ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ានី សួរថា ហេតុអ្វីគេមិនអាចលះបង់សញ្ជាតិផ្សេងដើម្បីបម្រើប្រជាជនខ្លួនឯង?
25, Oct 2021 , 10:45 am        
រូបភាព
នៅព្រឹកនេះរដ្ឋសភាបានអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ធម្មនុញ្ញ និងធម្មនុញ្ញបន្ថែមដែលកំណត់ឱ្យប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី មានសញ្ជាតិខ្មែរតែមួយ។ លោក ហ៊ុន ម៉ានី មិនមានវត្តមាននៅក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភានោះទេ តែបានបញ្ចេញសារអធិប្បាយលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ដោយតាំងសំណួរទៅក្រុមអ្នកមិនគាំទ្រការកំណត់សញ្ជាតិតែមួយសម្រាប់មេដឹកនាំស្ថាប័នកំពូលរបស់ជាតិ។



តើពាក្យថាបម្រើប្រទេសជាតិដោយឥតលក្ខខណ្ឌ និយាយបាន តែធ្វើមិនបាន ឬយ៉ាងណា? តើគេមិនអាចលះបង់សញ្ជាតិផ្សេង ដើម្បីបម្រើប្រជាជនខ្លួនឯងដោយឥតលក្ខខណ្ឌ ឬយ៉ាងណា?»។ សំណួរទាំងពីរនេះត្រូវបានលោក ហ៊ុន ម៉ានី សមាជិករដ្ឋសភាមណ្ឌលកំពង់ស្ពឺ ចោទឡើងនៅក្នុងការអធិប្បាយរបស់ខ្លួនទាក់ទងនឹងច្បាប់ស្ដីពីការកំណត់ឱ្យមានសញ្ជាតិតែមួយចំពោះប្រធានស្ថាប័នកំពូលទាំង៤របស់ប្រទេស។  នេះជាប្រតិកម្មលើកដំបូងរបស់លោក ហ៊ុន ម៉ានី ទៅលើសំណុំរឿងក្ដៅគគុក ដែលបានក្លាយជាប្រធានបទនៃការជជែក និងការបញ្ចេញមតិចម្រុះជាច្រើនថ្ងៃមកហើយ ចាប់តាំងពីរដ្ឋាភិបាលបានប្រកាសអំពីការសម្រេចចិត្តកំណត់ឱ្យមានសញ្ជាតិតែមួយចំពោះប្រធានស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងប្រមុខរដ្ឋាភិបាល។

នៅតាមបណ្ដាសារព័ត៌មាននានា គេឮមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាថ្លែងការពារសេចក្តីសម្រេចចិត្តរបស់ប្រមុខរដ្ឋាភិបាល ដោយបញ្ជាក់ថាការសម្រេចយ៉ាងនេះ នឹងបង្ហាញឱ្យកាន់តែច្បាស់ថែមទៀតអំពីភាពស្មោះស្ម័គ្របម្រើប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែសាធារណជនមួយចំនួន អ្នកតាមដានសង្គមនយោបាយ និងគណបក្សនយោបាយខ្លះទៀតផងបានអធិប្បាយជាអវិជ្ជមាន មិនគាំទ្រសេចក្តីសម្រេចរបស់រដ្ឋាភិបាលនេះឡើយ។ ក្រុមចុងក្រោយនេះ ហើយជាពិសេសក្រុមអ្នកនយោបាយនៃចលនាប្រឆាំងរដ្ឋាភិបាលតែម្តង ពួកគេបានធ្វើសេចក្ដីថ្លែងការណ៍ផ្សេងៗចោទប្រកាន់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាថា បានរឹតត្បឹតសិទ្ធិនយោបាយ។

បើមានការអត្ថាធិប្បាយបែបនេះមែន លោក ហ៊ុន ម៉ានី ដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាផងនោះ បង្ហាញអារម្មណ៍ងឿងឆ្ងល់បែបចំអកថា តើមានអ្នកចង់ការពារឱ្យប្រធានស្ថាប័នកំពូលទាំង៤មានសញ្ជាតិពីរ ដើម្បីអនុញ្ញាតឱ្យបរទេសអាចជះឥទ្ធិពលមនោគមន៍វិជ្ជារបស់ពួកគេមកលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា?

