ជាតិ
សង្គមជាតិ
លោក បៃដិន និងលោក ម៉ាក្រុង ពិភាក្សាពីការការពារអឺរ៉ុបឱ្យកាន់តែរឹងមាំ ក្រោយជម្លោះនាវាមុជទឹក
24, Oct 2021 , 1:59 pm        
រូបភាព
លោក ចូ បៃឌិន និងលោក អេម៉ានុយអែល ម៉ាក្រុង នាជំនួប G7 ។ រូបថត AFP
លោក ចូ បៃឌិន និងលោក អេម៉ានុយអែល ម៉ាក្រុង នាជំនួប G7 ។ រូបថត AFP
ដោយ: ថ្មីៗ

ដោយ៖ឡាយ ស្រីពេជ្រ

ប្រធានាធិបតីអាម៉េរិក ចូ បៃដិន និងប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ពិភាក្សាគ្នាតាមរយៈទូរស័ព្ទនៅថ្ងៃទី២២ខែតុលាអំពីការពង្រឹងការការពាររបស់អឺរ៉ុប ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមប៉ះប៉ូវទំនាក់ទំនងរវាងប្រទេសទាំងពីរក្រោយជម្លោះជុំវិញនាវាមុជទឹក។



នៅក្នុងសេចក្តីថ្លែងការណ៍មួយនៃជំនួបតាមទូរស័ព្ទនៅថ្ងៃទី២២ខែតុលា សេតវិមានលើកឡើងថាលោក ចូ បៃដិន និងលោក អេម៉ានុយអែល ម៉ាក្រុង បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យការការពាររបស់អឺរ៉ុបកាន់តែរឹងមាំនិងមានសមត្ថភាពខ្លាំងបន្ថែមទៀត។ មេដឹកនាំទាំងពីរ ក៏ធានាទំនាក់ទំនងល្អបន្ថែមជាមួយអង្គការណាតូ។

បើតាមទីភ្នាក់ងារព័ត៌មានAFP លោក បៃដិន និងលោក ម៉ាក្រុង ក៏នឹងមានជំនួបដោយផ្ទាល់នៅទីក្រុងរ៉ូមនៅខែតុលានេះផងដែរ តែមិនទាន់កំណត់ថ្ងៃច្បាស់ទេ។ នៅក្នុងសេចក្តីថ្លៃងការណ៍ដដែល លោក បៃដិន បានទន្ទឹងរង់ចាំឱកាសនេះដើម្បីចាប់យកកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ និងពង្រឹងផលប្រយោជន៍រួមរវាងអាម៉េរិក-បារាំង។

គួររំលឹកថា នេះគឺជាកិច្ចសន្ទនាលើកទីពីររវាងមេដឹកនាំទាំងពីរ ក្រោយកិច្ចសន្ទនានៅថ្ងៃទី២២ ខែកញ្ញានៅពេលបារាំងខឹងសម្បារចំពោះការណ៍ដែលអាម៉េរិកលក់នាវាមុជទឹកឱ្យអូស្រ្តាលីដោយមើលរំលងកិច្ចសន្យានៃការលក់ទិញនាវាមុជទឹករវាងបារាំងនិងអូស្រ្តាលី។ ចំពោះកិច្ចសន្យានេះ ធ្វើឱ្យបារាំងខាតទឹកប្រាក់អស់ជាង៤០ពាន់លានដុល្លារ។

ទំនាក់ទំនងរវាងបារាំង និងអាម៉េរិក ក៏ចាប់ផ្ដើមល្អក់កករដោយសាររឿងនេះ រហូតបារាំងកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំវ៉ាស៊ីនតោនផង និងនៅទីក្រុងកង់បេរ៉ា មុនបញ្ជូនត្រលប់ទៅវិញថ្មីៗនេះ៕






Tag:
 អាម៉េរិក
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com