ជាតិ
សង្គមជាតិ
ទ្វារទឹកនៃទំនប់ ៧មករា ត្រូវបានដំឡើងបន្ថែម១សន្លឹកទៀត ដើម្បីបង្ការជំនន់ពីស្ទឹងព្រែកត្នោត
24, Oct 2021 , 4:30 pm        
រូបភាព
 សកម្មភាពផ្សារតម្លើងទ្វារទឺក នៅទំនប់៧មករា។ រូបភាពពីក្រសួងធនធានទឹក និងឧត្តុនិយម
សកម្មភាពផ្សារតម្លើងទ្វារទឺក នៅទំនប់៧មករា។ រូបភាពពីក្រសួងធនធានទឹក និងឧត្តុនិយម
 
ភ្នំពេញ៖ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដំឡើងសន្លឹកទ្វារទឹក ១ថែមទៀត នៅលើសំណង់ទ្វារទឹកទាំង១៥ នៅទំនប់ ៧មករា សង្កាត់សាក់សំពៅ ខណ្ឌដង្ហោ រាជធានីភ្នំពេញ។ ការដំឡើងទ្វារមួយសន្លឹកទៀតនេះ ដើម្បីបង្ការជំនន់ពីស្ទឹងព្រែកត្នោត ដែលនាំឱ្យប៉ះពាល់ពលរដ្ឋរស់នៅក្នុងតំបន់នោះ។



ខណៈពលរដ្ឋនៅតាមបណ្ដោយស្ទឹងព្រែកត្នោតនោះ កំពុងព្រួយបារម្ភពីបញ្ហាទឹកជំនន់នោះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បាននាំកម្លាំងចុះដំឡើងទ្វារទឹកកម្ពស់ ១ ម៉ែត្រ ទទឹង ១,៨០ ម៉ែត្រ លើសំណង់ទ្វារទឹកទាំង១៥ចន្លោះ នៅទំនប់៧មករា កាលពីយប់ថ្ងៃទី២៣ ខែតុលា ។
បច្ចុប្បន្ន កម្ពស់ទឹកនៅទំនប់៧មករា ស្ថិតនៅកម្រិតអាសន្ន ដែលទឹកអាចហូរលើទ្វារទាំង១៥ ដែលវានឹងបង្កការលំបាកក្នុងការរំដោះទឹក ពីដំណាក់កាលមួយទៅមួយដំណាក់កាលទៀត។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ទឹកស្ទឹងព្រែកត្នោតបានហូរមកដល់ត្រង់ចំណុចវត្តទឹកថ្លា ផ្លូវជាតិលេខ៣ហើយ រីឯមួយផ្នែកទៀត គឺទំនប់៧មករា។ «បើទឹកហៀរពីលើទ្វារទាំង១៥នេះ វានឹងពិបាកក្នុងការរំដោះទឹក ដូច្នេះបើការដំឡើងបន្ថែមនេះ មិនមានទឹកហៀរលើទ្វារទឹក យើងនឹងបិទទ្វារទឹកនេះតែម្តង»។ នេះបើតាមលោក ចាន់ យុត្ថា។

ចាប់ពីដើមខែតុលាមក ក្រសួងធនធានទឹក និងឧត្តុនិយម បានរៀបចំប្រព័ន្ធបង្ហូរទឹក ដើម្បីបញ្ចៀសទឹក មិនឲ្យមានហានិភ័យខ្ពស់។ យ៉ាងណាមិញ បញ្ហាអាកាសនៅតែជារឿងចម្បង ដែលមន្រ្តីជំនាញកំពុងបារម្ភ បើសិនទឹកភ្លៀងនៅតែបន្តធ្លាក់ខ្លាំងក្នុងខេត្តកំពង់ស្ពឺ។

លោក យុត្ថា បានលើកឡើងថា ចាប់តាំងពីថ្ងៃទី២០ ខែតុលានេះ កំពង់ស្ពឺមានភ្លៀងធ្លាក់ខ្លាំង មួយថ្ងៃៗជាង ១០០មីលីម៉ែត្រ។ ជាពិសេសស្ទឹងព្រែកត្នោត ស្ទឹងស្រែថ្លុង និងស្ទឹងតាសាល សុទ្ធសឹងតែទទួលរងបរិមាណច្រើន ដូច្នេះបើនៅភ្លៀងនៅតែបន្តខ្លាំង វានឹងពិបាកទប់ទល់៕


Tag:
 ទឹកជំនន់
  ទំនប់៧មករា
  ស្ទឹងព្រែកត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com