ព័ត៍មានសុខភាព
អន្តរជាតិ
ការសិក្សា៖ ទទួលទានអាហារផលិតពីទឹកដោះសត្វជួយកាត់បន្ថយហានិភ័យជំងឺបេះដូង
25, Oct 2021 , 9:59 am        
រូបភាព
 
អ្នកទទួលទានអាហារផលិតចេញពីទឹកដោះសត្វច្រើន នឹងជួយកាត់បន្ថយហានិភ័យជំងឺសរសៃឈាមបេះដូង ដែលរួមមានទាំងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលជាដើម។ នេះបើតាមការសិក្សាមួយចុះផ្សាយលើទិនានុប្បវត្តិ PLOS Medicine។



ការសិក្សាមួយ ធ្វើឡើងនៅស៊ុយអែតដែលជាប្រទេសផលិត និងប្រើប្រាស់ផលិតផលទឹកដោះសត្វច្រើនជាងគេក្នុងពិភពលោក បានបង្ហាញថា ការទទួលទានអាហារផលិតចេញពីទឹកដោះសត្វច្រើន នឹងជួយកាត់បន្ថយហានិភ័យជំងឺសរសៃឈាមបេះដូង។

«យើងបានរកឃើញថាអ្នកទទួលទានអាហារផលិតចេញពីទឹកដោះសត្វច្រើនមានហានិភ័យកើតជំងឺសរសៃឈាមបេះដូងទាបបំផុត»។ លោក Matti Marklund អ្នកនិពន្ធជាន់ខ្ពស់នៃ ការស្រាវជ្រាវបានលើកឡើងបែបនេះ ដោយបន្ថែមថា លោកក៏ត្រូវការការសិក្សាបន្ថែមទៀតដែរ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីទំនាក់ទំនងរវាងអាហារផលិតពីទឹកដោះសត្វ និងសុខភាពមនុស្ស។

អំណះអំណាងនេះផ្អែកលើការសិក្សាពីអ្នកចូលរួមចំនួន ៤១៥០នាក់ ដោយវាស់កម្រិតឈាម និងតាមដានសុខភាពរយៈពេល១៦ឆ្នាំ ដើម្បីសង្កេតមើល ថាតើមានមនុស្សប៉ុន្មាននាក់មានជំងឺគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល និងករណីធ្ងន់ធ្ងរផ្សេងទៀតដែលអាចបណ្តាលឱ្យបាត់បង់ជីវិត។ បន្ទាប់មក ការសិក្សាក៏បានបន្តធ្វើនៅអាម៉េរិក ដាណឺម៉ាក និងអង់គ្លេសដែលមានអ្នកចូលរួមសរុបទាំងអស់ ជាង៤ម៉ឺននាក់។

លទ្ធផលនៃការសិក្សាបានបង្ហាញថា អ្នកដែលបានទទួលទានអាហារផលិតពីទឹកដោះសត្វ មានសន្ទស្សន៍ម៉ាសរាងកាយទាប មានរាងកាយសកម្មជាងមុន និងកាត់បន្ថយអត្រាកើតជំងឺទឹកនោមផ្អែមប្រភេទទី២។ លើសពីនេះ អ្នកជំនាញឃើញថាពួកគេក៏បានជ្រើសយករបបអាហារល្អចំពោះសុខភាពថែមទៀតដែលជាកត្តារួមផ្សំក្នុងការទប់ស្កាត់ហានិភ័យនៃជំងឺសរសៃឈាមបេះដូង។

អាហារដែលផលិតចេញពីទឹកដោះសត្វរួមមាន ឈីស ប័រ និងនំផ្សេងៗជាធម្មតាត្រូវបានគេគិតថាវាជាអាហារមិនល្អចំពោះសុខភាព។ ប៉ុន្តែតាមពិតវាក៏មានសារធាតុចិញ្ចឹមដែលជួយដល់សុខភាពដែរ គ្រាន់តែអាហារផ្សេងទៀតដូចជាបន្លែ ផ្លែឈើ និងពពួកសាច់ត្រីផ្សេងៗមានអត្ថប្រយោជន៍ចំពោះសុខភាពច្រើនជាងអាហារផលិតពីទឹកដោះសត្វទាំងនេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com