ជាតិ
ពលរដ្ឋខេត្តកំពង់ស្ពឺ កំពុងរងផលប៉ះពាល់ដោយសារទឹកតាមស្ទឹងព្រែកត្នោតឡើងខ្លាំង
25, Oct 2021 , 11:57 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ទឹកស្ទឹងព្រែកត្នោតឡើងយ៉ាងគំហុក ដោយបានជន់លិចផ្ទះប្រជាពលរដ្ឋនៅតាមបណ្ដាយស្ទឹង និងធ្វើឱ្យប៉ះពាល់ផលដំណាំស្រូវជាច្រើនហិកតា នៅថ្ងៃទី២៥ ខែតុលា ។


លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានថ្មីៗថា ទឹកស្ទឹងព្រែកត្នោតឡើងខ្លាំង ដែលបណ្ដាលឱ្យផ្ទះពលរដ្ឋ នៅតាមស្ទឹងទាំងសងខាងជន់លិច នៅតាមដីសណ្តស្ទឹងព្រែកត្នោត និងតាមដីទំនាប ក្នុងនោះរួមមាន ក្នុងក្រុងច្បារមន ទាំងផ្នែកខាងជើង និងផ្នែកខាងត្បូង។ ក្រៅពីនេះ ទីតាំងផ្សេងៗនៅជិតទីនោះដូចជា ស្រុកសំរោងទង មានឃុំរលាំងគ្រើល ឃុំរលាំងចក ក៏មានការលិចតិចតួចដែរ។
 
« មកដល់ពេលនេះ មិនទាន់មានប៉ះពាល់ដល់ជីវិតមនុស្ស និងសត្វទេ។ ចំពោះដំណាំស្រូវមានប៉ះពាល់ ព្រោះខែនេះជារដូវស្រូវចេញផ្លែ មានខ្លះឱនដាក់គ្រាប់ហើយ ខ្លះទៀតក៏កំពុងផើមដែរ ចឹងវាលិចនៅក្នុងទឹកនោះ តែទំហំប៉ុន្មាន យើងមិនទាន់អាចសរុបបានជាហិកតាទេ»។ នេះជាការបកស្រាយរបស់លោក វី សំណាង។


     រូបភាព មន្ទីរធនធានទឹក ខេត្តកំពង់ស្ពឺ
  
ទាក់ទងស្ថានភាពទឹកនៅក្នុងស្ទឹងព្រែកត្នោតពេលនេះ អភិបាលខេត្តកំពង់ស្ពឺមិនទាន់អាចសន្និដ្ឋានថា អាចស្រក ឬយ៉ាងណានៅឡើយ។ លោកបញ្ជាក់ដូច្នេះ៖ «ចំពោះស្ថានភាពទឹក យើងមើលទៅមិនដឹងថាវា ប្រុងស្រក ឬឡើងយ៉ាងម៉េចទេ។ យើងថាស្រកនៅពេលវាអត់ភ្លៀង តែបើវាប្រុងឡើងពេលមានមេឃភ្លៀង។ ថ្ងៃមុនថាស្រកតែមានទឹកភ្លៀង ទឹកឡើងវិញ ដូច្នេះហើយទើបយើងស្មានមិនត្រូវ»។ 
 
អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវឱ្យពលរដ្ឋនៅតាមបណ្ដាយខ្សែទឹក និងតាមសងខាងស្ទឹង សូមប្រុងប្រយ័ត្នគ្រោះថ្នាក់ ជាពិសេសចាស់ជរា​ ក្មេងៗ កុំប្រហែសចំពោះស្ថានភាពទឹកជំនន់នេះ។ ក្រៅពីមន្ទីរអង្គភាពជំនាញធនធានទឹកនិងឧតុនិយម ត្រូវតាមដានស្ថានភាពទឹកជាប់ជាប្រចាំ។ ដោយឡែកមន្ទីរកសិកម្ម ត្រូវខិតខំរកពូជស្រូវ និងពូជដំណាំ ដើម្បីត្រៀមទុកនៅពេលទឹកស្រក សម្រាប់ចែកជូនពលរដ្ឋបង្កបង្កើនផលឡើងវិញ៕ 

Tag:
 ទឹកជំនន់
  ព្រែកត្នោត
  កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com