ជាតិ
សង្គមជាតិ
អង្គរវត្ត បញ្ចេញសម្រស់បៃតងដ៏ត្រកាលគួរជាទីប្រតិព័ទ្ធនារដូវវស្សា
24, Oct 2021 , 12:30 pm        
រូបភាព
 
សៀមរាប៖ នាព្រឹកព្រហាមស្រាងៗ ទេសចរ និងអ្នកខេត្តសៀមរាបភាគច្រើន ដែលចូលចិត្តជិះកង់ តែងតែមកជួបជុំគ្នានៅទីធ្លាខាងមុខប្រាសាទដើម្បីគយគន់សម្រស់អង្គរនាពេលបច្ចុកាល មុននឹងបន្តដំណើរទៅកាន់ប្រាសាទផ្សេងៗក្នុងរមណីយដ្ឋានអង្គរ។ 


រដូវវស្សាចូលមកដល់ រមណីយដ្ឋានអង្គរ បញ្ចេញសម្រស់ពណ៌បៃតងខ្ចីគួរជាទីគយគន់។ បរិស្ថានពណ៌បៃតង នៅទីធ្លាខាងមុខប្រាសាទ ប៉ែកខាងលិចនៃកសិន្ទុខាងលិច ជាចំណីអារម្មណ៍ថ្មីប្លែកសម្រាប់ទេសចរ។ ទិដ្ឋភាពថ្មីប្លែកនេះ បានបង្អាក់អារម្មណ៍ទេសចរឱ្យថតរូបទុកជាអនុស្សារីយមិនជិនណាយ។

ទោះបីជារដូវវស្សា មានភ្លៀងធ្លាក់ច្រើន ប៉ុន្តែ អង្គរវត្ត ដែលជាមហាប្រាសាទរុងរឿងដោយលម្អគ្មានពីរលើលោក នៅតែទទួលទេសចរជាតិ មិនដាច់។ បូជនីយដ្ឋានវប្បធម៌ដ៏ធំ ដែលល្បីល្បាញផ្នែកជំនឿ សាសនា និងស្ថាបត្យកម្ម ឆ្ងាយជាងអាណាចក្ររបស់ខ្លួននេះ ជាទីរំសាយអារម្មណ៍តប់ប្រមល់របស់ទេសចរ។ ជាពិសេស តំណក់ទឹកភ្លៀង ដែលធ្លាក់ចុះពីអាកាសមកលើប្រាង្គប្រាសាទ ក្លាយជាសូររណ្ដំអារម្មណ៍ទេសចរ ដែលកំពុងជ្រកក្នុងប្រាសាទឱ្យកាន់តែមានចិត្តប្រតិព័ទ្ធ។

ថ្វីបើជំងឺកូវីដ-១៩ នៅតែបន្តរីករាលដាល ដែលធ្វើឱ្យរមណីយដ្ឋានអង្គរ មិនសូវមានទេសចរអន្តរជាតិ ប៉ុន្តែទេសចរជាតិ និងអ្នកខេត្តសៀមរាប នៅតែទៅទស្សនាប្រាសាទដ៏សិដ្ឋក្នុងតំបន់អង្គរ។ អ្នកខ្លះ នាំយករឿងរ៉ាវផ្សេងៗទៅនិទានប្រាប់ប្រាសាទ ដើម្បីឱ្យជួយដោះស្រាយ ដោយសាររមណីយដ្ឋានអង្គរ ល្បីល្បាញខាងផ្នែកជំនឿតាំងពីបុរាណ មកទល់បច្ចុប្បន្ន៕   












Tag:
 អង្គរវត្ត
  Angkor Wat
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com