ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋសភា អនុម័តលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ កំណត់«សញ្ជាតិតែមួយ» របស់មេដឹកនាំជាតិកំពូល
25, Oct 2021 , 10:39 am        
រូបភាព
ភ្នំពេញ៖ រដ្ឋសភា សម្រេចអនុម័តលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់សញ្ជាតិតែមួយរបស់មេដឹកនាំជាតិកំពូល នាសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាព សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា។ ការសម្រេចនេះ ត្រូវបានគាំទ្រជាឯកច្ឆ័ន្ទក្រោមសំឡេង ១១១។

 
មាត្រា ដែលត្រូវធ្វើវិសោធនកម្មនោះរួមមាន មាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ ការធ្វើវិសោធនកម្មនេះ គឺកំណត់ឱ្យមេដឹកនាំកំពូលនៅស្ថាប័នជាតិ៤ មានសញ្ជាតិតែមួយ ក្នុងនោះ មានប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តី។
 
ក្នុងកិច្ចពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់នេះ លោក សេរី កុសល តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ 
បានលើកឡើងថា ការធ្វើវិសោធនកម្មគឺត្រឹមត្រូវ និងស្របតាមកាលៈទេសៈ។ «គេនិយាយតែកិច្ចព្រមព្រៀងទីក្រុងប៉ារីស គេឲ្យយើងបំភ្លេចចោលនូវរដ្ឋធម្មនុញ្ញរបស់យើង ដែលកើតឡើងចេញពីញើសឈាមនៃខ្មែរទាំងអស់នៅពេលនោះ។ ហើយអ្វីដែលសំខាន់ទៀតនោះ ចំពោះខ្ញុំ  ចេតនារបស់ពួកគេមិនមែនត្រឹមតែចង់ឲ្យយើងបំភ្លេចទេ គឺឈានចង់ទៅធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញទៅទៀត{…}តាមប្រព័ន្ធឃោសនារបស់គេ គេបានលើកឡើងថា គេត្រូវការសាធារណរដ្ឋ»។ នេះបើតាមការលើកឡើងរបស់លោក សេរី កុសល ក្នុងសម័យប្រជុំរដ្ឋសភាពេញអង្គ ដោយលោកគាំទ្រគំនិតផ្ដួតផ្ដើមរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា។ 
 
លោក ទី សុគន្ធ តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល បានលើកឡើងថា សេចក្ដីព្រាងច្បាប់នេះ នឹងជួយលើកគុណតម្លៃជាតិ និងមានភាពជាម្ចាស់នៃឯករាជ្យជាតិ។ ជាមួយគ្នាដែរ លោកក៏មើលឃើញថា សេចក្តីព្រាងច្បាប់នេះ ក៏ឆ្លើយតបទៅក្រុមនយោបាយប្រឆាំងមួយចំនួន ដែលតែងតែព្យាយាមធ្វើទុកបុកម្នេញមកលើរដ្ឋាភិបាល៕
 

Tag:
 វិសោធនកម្ម
  រដ្ឋធម្មនុញ្ញ
© រក្សាសិទ្ធិដោយ thmeythmey.com