey25
  អាជីវកម្មពិឃាតសត្វ
  ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com