ពីនេះ ពីនោះ
សត្វផ្សោតនៅអន្លង់ឈើទាល អាចបាត់បង់ទាំងស្រុង ក្រោយសល់តែ១ក្បាល នៅឆ្នាំ២០២១
26, Oct 2021 , 8:59 am        
រូបភាព
សត្វផ្សោតទន្លេមេគង្គ កាលពីឆ្នាំ២០១៤។ រូបភាពពីគេហទំព័រ WWF។
សត្វផ្សោតទន្លេមេគង្គ កាលពីឆ្នាំ២០១៤។ រូបភាពពីគេហទំព័រ WWF។
សត្វផ្សោតអន្លង់ឈើទាល នៃអន្តរព្រំដែនកម្ពុជា-ឡាវ នឹងឈានទៅបាត់បង់នៅថ្ងៃខាងមុខ ដោយសារចំនួនសត្វផ្សោតក្នុងអន្លង់នេះ ធ្លាក់ចុះមកសល់តែ១ក្បាលប៉ុណ្ណោះ ក្នុងឆ្នាំ២០២១។ អ្នកជំនាញវិទ្យសាស្ត្រផ្នែកពពួកថនិកសត្វទឹក បញ្ជាក់ថា ការធ្លាក់ចុះចំនួនសត្វផ្សោតនេះ បណ្ដាលមកពី ការអភិវឌ្ឍទំនប់វារីអគ្គីសនី ការនេសាទហួសកំម្រិត និងការអនុវត្តវិធីសាស្រ្តនេសាទបែបបំផ្លាញ។

 
សត្វផ្សោតទន្លេមេគង្គ ត្រូវបានអ្នកវិទ្យាសាស្ត្រចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ(IUCN) ដែលជាប្រភេទសត្វជិតផុតពូជ។ សត្វផ្សោតទាំងនោះ រស់នៅតាមទីជម្រកសំខាន់ៗនៃទន្លេមេគង្គ ចាប់ពីទីរួមខេត្តក្រចេះ រហូតដល់ព្រំប្រទល់ប្រទេសឡាវ ប៉ែកខាងក្រោមនៃល្បាក់ខោន ដែលមានចម្ងាយ១៨០គីឡូម៉ែត្រ។
 
ផ្អែកលើការសិក្សាអង្កេត ចំនួនសត្វផ្សោតនៅអន្លង់ឈើទាល បានថយចុះ ពី៣ក្បាលក្នុងឆ្នាំ២០១៨ មកត្រឹម១ក្បាលក្នុងឆ្នាំ២០២១។ មូលហេតុចម្បងដែលធ្វើឱ្យចំនួនសត្វផ្សោត ក្នុងអន្លង់អន្តរព្រំដែនធ្លាក់ចុះជាបន្តបន្ទាប់ បណ្ដាលមកពីការស្លាប់ដោយជាប់មងនេសាទ ការអភិវឌ្ឍទំនប់វារីអគ្គីសនីនៅខ្សែទឹកបែកខាងលើមេគង្គ ដែលបង្ករការរាំងនូវលំហូរទឹកបែបធម្មជាតិ ការប្រើឧបករណ៍ឆក់ និងបណ្ដាលមកពីអាយុជាដើម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ រដ្ឋបាលជលផល អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ(IUCN) និង អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១។
 
ក្នុងសេចក្ដីប្រកាសដដែល លោកRandall Reeves ប្រធានក្រុមអ្នកជំនាញវិទ្យាសាស្រ្តផ្នែកពពួកថនិកសត្វទឹកនៃ អង្គការIUCN លើកឡើងថា៖ «សត្វផ្សោតនៃអន្លង់អន្តរព្រំដែនឡាវ-កម្ពុជានឹងឈានទៅបាត់បង់ហើយ ដោយសារវានៅសេសសល់ចំនួនតិចតួចណាស់ ហើយត្រូវបានអ្នកវិទ្យាសាស្រ្តដឹងថាវាបានរស់នៅដាច់ឆ្ងាយពីហ្វូងធំៗដទៃទៀត ដែលកំពុងរស់នៅក្នុងអន្លង់នៃខ្សែទឹកខាងក្រោមទន្លេមេគង្គក្នុងខេត្តក្រចេះ និងស្ទឹងត្រែង»។
 
ពាក់ព័ន្ធនឹងការថយចុះចំនួនសត្វផ្សោតក្នុងអន្តរអន្លង់នេះ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លើកឡើងថា ការធ្លាក់ចុះចំនួនសត្វផ្សោតក្នុងអន្លង់នេះ ជាសញ្ញាប្រកាសអាសន្នមួយដល់អនាគតនៃថនិកសត្វដ៏សំខាន់ប្រភេទនេះ។ ដ្បិតបច្ចុប្បន្នក្នុងអន្លង់នេះ នៅសល់តែមួយក្បាលក៏ដោយ ប៉ុន្តែរដ្ឋបាលជលផលនៅតែបន្តខិតខំការពារ និងពង្រឹងកិច្ចសហការជាមួយភាគីឡាវ ក្នុងការគ្រប់គ្រងធន​ធានជលផលនេះ។
ប្រធានរដ្ឋបាលជលផលរូបនេះ អះអាងដូច្នេះ៖ «រាល់ការអភិវឌ្ឍ ជាពិសេសការសាងសង់ទំនប់វារីអគ្គិសនី គួរធ្វើការសិក្សា និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ធនធានធម្មជាតិ និងសង្គម ឱ្យបានពេញលេញ មុននឹងធ្វើការសម្រេចចិត្តជាចុងក្រោយ»។
 
ជាមួយគ្នានេះ​ អ្នកស្រី Uzma Khan អ្នកសម្របសម្រួលកម្មវិធីអភិរក្សសត្វផ្សោតទន្លេ និងប្រព័ន្ធទន្លេប្រចាំតំបន់អាស៊ីនៃអង្គការ WWF ក៏បានអំពាវនាវដល់រដ្ឋាភិបាលឡាវ និងកម្ពុជា រួមសហការគ្នាដើម្បីបញ្ឈប់ការប្រើប្រាស់មង និងវិធីនេសាទខុសច្បាប់ដទៃៗទៀតទាំងនៅក្នុង និងជុំវិញអន្លង់អន្តរព្រំប្រទល់ និងរួមគ្នាបន្ទាន់ដើម្បីរៀបចំផែនការស្តារឡើងវិញនូវទីជម្រកដោយរក្សា និងធានាឱ្យបាននូវលំហូរទឹកជាធម្មជាតិ សម្រាប់ការរស់រានរបស់សត្វផ្សោត និង ត្រីមេពូជផ្សេងៗជាច្រើនប្រភេទទៀត៕

Tag:
 ThmeyThmey25
  បរិស្ថាន
  សត្វផ្សោត
© រក្សាសិទ្ធិដោយ thmeythmey.com