COVID-19
ជាតិ
កន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតធ្ងន់ថ្នាក់តំបន់ នឹងដំណើរការនៅចុងខែតុលានេះ
24, Oct 2021 , 8:59 pm        
រូបភាព
លោក ក្រុស សារ៉ាត់ ពេលផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅការិយាល័យ នៃមន្ទីរសុខាភិបាលខេត្ត។
លោក ក្រុស សារ៉ាត់ ពេលផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅការិយាល័យ នៃមន្ទីរសុខាភិបាលខេត្ត។
សៀមរាប៖  មណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតធ្ងន់ ថ្នាក់តំបន់ ដែលមានទីតាំងនៅអតីតសាលមហោស្រព អង្គរកូអ៊ិច ក្នុងខេត្តសៀមរាប គ្រោងបើកដំណើរការនៅចុងខែតុលានេះ។ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានប្រាប់សារព័ត៌មានថ្មីៗថា ទីតាំងនេះនឹងទទួលព្យាបាលអ្នកជំងឺមកពីខេត្តចំនួន៥ មានសៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តកំពង់ធំ ហើយវាមានសមត្ថភាពទទួលអ្នកជំងឺ បានប្រមាណ ៤០០នាក់។



ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប ហាក់មានការធូរស្រាបន្ដិចហើយនាពេលបច្ចុប្បន្ន ហើយមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលកម្រិតស្រាល ក៏សឹងលែងទៀតដែរ។ អ្នកជំងឺកម្រិតស្រាល ត្រូវបានអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះ ហើយមានការប្រឹក្សាយោបល់ទាន់ពេលវេលា នៅពេលអ្នកជំងឺមានអាការ មិនស្រួលណាមួយ។  ដ្បិតថា ស្ថានភាពមានការធូរស្រាលខ្លាំង តែក្នុងនោះខេត្តសៀមរាប ក៏ត្រៀមបើកដំណើរមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់ថ្នាក់តំបន់ ដែលគ្រោងដំណើរការនៅចុងខែ តុលានេះ។

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី២១ ខែតុលា ខេត្តសៀមរាប នៅមានមណ្ឌលចត្តាឡីស័កតែមួយប៉ុណ្ណោះ ដែលជាទីតាំងទទួលពលករមកពីប្រទេសថៃ គឺមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្ដេចឪ។ លោកបន្តថា អ្នកជំងឺ និងអ្នកកំពុងធ្វើចត្តាឡីស័កក៏នៅតិចតួចបំផុត។
សាលមហោស្រព អង្គរ កូអ៊ិច ដែលរៀបចំជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដកម្រិតធ្ងន់ ថ្នាក់តំបន់។

បន្ទាប់ពីការអបអរករណីនេះ អាជ្ញាធរខេត្តកំពុងត្រៀមបេសកកម្មមួយថ្មីទៀត គឺការបើកដំណើរការទីតាំងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់ថ្នាក់តំបន់ ដែលស្ថិតនៅអតីតសាលមហោស្រព អង្គរកូអ៊ិច។ មានបរិវេណនៅខាងត្បូងសាលាខេត្ត ទីតាំងនេះបានរៀបចំរួចរាល់យូរណាស់មកហើយ និងដែលអាចមានសមត្ថភាពទទួលអ្នកជំងឺរហូតដល់ប្រមាណ ៤០០នាក់។

លោក ក្រុស សារ៉ាត់ បន្ថែមថា ទីតាំងនេះនឹងទទួលព្យាបាលអ្នកជំងឺមកពីខេត្តចំនួន៥ មានសៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តកំពង់ធំ ដែលគម្រោងនឹងបើកនាពេលឆាប់ៗនេះ។ លោកបន្តទៀតថា ទីតាំងព្យាបាលថ្នាក់តំបន់នេះ គឺជាការរៀបចំដោយថ្នាក់ជាតិដែលមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ មានលោក ហ៊ុន ម៉ាណែត ជាប្រធាន ហើយបច្ចុប្បន្ន ក្រុមការងារកំពុងមមាញឹករៀបចំដំឡើងបរិក្ខាបន្ថែម ឱ្យស្របទៅតាមស្ដង់ដារព្យាបាល។
អាគារព្យាបាលអ្នកជំងឺ ដែលសង់ក្នុងបរិវេណសាលមហោស្រព អង្គរ កូអ៊ិច។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ប្រធានមន្ទីរសុខាភិបាលពន្យល់ទៀតថា៖« យើងរៀបចំគ្រែ ៤០០នាក់ តែការចាប់ផ្តើមនេះ រៀបពី២០០គ្រែសិន យើងទទួលអ្នកជំងឺធ្ងន់ៗ...គម្រោងយើងនឹងបើកចុងខែ១០»។

ការរៀបចំព្យាបាលអ្នកជំងឺកូវីដកម្រិតធ្ងន់នេះ នឹងអាចសម្រាកបន្ទុកការទទួលព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ដែលកន្លងមក ជាទីតាំងតែមួយគត់សម្រាប់ព្យាបាលអ្នកជំងឺធ្ងន់ និងលើសបរិមាណ។ អ្នកជំងឺខ្លះ ត្រូវបង្ខំដាក់គ្រែព្យាបាលនៅខាងក្រៅអាគារក៏មាន។ អាគារដែលអាចទុកអ្នកជំងឺជាង ៨០នាក់ បានបង្ខំទទួលអ្នកជំងឺកូវីដកម្រិតធ្ងន់រហូតជាង ១០០នាក់។ លោក ក្រុស សារ៉ាត់ បញ្ជាក់ថា នឹងមានការរំលែកអ្នកជំងឺកូវីដធ្ងន់ធ្ងរទៅទីតាំងថ្មី ដែលទីតាំងចាស់ក្នុងពេទ្យខេត្ត ដាក់ត្រឹមអ្នកជំងឺធ្ងន់ធ្ងរក្នុងកម្រិតមួយទៀតតែប៉ុណ្ណោះ ដូចជាអ្នកជំងឺបាក់ដែបាក់ជើង ហើយតេស្ដឃើញកូវីដជាដើម៕





Tag:
 មណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩
  តំបន់
  ក្រុស សារ៉ាត់
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com