ជាតិ
សេដ្ឋកិច្ច
កម្ពុជា រំពឹងទាញវិនិយោគិនកូរ៉េ ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ចូលជាធរមាន
25, Oct 2021 , 9:30 am        
រូបភាព
លោក ប៉ែន សុវិជាតិ  អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម
ដោយ៖ វ៉ា សុភានុត
 

កម្ពុជារំពឹងថា នឹងអាចទាញអ្នកវិនិយោគិនកូរ៉េ និងអ្នកវិនិយោគិនដទៃទៀត បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េចូលជាធរមាន។ នេះបើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម។


 
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់អ្នកសារព័ត៌មានថ្មីៗថា កិច្ចព្រមព្រៀងនេះ ជួយឱ្យកម្ពុជាទទួលបានអត្ថប្រយោជន៍ច្រើនជាង កិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន-កូរ៉េ និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ផងដែរ។
 
លោកបន្តថា កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍតិចតួច  នឹងងាយស្រួលទទួលបានការអនុគ្រោះពន្ធ និងការធ្វើពាណិជ្ជកម្មសេរី ពីបណ្ដាប្រទេសធំៗដូចជា ចិន កូរ៉េ ជាដើម។ លោកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងចូលជាធរមាន នៅត្រឹមត្រីមាសទី១ ឆ្នាំ២០២២ខាងមុខ។
 
លោក សុវិជាតិ និយាយថា៖ «ដោយសារយើងមានទំនិញកសិផលច្រើន ហើយយើងមានទំនិញឧស្សាហកម្មខ្នាតតូច យើងមានទំនិញអាហារកែច្នៃ ជាវាយនភណ្ឌជាសំលៀកបំពាក់ ស្បែកជើង ហើយយើងក៏មានទំនិញបច្ចេកវិទ្យាខ្លះដែរ រថយន្ត គ្រឿងបន្លាស់ ខ្សែរភ្លើងរថយន្ត។ល។ ទាំងអស់នេះជាអត្ថប្រយោជន៍របស់យើងដែលយើងរំពឹងថា នឹងអាចនាំទៅកូរ៉េវិញ ដោយងាយស្រួលហើយក៏អាចទាក់ទាញនាក់វិនិយោគដ៍ទៃទៀត មកវិនិយោគក្នុងវិស័យទាំងអស់ហ្នឹង ដើម្បីនាំទៅទីផ្សារកូរ៉េដែរ ។ ក្រុមហ៊ុនដែលមកបណ្ដាក់ទុកខាងកូរ៉េ នឹងនាំមកបច្ចេកវិទ្យាថ្មីៗទៀត សម្រាប់ទីផ្សារបរិយាកាសវិនិយោគ និងឧស្សាហកម្មកម្ពុជាយើង»។
 
បើតាមអ្នកនាំពាក្យរូបនេះ រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយសេដ្ឋកិច្ចទេសចរណ៍ ក្នុងការជំរុញឱ្យប្រជាពលរដ្ឋចាប់យកបច្ចេកវិទ្យា និងការប្រើប្រាស់បញ្ញាសប្បនិមិ្មត[AI] ក្នុងការផលិត និងធ្វើពាណិជ្ជកម្ម ដែលនេះជាសក្ដានុពលមួយ ក្នុងការអូសទាញការវិនិយោគមកកម្ពុជាផងដែរ។
 
លោកបន្ថែមថា ច្បាប់វិនិយោគថ្មីរបស់កម្ពុជា ក៏បានលើកទឹកចិត្តឱ្យមានការវិនិយោគ ទៅលើការច្នៃប្រឌិត និងនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា ដែលជាផ្នែកមួយនាំឱ្យកម្ពុជារីកចម្រើនផ្នែកបច្ចេកវិទ្យា។ បើតាមអនុរដ្ឋលេខាធិការរូបនេះ ក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងហើយ ភាគីទាំងសងខាងត្រូវបំពេញនិតិវិធីផ្ទៃក្នុង ហើយធ្វើសេចក្ដីជូនដំណឹងគ្នាទៅវិញទៅមក រយៈពេលពីរខែទៀត ទើបកិច្ចព្រមព្រៀងនេះ ចូលជាធរមាន។
 
សូមជម្រាបថា ប្រទេសកម្ពុជា នាំទំនិញទៅកាន់កូរ៉េខាងត្បូង ភាគច្រើនគឺជាសម្លៀកបំពាក់ ស្បែកជើង និងកាបូប ជាដើម។ ចំណែកទំនិញនាំចូលពីប្រទេសកូរ៉េខាងត្បូងវិញ ដូចជាភេសជ្ជៈ គ្រឿងអេឡិចត្រូនិក ឱសថ និងរថយន្តដឹកទំនិញ។
 



Tag:
 ពាណិជ្ជកម្មទីផ្សារសេរី
  កូរ៉េ
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com