ជាតិ
សង្គមជាតិ
រដ្ឋបាលស្រុកបន្ទាយស្រី គ្រោងរៀបចំពិធីអកអំបុក នៅបរិវេណរង្វង់មូលរាងផ្កាឈូក
25, Oct 2021 , 8:59 am        
រូបភាព
រង្វង់មូលស្រុកបន្ទាយស្រី។ រូបភាព៖ រដ្ឋបាលស្រុក
រង្វង់មូលស្រុកបន្ទាយស្រី។ រូបភាព៖ រដ្ឋបាលស្រុក
 សៀមរាប៖ ថ្មីៗនេះ ផ្ទុះការគាំទ្រសារជាថ្មីនៅក្នុងស្រុកបន្ទាយស្រី គឺការរៀបចំដាំស្រូវនៅបរិវេណរង្វង់មូលធំជាងគេនៅខេត្តសៀមរាប។ អាជ្ញាធរបានជ្រើសរើសការដាំស្រូវ ជំនួសការដាំផ្កាលម្អដូចពីមុន ដ្បិតថា ចំណាយទុនតិច សមស្របនឹងពេលវេលា និងមានប្រយោជន៍ច្រើន។ សព្វថ្ងៃ ស្រូវក្នុងរង្វង់មូលរាងជាទម្រង់ផ្កាឈូកនេះ បានបញ្ចេញផ្លែគួរជាទីគយគន់ ហើយនាពេលខាងមុខនេះ អភិបាលស្រុក លោក ឃឹម ហ្វីណង់ គ្រោងរៀបចំពិធីអកអំបុកនៅទីតាំងនោះ ដើម្បីជាការកម្សាន្ត និងទាក់ទាញភ្ញៀវទេសចរផង។



ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយអភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ ដូចតទៅ



រដ្ឋបាលស្រុកបន្ទាយស្រី បានជ្រើសរើសទម្រង់ផ្កាឈូក ដើម្បីរៀបចំក្នុងរង្វង់មូលនៅទីរួមស្រុកនេះ ។ ទម្រង់ផ្កាឈូកនេះ ត្រូវបានលោក ឃឹម ហ្វីណង់ បញ្ជាក់ថា គឺជារូបយ័ន្តប្លង់បាតនៃប្រាសាទបាយ័ន្ត និងបង្រ្កប់អត្ថន័យជ្រាលជ្រៅ។

បច្ចុប្បន្ន នៅបរិវេណរង្វង់មូលនេះ ពោរពេញដោយដំណាំស្រូវ ដែលកំពុងលូតលាស់ចេញផ្លាផ្កាល្អ ក្រោយអាជ្ញាធរបានចាប់ផ្តើមកែលម្អទីនេះតាំងពីចុងឆ្នាំ ២០២០មក។ ដើមឡើយ អាជ្ញាធរមានទស្សនៈវិស័យរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅទីតាំងនេះ ដោយគ្រាន់តែរៀបចំក្រាលការ៉ូឡាប៉ុណ្ណោះ ក្រោយមកក៏មានគំនិតដាំផ្កាកូស្មូ និងផ្ទុះការគាំទ្រច្រើនពីសាធារណជន។ ចុងក្រោយនេះ លោកអភិបាលស្រុកបានរៀបចំដាំស្រូវវិញម្ដង ព្រោះស្របតាមរដូវកាលស្រាប់ ស្អាតបានយូរ និងដើម្បីទាញប្រយោជន៍ច្រើនពីស្រូវនេះផង។

ក្រោយប្រមូលផលស្រូវរួច រដ្ឋបាលស្រុកនឹងរៀបចំដាំផ្កាម្ដង ដើម្បីផ្លាស់ប្ដូរទិដ្ឋភាពនៅសួនរង្វង់មូលខាងលើ ដែលការដាំផ្កាប្រើពេលខ្លះ និងស្របពេលដែលកម្ពុជាកំពុងត្រៀមបើកទេសចរឡើងវិញនៅចុងឆ្នាំនេះ៕









Tag:
 ឃឹម ហ្វីណង់
  បន្ទាយស្រី
  រង្វង់មូលបន្ទាយស្រី
© រក្សាសិទ្ធិដោយ thmeythmey.com