លោក ហ៊ុន ម៉ានី ពន្យល់ពន្យល់យ៉ាងដូច្នេះ៖«ការចែងក្នុងច្បាប់កំពូលរបស់ប្រទេសយើងឲ្យបានច្បាស់ដោយតម្រូវឲ្យតួនាទីកំពូលទាំង ៤ ដែលជាតួនាទីមានសិទ្ធិសម្រេចជោគវាសនា និងមាគ៌ាប្រទេសជាតិ ត្រូវមានសញ្ជាតិខ្មែរតែមួយ មានគោលដៅតែមួយគត់ គឺដើម្បីឱ្យពួកគេ ការដាក់ចិត្ត និងតាំងចិត្តបម្រើប្រទេស និងប្រជាជនខ្មែរដោយឥតលក្ខខណ្ឌ។ គឺការមិនអនុញ្ញាតឱ្យបរទេសណាមួយ យកគំនិត ឬផលប្រយោជន៍នយោបាយរបស់ប្រទេសផ្សេងមកជះឥទ្ធិពលទៅលើសិទ្ធិសម្រេចក្នុងតួនាទីទាំង៤នោះទេ។»។

គួររំឭកថា តាំងពីឆ្នាំ២០១៥ សម្តេច ហ៊ុន សែន ធ្លាប់បានប្រកាសពីបំណងវិសោធនកម្មច្បាប់ ដើម្បីឱ្យប្រធានស្ថាប័នជាតិមានសញ្ជាតិតែមួយ រួមទាំងប្រធានគណបក្សនយោបាយទៀតផង។ តែបំណងនោះពុំត្រូវបានអនុវត្តឡើយ។ ប៉ុន្តែទាក់ទងនឹងសញ្ជាតិខ្មែរតែមួយនេះ ការកំណត់នេះត្រូវបានអនុវត្តសម្រាប់ប្រធាននិងសមាជិកគណៈកមា្មធិការជាតិរៀបចំការបោះឆ្នោត។

គួរបញ្ជាក់ឡើងវិញថា ដើមចមនៃសេចក្តីសម្រេចចិត្តរបស់ប្រមុខរដ្ឋាភិបាលក្នុងការកំណត់សញ្ជាតិតែមួយចំពោះបេក្ខភាពប្រធានស្ថាប័នជាតិទាំងបួន បានកើតឡើងភ្លាមៗក្រោយពី លោក សម រង្ស៊ី បានផ្សាយបន្តនូវអត្ថបទព័ត៌មានដែលមិនត្រឹមត្រូវមួយរបស់ The Gardian ថាសម្តេច ហ៊ុន សែន ស្ថិតនៅក្នុងចំណោមមនុស្សមួយចំនួនដែលបានទិញសញ្ជាតិស៊ីបដែលជាប្រទេសកោះមួយនៅអឺរ៉ុប។ សម្តេច ហ៊ុន សែន ប្រកាសឱ្យរដ្ឋមន្ត្រីយុត្តិធម៌ធ្វើសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញភ្លាម ដើម្បីលាងជម្រះមន្ទិលសង្ស័យ និងច្រានចោលព័ត៌មាននេះ មុននឹងសារព័ត៌មានរបស់ប្រទេសអង់គ្លេសទទួលស្គាល់កំហុស និងកែតម្រូវថាខ្លួនបានផ្សាយព័ត៌មានខុស។

សម្រាប់លោក ហ៊ុន ម៉ានី គំនិតផ្ដួចផ្តើមនៃការកំណត់សញ្ជាតិតែមួយសម្រាប់មេដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិទាំង៤ នឹងបញ្ជាក់អំពីការដាក់ចិត្តដោយមិនរារែកក្នុងការបម្រើ ប្រជាជាតិរបស់មេដឹកនាំ ស្ថាប័នទាំងនោះ ហើយថា នេះក៏ជាអ្វីដែលគណបក្សប្រជាជនកម្ពុជារបស់លោកបានអនុវត្តតាំងពីការផ្តួលរំលំរបប ប៉ុល ពត មកហើយដែរ។

លោក ហ៊ុន ម៉ានី អះអាងថា៖«មិនថា កន្លងមក បច្ចុប្បន្ន និងតទៅអនាគត ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី ប្តេជ្ញាការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនិងប្រកាន់នយោបាយការបរទេស ឯករាជ្យ សន្តិសហវិជ្ជមាន ដែលអាចនិយាយមួយបែបទៀតថា ជាកិច្ចសហប្រតិបត្តិការផ្អែកលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក និងផ្អែកទៅលើនយោបាយ ឈ្នះ-ឈ្នះ សម្រាប់ប្រទេស និងប្រជាជនរៀងៗខ្លួន។»៕

© រក្សាសិទ្ធិដោយ thmeythmey.com